Join with Health.com.kh on Telegram

ព្រោះតែ​ជំនឿ “​កូនប្រុស​ពៅ​ការ​ជាមួយ​កូនស្រី​ពៅ​រកស៊ី​អត់​ឡើង​” បាន​ធ្វើ​ឱ្យ​គូស្នេហ៍​វ័យក្មេង​មួយគូ ប្រឈម​នឹង​ឧបសគ្គ និង​មិនដឹង​ត្រូវ​គិត​យ៉ាងណា បើ​ម្ខាង​ជា​អ្នក​មានគុណ និង​ម្ខាង​ទៀត​ជា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​…​តើ​ពិតជា​មាន​ជំនឿ​នេះ​មែនឬ? តើ​អ្នក​ជឿ​ជំនឿ​នេះ​អត់?

ក្រោយ​ការ​បដិសេធន៍​របស់​ម្ដាយ​លើ​ជំនឿ​ខាងលើ នារី​មក​ពី​ខេត្ត​ត្បូងឃ្មុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប បាន​ត្រឹមតែ​នៅ​ស្ងៀម មិន​ហ៊ាន​ប្រកែក ដើម្បី​ទុក​ឱ្យ​ម្ដាយ​មើល និង ស្វែង​យល់​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់​។

នារី​សប្បុរស​ភ្នែក​តឹង​ខ្មែរ​កាត់​ចិន​ឱ្យ​ដឹង​ថា រូប​នាង និង​បុរស​នោះ បាន​ស្រលាញ់​គ្នា​យូរហើយ ហើយ​គ្រោង​នឹង​ឱ្យ​ចាស់ទំ​ដឹង​ឮ ប៉ុន្តែ​អបិយ​ជំនឿ “​កូនប្រុស​ពៅ​ការ​ជាមួយ​កូនស្រី​ពៅ​រកស៊ី​អត់​ឡើង​” បាន​ក្លាយជា​របាំង​រារាំង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​។

នាង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន Sabay ថា ៖ “​ទោះ​ខំ​ប្រាប់​គាត់ [​ម្ដាយ​] យ៉ាងណា​ក៏​គាត់​មិន​ព្រម ព្រោះ​អី​ខ្ញុំ​នឹង​គាត់​ជា​កូនពៅ ម៉ាក់​ប្រកាន់​ដាច់ខាត បើ​តាម​ចិន​គេ​ថា​អត់​ល្អ រកស៊ី​អត់​មាន​។ គាត់​មានចំណេះ​ដឹង​ខ្ពស់ មិន​ភ័យ​ថា​ថ្ងៃ​មុខ​ក្រ​ទេ​។ តើ​គួរ​ជឿ​ជំនឿ​នេះ​អត់​បង? ​ ម្យ៉ាង​បង [​មនុស្ស​ដែល​ប្រភព​ស្រលាញ់​] ជា​អ្នកស្រែ​កូន​ខ្មែរ​សុទ្ធ​ពេក ម៉ាក់​មិន​ចូល​ចិត្ត​។ យើង​ស្រលាញ់​គ្នា​ណាស់ តែ​គួរ​ធ្វើ​យ៉ាងម៉េច​បើ​ម៉ាក​ដាច់ខាត មិន​យល់ព្រម​អ៊ីចឹង​”​។

ប្រភព​ដដែល​បញ្ជាក់​ថា បើ​ទោះជា​យ៉ាងណា នាង​មិន​លែងដៃ​បុរស​រូប​នោះ​ឡើយ ដោយ​លើក​ឡើង​ថា នាង​មិន​ងាយ​រក​មនុស្ស​ល្អ​ដែល​ស្រលាញ់ និង​មិន​គិត​ពី​អតីតកាល​របស់​នាង​។

គ្រូ​ហោរា​ចិន​ប្រចាំ​ក្រុងភ្នំពេញ លោក កុក ឡុ​ង មាន​ប្រសាសន៍​ថា មិន​មាន​ទេ​ចំពោះ​ជំនឿ​ដែល​ថា «​កូនប្រុស​ពៅ​រៀប​ការ​នឹង​កូនស្រី​ពៅ​រកស៊ី​អត់​ឡើង​»​នេះ​ហើយ​បើ​រៀប​ការ​ជាមួយ​គ្នា​ក៏​មិន​មាន​អ្វី​ដែរ​កើតឡើង​ដែរ ប៉ុន្តែ​អ្វី​សំខាន់​ឪពុក​ម្ដាយ​ត្រូវ​មើល​លើ​ម៉ោង ថ្ងៃ ខែ ឆ្នាំ​កំណើត និង ធាតុ​ទាំង ៤ របស់​កូនប្រុស​កូនស្រី​។

លោកគ្រូ​បន្ថែម​ថា​៖ “​ជូត​និង​សេះ គោ​និង​ពពែ ខ្លា​និង​វក ថោះ​និង​រកា រោង​និង​ច ម្សាញ់​និង​ជ្រូក សុទ្ធតែ​ឡាក់​ឆុង​ហើយ ប៉ុន្តែ​ពេល​ឡាក់​ឆុង​ចឹ​ង​ចិន​គេ​មើល​ម៉ោង ថ្ងៃ ខែ ឆ្នាំ និង​ធាតុ​ទាំង​បួន​ទៀត​។ ធាតុមាស ចម្រើន​ទឹក ទឹក​ចម្រើន​ឈើ ឈើ​ចម្រើន​ភ្លើង ភ្លើង​ចម្រើន​មាស​។ ខ្មែរ​ឈើ​ហើយនឹង​ភ្លើង​ឆេះ​ខ្ទេច ចិន​ល្អ ខ្មែរ​ភ្លើង​ល្អ​ចិន​អាក្រក់​។ តែ​ក៏​មិន​ប្រាកដ​ដែរ អ្នកខ្លះ​ល្អ​លេខ​មួយ តែ​រហេមរហាម អ្នកខ្លះ​ឡាក់​ឆុង ធ្វើ​មហាសេដ្ឋី ឯកឧត្ដម​”​។

លោក​ថ្លែង​ថា គេ​មិន​អាច​អត្តនោម័តិ​ថា​រៀប​ការ​កើត​ឬ​មិនកើត​នោះ​ទេ គឺ​ទាល់តែ​គុណ​គូរ វិភាគ​លើ​ម៉ោង ថ្ងៃ ខែ ឆ្នាំ​កំណើត និង ធាតុ​ទាំង ៤ ទើប​អាច​វាយតម្លៃ​ដាក់​ពិន្ទុ​បាន​។ បើ​តាម​ក្បួន​ហោរា​ចិន បើ​អ្វី​ដែល​បាន​រៀបរាប់​លើ​ល្អ​ត្រឹម ៤០% គឺ​ចាត់​ទុក​ថា​មិនល្អ​៕