អតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបង្កអាការៈគួរឱ្យកត់សម្គាល់ផ្សេងៗ ប៉ុន្តែភាគច្រើននៃពួកយើងមិនធ្លាប់ចាប់អារម្មណ៍។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយនឹងបង្កអាការៈអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh ឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយជួបប្រទះបញ្ហាអតុល្យភាពនៃអ័រម៉ូន ៖

១. ខ្លាញ់ក្បាលពោះកើនឡើង

ស្ត្រេស ឬភាពតានតឹងលើប្រព័ន្ធអង់ដូគ្រីនអាចទប់ស្កាត់រាងកាយពីការផលិតអ័រម៉ូនមួយចំនួន ខណៈពេលបង្កើនការផលិតអ័រម៉ូន cortisol។ នៅពេលបញ្ហានេះកើតឡើងនោះរាងកាយចាប់ផ្ដើមរក្សាទុកជាតិខ្លាញ់ក្នុងរាងកាយ ជាពិសេសត្រង់ផ្នែកកណ្ដាល ឬក្បាលពោះតែម្ដងដែលនាំឱ្យអ្នកកើនទម្ងន់។

២. បញ្ហាពាក់ព័ន្ធនឹងការគេង

ស្ត្រីភាគច្រើនជួបប្រទះបញ្ហាអតុល្យភាពនៃអ័រម៉ូន គឺតែងពិបាកក្នុងការគេងលក់ ជាពិសេសនៅមុនពេលមករដូវ។ មូលហេតុចម្បងបំផុតមួយនោះ គឺដោយសារកម្រិតនៃអ័រម៉ូន progesterone ធ្លាក់ចុះខ្លាំងមុនពេលមករដូវ ឬសូម្បីតែក្រោយពេលសម្រាលកូន។ ជាធម្មតាអ័រម៉ូន progesterone ជួយផ្ដល់ភាពធូរស្បើយដល់អារម្មណ៍របស់ពួកយើង ដូច្នេះនៅពេលកម្រិតនៃអ័រម៉ូននេះថយចុះ អ្នកនឹងមានអារម្មណ៍មួរម៉ៅ ព្រមទាំងពិបាកគេងលក់ ឬគេងលក់បានស្កប់។

៣. អស់កម្លាំងជាប្រចាំ

វាជារឿងធម្មតាទេដែលអ្នកមានអារម្មណ៍អស់កម្លាំងនៅថ្ងៃខ្លះ ជាពិសេសក្រោយពេលធ្វើការច្រើនពេក។ ប៉ុន្តែប្រសិនបើអាការៈនេះកើតឡើងជាប់ជានិច្ចសឹងរាល់ថ្ងៃ ហើយគួបផ្សំនឹងការកើនទម្ងន់ខុសប្រក្រតីទៀតនោះវាអាចមានន័យថាកម្រិតនៃអ័រម៉ូនទីរ៉ូអ៊ីតរបស់អ្នកកំពុងធ្លាក់ចុះខ្លាំង។ ជាលទ្ធផលបញ្ហានៃជំងឺក្រពេញទីរ៉ូអ៊ីត (hypothyroidism) នឹងកើតឡើង។ អ័រម៉ូនទីរ៉ូអ៊ីតក៏ទទួលខុសត្រូវក្នុងការគ្រប់គ្រងការដុតរំលាយអាហារក្នុងរាងកាយ ដូច្នេះនៅពេលដែលកម្រិតនៃអ័រម៉ូននេះត្រូវបានកាត់បន្ថយ អត្រានៃចង្វាក់បេះដូង មុខងារខួរក្បាល ព្រមទាំងការរំលាយអាហារត្រូវទទួលរងផលប៉ះពាល់។ ស្ថានភាពទាំងនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់អស់កម្លាំង បញ្ហាពាក់ព័ន្ធនឹងការចងចាំ និងទល់លាមក។

៤. ឡើងមុនលើស្បែក

ការឡើងមុនលើស្បែកក៏ជាអាការៈទូទៅបំផុតមួយនៃបញ្ហាអតុល្យភាពអ័រម៉ូនដោយមិនមែនកើតឡើងដោយសារតែការទទួលទានអាហារសម្បូរខ្លាញ់មិនល្អតែមួយមុខឡើយ។ ភាពប្រែប្រួលនៃអ័រម៉ូនអាចបង្កការផលិតជាតិខ្លាញ់ ឬប្រេងលើសលើស្បែកដែលអាចនាំឱ្យស្ទះរន្ធញើសលើស្បែកបង្កជារោគមុន។

