បញ្ហាស្នាមអាចម៍រុយលើស្បែកភាគច្រើនបណ្ដាលមកពីកត្តាតំណពូជ និងការប៉ះពាល់ត្រូវពន្លឺព្រះអាទិត្យញឹកញាប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាស្នាមអាចម៍រុយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាស្នាមអាចម៍រុយ ៖ 

១. ទឹកដោះគោជូរនិងក្រែមទឹកដោះគោជូរ

លាងសម្អាតមុខរបស់អ្នកឱ្យស្អាតជាមុនសិន បន្ទាប់មកសឹមលាបទឹកដោះគោជូរពីលើ។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញ ៤ដងក្នុងមួយថ្ងៃ។ អ្នកអាចលាបក្រែមទឹកដោះគោជូរលើស្បែកដែលមានអាចម៍រុយ និងដុសដោយថ្នមៗទើបស្បែកអាចស្រូបយកក្រែមទឹកដោះគោបាន។ បន្ទាប់មករងចាំរហូតដល់គ្រីមស្ងួតរយៈពេលប្រហែល ៣០ នាទី សឹមជូតចេញ ហើយលាងសម្អាតជាមួយទឹកត្រជាក់។

២. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចឆ្មារស្រស់លើស្នាមអាចម៍រុយ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាការស្រេច។ បន្តអនុវត្តរូបមន្តនេះ ២ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់ស្នាមអាចម៍រុយរលាយបាត់។ 

៣. ល្ហុងទុំ

ជាដំបូងត្រូវកិនល្ហុងទុំអោយក្លាយជាល្បាយខាប់ៗសិន សឹមលាបវាទៅលើស្នាមអាចម៍រុយ រួចទុកចោលសម្រាប់រយៈពេល ១០ នាទី មុននឹងលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តរូបមន្តនេះម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេល ១ ខែ។

៤. ខ្ទឹមបារាំង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ទឹមបារាំងជាបន្ទះក្រាស់ៗ រួចយកមកដុសថ្នមៗលើស្នាមអាចម៍រុយជាការស្រេច។ អនុវត្តរូបមន្តនេះអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេល ១ ខែ ឬរហូតដល់ស្នាមអាចម៍រុយរលាយបាត់។

៥. ប៉េងប៉ោះ

អ្វីដែលអ្នកត្រូវធ្វើ គឺលាងប៉េងបោះអោយស្អាតជាមុនសិន សឹមកិនវាអោយក្លាយជាម៉ដ្ឋខាប់ៗរួចចាប់ផ្ដើមលាបលើស្នាមអាចម៍រុយ។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។

៦. រមៀត

ដំបូងត្រូវលាយម្ស៉ៅរមៀតជាមួយទឹកធម្មតារហូតដល់ក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយលើស្នាមអាចម៍រុយ រួចទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៧. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំជាមួយអំបិល ឬស្ករដើម្បីបង្កើតជាល្បាយស្ក្រាប់មួយ។ បន្ទាប់មកលាបដុសស្ក្រាប់ថ្នមៗលើស្បែកដែលមានបញ្ហាជាការស្រេច។

៨. យ៉ាអួរ

លាបយ៉ាអួរផ្ទាល់លើស្បែកនិងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ។

៩. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែកដែលមានបញ្ហានិងរងចាំសម្រាប់រយៈពេល ១៥នាទី និងលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញជាប្រចាំសម្រាប់លទ្ធផលកាន់តែប្រសើរ។

១០. ជីអង្កាមនិងចេកទុំ

កិនគ្រឿងផ្សំទាំងពីរឱ្យសព្វម៉ដ្ឋចូលគ្នានិងលាបលើស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ៨ ទៅ ១២ នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញឱ្យបាន ៣ដងក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង