Join with Health.com.kh on Telegram

នារី​សម័យ​ឥលូវ ហេតុ​អ្វី​ចូល​ចិត្ត​ប្រើ​ពាក្យ “​បាទ​!” ? នេះ​ជា​សំណួរ​របស់ ស៊ី​ថា និស្សិត​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​។ យុវជន​រូប​នេះ​បាន​លើក​ជា​ច​ម្ង​ល់​ទៀត​ថា តើ​មាន​អាថ៌​កំបាំង នៅ​ពីក្រោយ​ការ​ប្រើ​ពាក្យ​នេះ​មែនដែរ​ឬទេ? ចង់​ដឹង​សូម​ស្ដាប់​សម្ដី​របស់​យុវវ័យ​ដូច​ខាងក្រោម​៖

លោក ជីវ៉ា បាន​ប្រាប់​ថា លោក​មិនដឹង​ត្រូវ​និយាយ​ដូច​ម្ដេច​ទេ ប៉ុន្តែ យុវជន​រូប​នេះ​ថា មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​មិត្ត​ស្រី​របស់​លោក ក៏​និយាយ​ពាក្យ​នេះ​ដែរ​។ លោក​ថា ៖ “​អត់​ទេ​!! មិត្ត​ស្រី​ខ្ញុំ ក៏​ឆ្លើយ​បាទ​! បាទ​! ដែរ​ហ្នឹង​”​។

ជានា​រី​ម្នាក់​ចូល​ចិត្ត​ឆ្លើយ “​បាទ​” ពេល​មិត្ត​ភ័ក្ដិ​ហៅ កញ្ញា សារី​ម បង្ហើប​ប្រាប់ Sabay ថា ការ​ប្រើ​ពាក្យ​នេះ មិនមែន​បាន​ន័យ​ថា កញ្ញា​ជា​ជា​មនុស្ស​ស្រលាញ់​មនុស្ស​ភេទ​ដូច​គ្នា ដែល​ភាសា​អង់គ្លេស​គេ​ថា “Lesbian”​។ តាម​ពិត​កញ្ញា​ប្រើ​ពាក្យ​នេះ ដើម្បី​តែ​លេងសើច​ប៉ុណ្ណោះ​។

និស្សិត​ផ្នែក​គណនេយ្យ នៃ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង​បញ្ជាក់​ថា ដោយសារ​នៅ​កន្លែងធ្វើការ គេ​ច្រើន​ហៅ​កញ្ញា​ថា Ah Boy! Ah Boy! ដូច្នេះ​កញ្ញា​ក៏​ជាប់មាត់​និយាយ “​បាទ​!” តែ​ម្ដង​។

“​ខ្ញុំ​ចូល​ចិត្ត​ស្លៀកពាក់​អាវយឺត ខោ​ខោ​វ​ប៊​យ គេ [​មិត្ត​ភ័ក្ដិ​] ក៏​ហៅ​អា​ប្រុស ខ្ញុំ​ក៏​ជាប់មាត់​ឆ្លើយ “​បាទ​!” ហើយ​ពេល​ខ្លះ ឆ្លើយ​បាទ​ជាមួយ​ម៉ែ​ដែរ​ហ្នឹង​។ អត់​ទេ​បង​! មិនមែន​ស្រលាញ់​ស្រី​ដូច​គ្នា​ទេ​”​។ សារី​ម បន្ថែម​។

“​វា​រឿង​គួរ​ឱ្យ​អស់សំណើច នៅ​ពេល​ខ្លះ​មាន​គេ​សួរ​ថា តើ​ខ្ញុំ​មាន​សង្សារ​ប្រុស​ឬ​ស្រី? ខ្ញុំ​ថា “​ប្រុស​” ហើយ​គេ​សួរ​ទៀត​ថា​ចុះ ហេតុ​អី​បានជា​និយាយ “​បាទ​” ទៅ​វិញ? ខ្ញុំ​ថា​ពាក្យ​បាទ​ឬ​ចាស មិន​អាច​និយាយ​ថា នារី​ណា​ម្នាក់​ស្រលាញ់​ភេទ​ដូច​គ្នា ឬ​ខុស​គ្នា​ឡើយ​”​។ នេះ​ជា​ការ​បញ្ជាក់​របស់​កញ្ញា កន្និដ្ឋា​។

អតីត​និស្សិត​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​វ័យ ២៣ ឆ្នាំ​រូប​នេះ រៀបរាប់​ថា កញ្ញា​ក៏​តែង​ប្រើ​ពាក្យ​បាទ​ញឹកញាប់​ដែរ ៖ “​ខ្ញុំ​ប្រើ​ញឹកញាប់ តែ​អត់​មាន​អារម្មណ៍​ស្រលាញ់​ស្រី​អី​ផង​”​។

កូន​អ្នក​ភ្នំពេញ​ដដែល​ប្រាប់​ទៀត​ថា មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា មិន​សំដៅលើ​ការ​និយាយ​ពាក្យ “​បាទ​” នោះ​ទេ ហើយ​ពេល​ខ្លះ​អ្នក​មិន​និយាយ​ពាក្យ​នេះ អាច​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​ថា​បាន​។

មិន​ខុស​ពី​យុវតី​ទាំង​ពីរ​ខាងលើ​ទេ សុជាតា បុគ្គលិក​ក្រុមហ៊ុន​សារព័ត៌មាន​មួយ ក៏​ប្រើ​ពាក្យ​នេះ​ញឹកញយ​ដែរ តែ​កញ្ញា​ថា ការ​ប្រើប្រាស់ គឺ​គ្រាន់តែ​លេងសើច និង​ឌឺ​ដាក់​ប្រុស​ៗ​ដែល​ចង់​ញ៉ែ​នាង​តែ​ប៉ុណ្ណោះ តាម​ពិត​កញ្ញា​គ្មាន​ចិត្ត​ស្រលាញ់​ស្រី​ទេ​។ សុជាតា បង្ហើប​ថា ៖ “​ចេះ​តែ​មាន​ហ្មង បើ​ស្រលាញ់​ស្រី​ខាត​បាត់ (​សើច​)”៕