ផូស្វ័រ គឺជាសារធាតុចិញ្ចឹមចាំបាច់បំផុតមួយក្នុងចំណោមសារធាតុចិញ្ចឹមផ្សេងៗដែលរាងកាយត្រូវការ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កង្វះសារធាតុចិញ្ចឹមនេះអាចបង្កផលប៉ះពាល់ស្មានមិនដល់ជាច្រើនចំពោះសុខភាពរាងកាយ។ ថាតើកង្វះសារធាតុផូស្វ័រនឹងបង្ហាញអាការៈអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកអាចជួបប្រទះនៅពេលរាងកាយខ្វះសារធាតុផូស្វ័រ ៖
១. បាត់បង់ចំណង់អាហារ
មានមូលហេតុច្រើនណាស់ដែលនាំឱ្យអាការៈបាត់បង់ចំណង់អាហារលេចឡើង ហើយមួយក្នុងចំណោមនោះ គឺកង្វះសារធាតុផូស្វ័រក្នុងរាងកាយ។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ គឺនៅពេលអ្នកលែងចង់ទទួលទានអាហារ នោះសារធាតុចិញ្ចឹមផ្សេងៗ ព្រមទាំងផូស្វ័រដែលមានក្នុងអាហារនឹងត្រូវបានកាត់បន្ថយការផ្គត់ផ្គង់ទៅក្នុងរាងកាយ។
២. អត្រា ឬចង្វាក់នៃការដកដង្ហើមមិនប្រក្រតី
អ្នកជំនាញនិយាយថាមនុស្សពេញវ័យដែលមានសុខភាពល្អដកដង្ហើមពី ១២ ទៅ ១៦ដងរាល់នាទី។ ទោះជាយ៉ាងណា អត្រាការដកដង្ហើមក្នុងមួយនាទីនៃមនុស្សម្នាក់ដែលមានបញ្ហាខ្វះសារធាតុផូស្វ័រក្នុងរាងកាយអាចទាបឬខ្ពស់ជាងធម្មតា។
៣. ចង្វាក់បេះដូងលោតមិនទៀង
ក្រៅពីបញ្ហាអាត្រានៃការដកដង្ហើម នោះចង្វាក់បេះដូងក៏ទទួលរងផលប៉ះពាល់ផងដែរនៅពេលរាងកាយខ្វះសារធាតុផូស្វ័រ។ នេះក៏ព្រោះតែផូស្វ័រចាំបាច់ណាស់សម្រាប់ការកន្ត្រាក់នៃសាច់ដុំពេញរាងកាយ ព្រមទាំងសាច់ដុំបេះដូង។ នេះហើយជាមូលហេតុដែលនាំឱ្យអ្នកដែលខ្វះសារធាតុផូស្វ័រក្នុងរាងកាយមានបញ្ហាចង្វាក់បេះដូងលោតខុសប្រក្រតី ឬមិនទៀង។
៤. បញ្ហាពាក់ព័ន្ធនឹងអារម្មណ៍
អ្នកដែលមិនទទួលបានសារធាតុផូស្វ័រគ្រប់គ្រាន់ក្នុងរាងកាយតាមរយៈរបបអាហារអាចនឹងជួបប្រទះបញ្ហាថប់បារម្ភ ព្រមទាំងឆាប់ខឹងមួរម៉ៅ។ បញ្ហាពាក់ព័ន្ធនឹងការចងចាំក៏អាចកើតឡើងផងដែរដោយសារការមានអារម្មណ៍ព្រួយបារម្ភ ឬឆាប់ខឹងមួរម៉ៅជាប្រចាំ។
៥. ស្ពឹកៗនិងមានអារម្មណ៍ឈឺឆៀបៗ
កង្វះសារធាតុផូស្វ័រក៏អាចបង្កអាការៈស្ពឹកៗនៅប្រអប់ដៃនិងជើងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែផូស្វ័រសំខាន់ណាស់សម្រាប់ដំណើរការមុខងារប្រព័ន្ធសសៃប្រសាទ។
៦. ខ្សោយកម្លាំងជាប្រចាំ
កង្វះសារធាតុផូស្វ័រក្នុងរាងកាយក៏អាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ហត់អស់កម្លាំងសឹងតែគ្រប់ពេលតែម្ដង។ នេះក៏ព្រោះតែផូស្វ័រ គឺសំខាន់សម្រាប់រាងកាយដើម្បីអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីក្រុមវីតាមីន B។ ទោះជាយ៉ាងណា អាការៈអស់កម្លាំងសឹងតែគ្រប់ពេលក៏អាចបណ្ដាលមកពីបញ្ហាសុខភាពផ្សេងៗទៀតដែលអាចធ្វើរោគវិនិច្ឆ័យបានដោយគ្រូពេទ្យ។
