Join with Health.com.kh on Telegram

ធម្មជាតិ​បង្កើត​មនុស្ស​មក​សុទ្ធតែ​មាន​គូគាប់​តាម​ភ័ព្វព្រេង​វាសនា គ្រាន់តែ​ពេល​ខ្លះ​មិន​ទាន់​ដល់​វេលា​ជួប​គ្នា​ប៉ុណ្ណោះ​។ អ្នកមាន​ស្នេហា​ហើយ ប្រាកដជា​រីករាយ​ជាមួយ​ជីវិត​ដ៏​មាន​ន័យ​របស់​ពួក​គេ ចុះ​ចំណែក​អ្នក​នៅ​ឯកា​វិញ មាន​អារម្មណ៍​យ៉ាងណា​ដែរ? ពេល​ខ្លះ​ប្រហែលជា​អាច​ធុញថប់​តប់ប្រមល់ ឬ​ច្រណែន​គេ​ដែល​បណ្ដើរ​គូស្នេហ៍​ត្រសង​កាត់មុខ​។ កុំ​គិត​ខ្វល់ខ្វាយ​ច្រើន​ពី​រឿង​អស់នេះ​អី សាកល្បង​មក​អនុវត្ត​តាម​វិធី​ងាយ​ៗ​ទាំង​៨ ខាងក្រោម លោក​អ្នក​នឹង​ទទួល​បាន​ភាព​រីករាយ បើ​ទោះជា​នៅ​ឯកា​គ្មាន​ស្នេហា​ដូច​គេ​ក៏​ដោយ​។

ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ នាំ​ឲ្យ​អ្នក​រីករាយ​តាម​បែប​ជីវិត​ឯកា​៖

១. ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ

មិន​ថា​ចំពោះ​នរណា សត្រូវ ឬ​មិត្ត អ្នក​ស្គាល់ ឬ​មិន​ស្គាល់ អ្នក​គួរ​ធ្វើ​ល្អ​ដាក់​គេ​ឲ្យ​បាន​ច្រើន នោះ​ជីវិត​របស់​អ្នក​នឹង​ស្រស់ថ្លា ព្រមទាំង​មាន​អារម្មណ៍​ថា​កក់ក្ដៅ បើ​ទោះជា​កំពុង​នៅ​ម្នាក់ឯង​ក្ដី​។ ជា​ទូទៅ ពេល​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ រួច​ឃើញ​គេ​ញញឹម នោះ​អ្នក​ក៏​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​ដូច​គ្នា​។

២. បង្កើន​មិត្តភាព

មិត្តភាព និង​ការ​ជួបជុំ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល និង​ស្នាមញញឹម​ពិត​ៗ​គ្រប់ពេលវេលា​។ ទោះ​មិន​មាន​ស្នេហា ក៏​អ្នក​គ្មាន​អារម្មណ៍​ថា​ឯកា ប្រសិនបើ​មាន​មិត្ត​ភ័ក្ដិ​ច្រើន ជជែក​គ្នា​លេង សាកសួរ​សុខទុក្ខ និង​ធ្វើ​អ្វី​ៗ​រួម​គ្នា​។ ដូចនេះ ត្រូវ​ព្យាយាម​បង្កើន​មិត្តភាព​ឲ្យ​បាន​ច្រើន និង​ចៀសវាង​ការ​ថ្នាំងថ្នាក់​ផ្សេង​ៗ ដែល​នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មិន​ស្រណុក​ក្នុង​ចិត្ត​។

៣. ធ្វើខ្លួន​ឲ្យ​រវល់​ជា​និច្ច

មិន​ត្រូវ​ទុក​ខ្លួន​ឲ្យ​ទំនេរ គិត​រឿង​អត់​ប្រយោជន៍ រហូត​បង្ក​ជា​ភាព​សោកសៅ​នោះ​ទេ​។ ត្រូវ​រក​ការងារ​ធ្វើ​ជាប់​ជា​និច្ច មិន​ថា​ការងារ​ផ្ទះ ការងារ​ដែល​ធ្វើ​ដើម្បី​ប្រាក់ខែ ឬ​កិច្ចការ​សាលា​នោះ​ទេ​។ ព្រោះ​ពេល​រវល់​ជាប់​រហូត អ្នក​នឹង​គ្មាន​ពេល​គិត​ច្រើន​ពី​រឿង​គូគាប់​ឡើយ ហើយ​ក៏​មិន​ចាត់​ទុក​ខ្លួន​ថា​ឯកា​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ការងារ​ទាំងនោះ​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ អ្នក​នឹង​មាន​ភាព​រីករាយ​ជាក់​ជា​មិន​ខាន​។

៤. សរសេរ

ពេល​អផ្សុក និង​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ឯកា អ្នក​អាច​សរសេរ​អ្វី​ក៏​បាន​តាម​ចិត្ត​ចង់ មិន​ថា​កំណត់ហេតុ​ប្រចាំ​ថ្ងៃ រឿង​ប្រលោមលោក​ទាក់ទង​ជីវិត​ផ្ទាល់ខ្លួន ឬ​កំណាព្យ​ជាដើម សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​ជីវិត​អ្នក​ទាំងអស់​។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​លន្លង់លន្លោច​ស្រមើស្រមៃ និង​រីករាយ​ទៅ​តាម​ទឹកដៃ​សរសេរ និង​ការ​នឹកឃើញ​នោះ​ផង​ដែរ​។

