កំពុងជួបប្រទះអាការៈអស់កម្លាំងជាញឹកញយមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈនេះអាចបណ្ដាលមកពីមូលហេតុមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុមួយចំនួននៃបញ្ហាឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ៖
១. កង្វះជាតិទឹកក្នុងរាងកាយ
ទឹកដើរតួនាទីសំខាន់ណាស់ចំពោះសុខភាពរាងកាយ ហើយជួយរក្សាក៏ដូចជាបង្កើនកម្រិតថាមពល។ ប្រសិនបើអ្នកខ្សោះជាតិទឹកក្នុងរាងកាយនោះវានឹងបង្កផលប៉ះពាល់ដល់មុខងារបេះដូងនាំឱ្យអ្នកឆាប់ហត់។ ដូច្នេះដើម្បីជាការប្រសើរចូររក្សាជាតិទឹកឱ្យបានច្រើនគ្រប់គ្រាន់ក្នុងរាងកាយ។
២. រំលងមិនទទួលទានអាហារពេលព្រឹក
អាហារពេលព្រឹក គឺសំខាន់ជាងគេក្នុងចំណោមអាហារទាំងបីពេលក្នុងមួយថ្ងៃ ជាពិសេសសម្រាប់អ្នកដែលចង់ស្រកទម្ងន់។ ពិតណាស់អាហារពេលព្រឹក គឺចាំបាច់សម្រាប់អ្នកដែលត្រូវការថាមពលពេញលេញបានពេញមួយថ្ងៃ។ ដូច្នេះដើម្បីជាការប្រសើរចូរកុំរំលងអាហារពេលព្រឹកនិងជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវដែលមានផ្ទុកកាបូអ៊ីដ្រាតសុខភាពល្អ ប្រូតេអ៊ីន និងជាតិខ្លាញ់ល្អ។
៣. ទទួលទានស្ករច្រើនពេក
បើទោះជាអាហារផ្អែមជួយអោយឆាប់មានថាមពលក៏ពិតមែន ក៏ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាពេលខ្លះការទទួលទានស្ករច្រើនក៏អាចធ្វើអោយអស់កម្លាំងដែរ? នោះក៏ព្រោះតែថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។
៤. មិនធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
លំហាត់ប្រាណជួយសម្រួលចរន្តឈាមហូរ និងល្អសម្រាប់សុខភាពសសៃឈាមបេះដូង។ ការគិតតែពីគេងមិនបានផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែមដូចបានគិតទុកឡើយ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរនិងរត់ត្រឹកៗយ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍បែរជាជួយបង្កើនកម្លាំងថាមពលគួរឱ្យកត់សម្គាល់។
៥. គេងមិនបានគ្រប់គ្រាន់
ការគេងមិនគ្រប់ក៏អាចធ្វើអោយអ្នកអស់កម្លាំងខុសពីធម្មតាផងដែរ! នោះក៏ព្រោះតែការគេង គឺជាពេលដែលអ្នកផ្ដល់អោយរាងកាយនូវពេលសម្រាកស្ដារថាមពលពេញលេញមកវិញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរគេងអោយបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។
៦. កង្វះជាតិដែកក្នុងរាងកាយ
រាល់កោសិការាងកាយត្រូវការទទួលបានអុកស៊ីហ្សែនគ្រប់គ្រាប់ដើម្បីបំពេញមុខងារភារកិច្ច។ ត្រង់ចំណុចនេះសារធាតុចិញ្ចឹមចាំបាច់បំផុតមួយដែលរាងកាយត្រូវការ គឺជាតិដែក។ កង្វះជាតិដែកផ្ដល់បញ្ហាសុខភាពជាច្រើន រួមទាំងភាពអស់កម្លាំងឆាប់ហត់ ពិបាកផ្ដោតអារម្មណ៍ និងសូម្បីតែភាពអំណត់ស៊ូទ្រាំ។ ប្រសិនបើអ្នកមិនចង់ឱ្យបញ្ហាទាំងនេះកើតឡើងទេ ចូរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក។
៧. កង្វះប្រូតេអ៊ីនក្នុងអាហារប្រចាំថ្ងៃ
អ្នកដែលប្រឈមមុខនឹងបញ្ហាអស់កម្លាំងជាប្រចាំចូរព្យាយាមបង្កើនការទទួលទានអាហារសម្បូរប្រូតេអ៊ីនគុណភាពខ្ពស់។ នេះក៏ព្រោះតែប្រូតេអ៊ីនគឺចាំបាច់ណាស់ក្នុងការបង្កើនកម្រិតនៃថាមពលដោយវាជួយដល់ការលូតលាស់នៃសាច់ដុំគ្មានខ្លាញ់ដែលធ្វើឱ្យអ្នកកាន់តែរឹងមាំ ហើយជាពិសេសនោះរាងកាយបំលែងប្រូតេអ៊ីនទៅជាថាមពលបម្រុងផងដែរ។
៨. ការមិនទទួលទានអាហារមានផ្ទុកជាតិអាស៊ីតខ្លាញ់សុខភាពល្អ
អាស៊ីតខ្លាញ់សុខភាពល្អដូចជាអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានផ្ទុកក្នុងត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះបេះដូងនិងខួរក្បាល។ វាជាការសំខាន់ក្នុងការរក្សាឱ្យបាននូវសុខភាពបេះដូងនិងខួរក្បាលប្រសើរដើម្បីអាចផ្គត់ផ្គង់ឱ្យរាងកាយនូវឈាមដែលមានផ្ទុកអុកស៊ីសែននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ខណៈដែលរាងកាយត្រូវការអុកស៊ីសែននិងសារធាតុចិញ្ចឹមដើម្បីដំណើរការមុខងារត្រឹមត្រូវ ហើយអាចជួយទប់ស្កាត់និងដោះស្រាយបញ្ហាអស់កម្លាំងគួរឱ្យកត់សម្គាល់។
៩. កង្វះវីតាមីន B12 ក្នុងរបបអាហារប្រចាំថ្ងៃ
វីតាមីន B12 ក៏សំខាន់ណាស់ដែរសម្រាប់ផលិតកោសិកាគ្រាប់ឈាមក្រហម ខណៈដែលមួយក្នុងចំណោមវិធីដ៏ងាយដើម្បីកម្ចាត់អាការៈអស់កម្លាំង គឺការផ្គត់ផ្គង់ជាតិដែកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ។ វីតាមីន B12 ក៏ជួយបំលែងកាបូអ៊ីដ្រាតទៅជាថាមពលសម្រាប់រាងកាយផងដែរ៕