ជាធម្មតាទារកកើតមកគឺមានចរិតខុសៗគ្នាទោះពួកគេកើតក្នុងគ្រួសារតែមួយក៏ដោយ។ជាទួទៅដំណាក់កាលដែលទារកចាប់ផ្ដើមលូតលាស់និងរៀនយល់ដឹងអំពីសង្គមនៅជុំវិញខ្លួនគឺជាពេលវេលាមួយដែលពួកចាប់បានលឿនបំផុតនៅក្នុងមួយជីវិតរបស់ខ្លួន។ទារកគឺអាចរៀនពីអ្នកគ្រប់ពេលវេលា។អត្តចរិតកិរិយាមាយាទរបស់ទារកអាចវិវត្តទៅជាល្អឬអាក្រក់គឺអាស្រ័យទៅនឹងអ្នកដែលរស់នៅជុំវិញពួកគេ។ដូច្នេះដើម្បីឲ្យទារកធំឡើងក្លាយជាបុគ្គលល្អម្នាក់អ្នកគួរយល់ដឹងឲ្យបានច្បាស់អំពីរបៀបនៃការថែទាំទារកឲ្យបានខ្ជាប់ខ្ជួន។
- អ្នកត្រូវដឹងថាកូនរបស់អ្នកគឺត្រូវការឱ្យអ្នកចិញ្ចឹមពួកគេជួយសម្រាលទុក្ខលំបាករបស់ពួកគេផ្តល់ភាពកក់ក្ដៅនិងក្ដីស្រលាញ់ដល់ពួកគេ។នៅពេលអ្នកធ្វើបែបនេះកូនរបស់អ្នកនឹងមានអារម្មណ៍ស្និទ្ធស្នាលស្រលាញ់អ្នកនិងជឿទុកចិត្តទៅលើអ្នក។
- អ្នកគួរនិយាយលេងជាមួយកូននៅពេលដែលអ្នកប្តូរសម្លៀកបំពាក់ងូតទឹកឬបញ្ចុកចំណីអាហារឲ្យពួកគេ។
- អ្នកគួរបង្កើតជាពេលវេលាលេងសើចជាមួយកូនដែលពោរពេញទៅដោយភាពទន់ភ្លន់និងផ្អែមល្ហែម។
- អ្នកគួរឲ្យកូនរបស់អ្នកគេងនៅកន្លែងដែលស្ងប់ស្ងាត់នៅពេលដែលពួកគេមានអារម្មណ៍នឿយហត់។
- ច្រៀងបំពេរឲ្យទារកគេងដើម្បីឲ្យពួកគេទទួលបាននូវអារម្មណ៍សុភមង្គលពីអ្នកមានគុណ៕