៥. ទិញ​កាដូ​ជូន​ខ្លួនឯង

ស្ដាប់​ទៅ​ហាក់ដូចជា​ចម្លែក​បន្តិច​មែន ប៉ុន្តែ​វា​ពិតជា​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ដែល​គ្មាន​គូ​ដូច​គេ​ផ្សេង​។ ទិវា​នៃ​ក្ដី​ស្រលាញ់ បុណ្យ​ណូអែល ឬ​ចូល​ឆ្នាំ អ្នកមាន​ស្នេហា ទិញ​កាដូ​ជូន​គូសង្សារ ចំណែក​អ្នក​ឯកា អាច​ទិញ​របស់​ផ្សេង​ៗ​សម្រាប់​ខ្លួនឯង​។ យ៉ាង​ហោច​ណាស់ អាច​ចូល​ទទួលទាន​អាហារ​ឆ្ងាញ់​ៗ​នៅ​ហាង​ថ្លៃ​ម្ដង ក៏​ចាត់​ទុក​ថា​ធ្វើ​ល្អ​ចំពោះ​ខ្លួនឯង និង​ធ្វើ​ឲ្យ​ជីវិត​រីករាយ​ដូច​គ្នា​។

៦. ចិញ្ចឹមសត្វ

សុនខ ឆ្មា ត្រី​៧​ពណ៌ ឬ​ត្រី​កន្ទុយ​បី សេក សារិកាកែវ​ជាដើម សុទ្ធតែ​អាច​ក្លាយជា​មិត្ត​ដ៏​ល្អ​របស់​អ្នក​។ បើ​ពេញចិត្ត​ប្រភេទ​សត្វ​ណា ក៏​ចិញ្ចឹមសត្វ​ប្រភេទ​នោះ​ទៅ ព្រោះ​វា​អាច​ជួយ​ឲ្យ​រសាយ​ទុក្ខ​កង្វល់ ឬ​យ៉ាង​ហោច​ណាស់ ពេល​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង​អ្នក​អាច​មើល​សត្វ​ទាំងនោះ និង​ចាប់ផ្ដើម​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជាមួយ​គ្នា​។

៧. មិន​ងើយ​លើ​តែ​ចេះ​មើល​ក្រោម

កុំ​ប្រៀបធៀប​អ្នក​ល្អ​ជាង​ខ្លួន កុំ​ច្រណែន​គេ​ដែល​មាន​គ្រប់យ៉ាង តែ​ត្រូវ​ពេញចិត្ត​អ្វី​ដែល​ខ្លួន​មាន និង​ចេះ​ប្រៀបធៀប​ជាមួយ​អ្នក​អន់​ជាង​ខ្លួន​។ ជីវិត​មនុស្ស មិន​អាច​មាន​អ្វី​គ្រប់យ៉ាង​តាម​ចិត្ត​ប្រាថ្នា​ចង់បាន​នោះ​ទេ ដូចនេះ​ហើយ​ត្រូវ​រីករាយ​ជាមួយ​អ្វី​ដែល​ខ្លួន​មាន​។ ពេល​ខ្លះ​អ្នក​អាច​អន់ចិត្ត​ពេល​គ្មាន​គូស្នេហ៍​ដូច​គេ ប៉ុន្តែ​សាក​ប្រៀបធៀប​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែល​គ្មាន​ឪពុក​ម្ដាយ​ទៅ​មើល តើ​គេ​ពិបាក​រស់នៅ​ប៉ុណ្ណា​។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​រីករាយ និង​ឈប់​ហ្មងសៅ​រឿង​នៅ​ម្នាក់ឯង ព្រោះ​អ្នកមាន​អ្វី​លើស​ពី​អ្នក​ដទៃ​ច្រើន​ណាស់​។

៨. ព្យាយាម​ស្វែងរក​ផល​ប៉ះពាល់​ពេល​មាន​គូ

ពេល​ខ្លះ​អ្នក​អាច​ច្រណែន​គេ​ដែល​មាន​គូ ឯ​ខ្លួន​វិញ​នៅ​ម្នាក់ឯង​គ្មាន​ស្នេហា​គួរ​ឲ្យ​កណ្ដោចកណ្ដែង ប៉ុន្តែ​សាក​គិត​រក​ចំណុច​ខុស​គ្នា​ឡើង​វិញ​។ មិន​ប្រាកដ​ថា​មាន​ដៃគូ អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​នោះ​ទេ ព្រោះ​ពេល​ខ្លះ ស្នេហា​នេះ​ហើយ​គួរ​ឲ្យ​ធុញទ្រាន់​ពិបាក​នឹង​រៀបរាប់​។ ត្រូវ​ចំណាយ​ពេលវេលា​ដើម្បី​មនុស្ស​ជាទី​ស្រលាញ់ ត្រូវ​កំដរគេ​ដើរ​លេង ហ៊ាន​ប្រហែស​និយាយ​ជាមួយ​អ្នក​ផ្សេង​តែ​បន្តិច ប្រាកដជា​អាក់អន់ស្រពន់ចិត្ត​ងងក់​ជា​មិន​ខាន​។ ដល់​ពេល​នោះ អ្នក​ត្រូវ​ចំណាយ​ខួរក្បាល​មួយ​ផ្នែក និង​ពេលវេលា​មួយ​ចំនួន​ដើម្បី​ទៅ​លួងលោម​គេ​ទាំង​ទើសទាល់​ចិត្ត​។ សរុប​មក គិត​ពី​ចំណុច​អាក្រក់​អស់ទាំង​នេះ​ឡើង​វិញ លោក​អ្នក​ប្រាកដជា​រីករាយ​ជាមួយ​ជីវិត​នៅ​ម្នាក់ឯង​ដ៏​មាន​ន័យ​របស់​អ្នក​ជាក់​ជា​មិន​ខាន​៕