នៅពេល Sabay សួរថា តើជឿថា មានខ្មោចដែរឬទេ? លោក ខុម ឌីណា បានប្រាប់ថា៖ “សម្រាប់បង បងគិតថាមាន”។ ចុះបើនិយាយពីក្រយៅខ្មោចលងវិញ តើបុរសរូបនេះ និងពលរដ្ឋខ្មែរផ្សេងទៀតជឿដែរអត់?
អ្នកភ្នំពេញ ឌីណា លើកឡើងថា រឿងក្រយៅខ្មោចលង លោកធ្លាប់ឮគេនិយាយតគ្នា ប៉ុន្តែមិនដឹងគេសម្គាល់លើអ្វីឱ្យប្រាកដឡើយ។ យ៉ាងណាមិញ រាសីធ្លាក់ចុះ ហើយត្រូវខ្មោចលង គឺលោកជឿ ព្រោះមិត្តភ័ក្ដិរបស់លោកម្នាក់ ធ្លាប់ជួបប្រទះករណីនេះ។
“ឮចាស់ៗនិយាយដែរ តែជាគ្មានអ្វីចំណាំឱ្យប្រាកដ បើគ្រូមន្តអាគមទៅ គេអាចដឹង។ បើអារឿងរាសីធ្លាក់ចុះ ត្រូវខ្មោចលងខ្ញុំជឿ ព្រោះអីមិត្តខ្ញុំម្នាក់ប្រាប់ថា វាធ្លាប់ខ្មោចលង។ ថ្ងៃមួយខ្ញុំ មិត្តភ័ក្ដិខ្ញុំថា ជួបខ្មោចហ្នឹង (អាប៊ី) និង គ្នាខ្ញុំ ៨ នាក់ទៀត ទៅលេងលើស្តាតអូឡាំពិក។ ម៉ោង ៧ កន្លះយប់ យើងមកផ្ទះវិញតាមច្រកផ្លូវទៅវត្តមហាមន្ត្រី ស្រាប់តែមានភ្លើងពណ៌សមួយរត់ជែងជើងពួកខ្ញុំ អ្នកឃើញមានតែខ្ញុំនឹងអាប៊ីទេ អ្នកផ្សេងអត់ឃើញ”។
បុរសសម្បុរខ្មៅស្រអែមរូបនេះបន្តថា ប៉ុន្មានខែក្រោយមក ស្រាប់តែមិត្តរបស់លោកឈ្មោះ ប៊ី ជិះម៉ូតូបុកគ្នា ហើយរ៉ឺម៉កកង់បី កិនអូសពីរបីម៉ែត្រ សន្លប់ប្រហែល ១៥ នាទី ដោយមុខ និងក្បាល ប្រឡាក់សុទ្ធតែឈាម។
និយាយទាំងព្រឺសម្បុរគីង្គក់ ឌី ថ្លែងឱ្យដឹងតាមសម្ដីរបស់មិត្តភ័ក្តិថា ៖ “ពេលនោះវាអត់ទៅពេទ្យទេ ព្រោះខ្លាចដេកពេទ្យ ត្រូវម៉ាក់វាដឹង វាក៏ចូលម៉ាតលុបមុខចេញ…ជិះកាត់ស្តុបកែងវត្តមហាមន្ត្រីពេលយប់ វាក៏ឃើញខ្មោចពរកូន មិនមែនមួយទេគឺច្រើនបក់ដៃហៅ។ ហ្នឹងហើយដល់ព្រឹកឡើង ទើបវាប្រាប់អ្នកផ្ទះ ម៉ាក់វាក៏ប្រាប់ថាឆ្នាំនេះ អាប៊ីអាយុ ២០ ឆ្នាំគត់ ជាឆ្នាំអត់ល្អ រាសីធ្លាក់ ហើយក៏បាចអង្ករ និង នាំវាស្រោចទឹកចេញរំដោះគ្រោះ”។
ប្រជ្រុយបាតជើង ជាប្រជ្រុយខ្មោចលង។ នេះបើតាមយុវជន សៅ វិបុល ឮគេដំណាលតគ្នា។ វិបុល ប្រាប់ថា៖ “ខ្ញុំអត់ដឹងច្បាស់ដែរ តែឮពូខ្ញុំប្រាប់ថា ឱ្យតែអ្នកណាប្រជ្រុយបាត់ជើង ដើរយប់ដឹងតែជួបខ្មោចហើយ”។
អតីតនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់ វិបុល បានរៀបរាប់ថា លោកមិនដែលជួបខ្មោចទេ ពេលចេញដើរថ្ងៃយប់ ប៉ុន្តែលោកថាមានពូសាច់ថ្លៃម្នាក់ ត្រូវគេឱ្យរហស្សនាមថា “អ្នកខ្លាចខ្មោចប្រចាំភូមិ”។
“បើប្រាប់ក៏មិនជឿដែរ! ពូខ្ញុំហ្នឹងអត់ហ៊ានចេញយប់តែឯងទេ ព្រោះគាត់ខ្លាចខ្មោច…ទៅភ្ជួរស្រែម៉ោង ៣ ម៉ោង ៤ ព្រឹកហ្នឹង ដឹងតែហៅកូនឱ្យទៅជាមួយហើយ តែបើតាមមើលគាត់ដូចជាមិនមែនក្រយៅខ្មោចលងទេ អាចមកពីអារម្មណ៍ច្រើនជាង។ បើយើងមានអារម្មណ៍ខ្លាច អារម្មណ៍យើងអត់នឹងទេ ភ្នែកក្រឡាប់ចាក់ គិតតែរឿងហ្នឹង”។ វិបុលបញ្ជាក់។
ព្រះតេជគុណ មាំ វិបុល គង់នៅវត្ត បទុម មានសង្ឃដីកាថា តេជគុណធ្លាប់ឮចាស់ៗនិទានតគ្នាដែរ ជុំវិញអប្បិយជំនឿខាងលើ៖ “បើតាមអាត្មាដឹង ពួកអមនុស្សមិនងាយបង្ហាញខ្លួនឱ្យឃើញទេ លុះត្រាតែអ្នកនោះមានកម្មណាមួយជាមួយនឹងគ្នា”។
ទោះមិនបានជួបប្រទះក្នុងព្រះធម៌ក្ដី ប៉ុន្តែព្រះតេជគុណមានសង្ឃដីកាថា បើរឿងខ្មោចព្រាយបិសាចពិតជាមានមែន គឺពួកអមនុស្ស [ខ្មោច ព្រាយបិសាច ដែលជាសាច់ញាតិ ឬអ្នកមានកម្មពារជាមួយយើង]។ ពេលពួកអមនុស្សបង្ហាញខ្លួនបានន័យថា ពួកគេស្រែកឃ្លាន និងចង់បានអ្វីពីអ្នកនោះឯង។
ដូច្នេះដើម្បីជួយពួកអមនុស្សទាំងនោះ អ្នកដែលបានឃើញត្រូវធ្វើបុណ្យឧទ្ទិសកុសល ជូនពួកគេ។ ព្រះតេជគុណមានសង្ឃដីកាបន្តថា ធ្វើបុណ្យមិនមែនធ្វើតែជាមួយព្រះសង្ឃទេ គឺក៏អាចធ្វើជាមួយអ្នកមានសីល និងគុណធម៌ ហើយឧទ្ទិសកុសលឱ្យទាំងអស់មិនថា ពពួកអមនុស្ស គ្រុឌ សត្វ ព្រៃប្រឹក្សា ឬទេវតាឡើយ។
“អ៊ីចឹងពេលចាស់ៗជិះឡានកាត់ព្រៃភ្នំ ពួកគាត់តែងឧទ្ទិសថា ឱ្យបានបុណ្យទាំងអស់គ្នា។ ធ្វើបែបនេះចំហាយគុណធម៌ នឹងបានទៅដល់ពួកគេ ហើយពួកគេនឹងអរគុណយើង…និយាយទៅពួកអមនុស្ស កម្របានទទួលអាហារឆ្ងាញ់ របស់ល្អណាស់ អ៊ីចឹងហើយទើបពួកគេស្រែកឃ្លាន និងបង្ហាញខ្លួន”។
តើអ្នកធ្លាប់ឮគេថា មនុស្សក្រយៅខ្មោចលងទេ?