៧. ស្រកទម្ងន់ខុសប្រក្រតី
មិនមែនគ្រប់គ្នាសុទ្ធតែចង់ស្រកទម្ងន់ឡើយ! អ្នកដែលស្រកទម្ងន់ខុសប្រក្រតីអាចកំពុងតែជួបប្រទះបញ្ហាខ្វះសារធាតុផូស្វ័រក្នុងរាងកាយហើយ។ ទោះជាយ៉ាងណាវាក៏អាចបណ្ដាលមកពីបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗដែលអ្នកចាំបាច់គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៨. ឆ្អឹងផុយស្រួយ
កង្វះសារធាតុផូស្វ័រអាចបណ្ដាលឱ្យឆ្អឹងប្រែជាមានភាពខ្សោយមិនរឹងមាំនិងផុយស្រួយឆាប់បាក់។ កាល់ស្យូមគួបផ្សំជាមួយផូស្វ័រទើបកាន់តែធ្វើឱ្យឆ្អឹងរឹងមាំនិងមានសុខភាពល្អ។ ការសិក្សាស្រាវជ្រាវជាច្រើនក៏បានឱ្យដឹងថាអ្នកដែលខ្វះសារធាតុផូស្វ័រក្នុងរាងកាយ គឺងាយនឹងជួបប្រទះបញ្ហាឈឺចាប់និងរឹងសន្លាក់។
- អាហារមួយចំនួនដែលជាប្រភពដ៏ប្រសើរនៃសារធាតុផូស្វ័ររួមមាន
១. គ្រាប់ល្ពៅ
ការទទួលទានគ្រាប់ល្ពៅត្រឹម ២៨ ក្រាមអាចផ្ដល់ឱ្យរាងកាយនូវជាតិផូស្វ័រចាំបាច់ប្រចាំថ្ងៃដល់ទៅ ៣៥ ភាគរយឯណោះ។ ក្រៅពីសារធាតុផូស្វ័រហើយនោះ គ្រាប់ល្ពៅក៏ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែសំខាន់ៗ រួមបញ្ចូលទាំងប្រូតេអ៊ីន ជាតិដែក និងវីតាមីន E ផងដែរ។
២. ឈីស
ការទទួលទានឈីសជួយផ្ដល់ឱ្យរាងកាយនូវសារធាតុផូស្វ័រគ្រប់គ្រាន់។ ហើយឈីសក៏ជាប្រភពដ៏ល្អនៃជាតិរ៉ែ ប្រូតេអ៊ីន និងកាល់ស្យូមដែលរាងកាយត្រូវការចាំបាច់។
៣. ត្រី
ត្រីដែលជាប្រភពដ៏ប្រសើរនៃជាតិផូស្វ័រ គឺត្រីសម្បូរខ្លាញ់សាលម៉ុន។ ត្រឹម ៨៥ ក្រាមនៃត្រីសាលម៉ុនអាចផ្ដល់ឱ្យរាងកាយនូវសារធាតុផូស្វ័រដែលរាងកាយត្រូវការប្រចាំថ្ងៃដល់ទៅ ៣២ភាគរយ។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កាដែលល្អសម្រាប់សុខភាពសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់។
៤. គ្រាប់ធញ្ញជាតិ
ត្រឹម ២៨ ក្រាមនៃគ្រាប់ធញ្ញជាតិអាចផ្ដល់នូវសារធាតុផូស្វ័រដែលរាងកាយត្រូវការប្រចាំថ្ងៃដល់ទៅ ២០ ភាគរយឯណោះ។
៥. សាច់
ត្រឹម ៨៥ ក្រាមនៃសាច់ជ្រូកអាចផ្ដល់ឱ្យរាងកាយនូវសារធាតុផូស្វ័រចាំបាច់ប្រចាំថ្ងៃដល់ទៅ ២៦ ភាគរយ។ ចំណែកឯការទទួលទានសាច់គោ ៨៥ ក្រាមអាចផ្ដល់ឱ្យរាងកាយនូវសារធាតុផូស្វ័រចាំបាច់ ២៤ ភាគរយ។ ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់។
៦. សណ្ដែក
ក្រៅពីជាប្រភពដ័ល្អនៃប្រូតេអ៊ីនហើយនោះ សណ្ដែកក៏មានផ្ទុកសម្បូរទៅដោយជាតិផូស្វ័រដែលរាងកាយត្រូវការចាំបាច់ផងដែរ៕