៥. បញ្ហាពាក់ព័ន្ធនឹងការចងចាំ

ការធ្លាក់ចុះនៃអ័រម៉ូនទីរ៉ូអ៊ីត គឺមិនមែនជាមូលហេតុចម្បងតែមួយដែលបណ្ដាលឱ្យការចងចាំមានបញ្ហានោះទេ។ ការកើនឡើងនូវកម្រិតនៃអ័រម៉ូនស្ត្រេសក៏នឹងជះផលប៉ះពាល់ដល់ការចងចាំរបស់អ្នកគួរឱ្យកត់សម្គាល់ផងដែរ។ ការចងចាំជាធម្មតាទទួលរងផលប៉ះពាល់តាមការកើនឡើងនូវវ័យរបស់ពួកយើងម្នាក់ៗ ប៉ុន្តែប្រសិនបើអ្នកនៅក្មេងសោះឆាប់ភ្លេច និងពិបាកចងចាំដែរនោះ ប្រហែលជាមានហានិភ័យដោយសារបញ្ហាអតុល្យភាពនៃអ័រម៉ូនហើយ។

៦. អារម្មណ៍ឆាប់ប្រែប្រួល

ការអស់រដូវជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ស្ត្រីដែលឈានចូលដល់វ័យអស់រដូវច្រើនតែជួបប្រទះបញ្ហាអារម្មណ៍ឆាប់ប្រែប្រួល។ ភាពប្រែប្រួលឆាប់រហ័សនៃអារម្មណ៍នេះក៏អាចបង្កជាបញ្ហានៃជំងឺបាក់ទឹកចិត្ត (Depression)។

៧. ស្ងួតទ្វារមាស

រោគសញ្ញាទូទៅបំផុតមួយទៀតនៃបញ្ហាអតុល្យភាពអ័រម៉ូនដែលផ្សារភ្ជាប់នឹងការអស់រដូវ គឺស្ងួតទ្វារមាស។ កំឡុងពេលអស់រដូវ កម្រិតនៃអ័រម៉ូន estrogen ត្រូវបានធ្លាក់ចុះបង្កភាពប្រែប្រួលលើជញ្ជាំងទ្វារមាស។ ជាលទ្ធផលនៃផលប៉ះពាល់លើចំណង់ផ្លូវភេទរបស់ស្ត្រី។

៨. ចំណង់ផ្លូវភេទធ្លាក់ចុះ

ភាពស្ងួតនៃទ្វារមាស គឺមិនមែនជាមូលហេតុតែមួយនៃបញ្ហាធ្លាក់ចុះនូវចំណង់ផ្លូវភេទឡើយ។ តើអ្នកធ្លាប់ដឹងទេថាការថយចុះនូវកម្រិតនៃអ័រម៉ូន estrogen ក៏ជះឥទ្ធិពលលើចំណង់ផ្លូវភេទផងដែរ?

៩. បញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ

អតុល្យភាពអ័រម៉ូនអាចបង្កបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហាររួមមានការហើមពោះ ឡើងហ្គាស រាគ និងទល់លាមកជាដើម។ បន្ថែមពីនេះវាក៏អាចធ្វើឱ្យអ្នកឃ្លានអាហារគ្មានសុខភាពល្អដែលសម្បូរខ្លាញ់ ឬជាតិស្ករខ្ពស់ខ្លាំងនាំឱ្យកើនទម្ងន់៕

១០. ជ្រុះសក់ខ្លាំង

ការជ្រុះសក់លើសលប់ គឺជារោគសញ្ញាទូទៅបំផុតមួយទៀតនៃបញ្ហាអតុល្យភាពនៃអ័រម៉ូន។ បើទោះបីជាអ្នកបានជ្រើសរើសប្រើប្រាស់សាប៊ូល្អនិងសាកសមប៉ុណ្ណាក៏មិនអាចជួយកាត់បន្ថយបរិមាណនៃសក់ដែលជ្រុះបាន នោះអ្នកគួរចាប់ផ្ដើមពិនិត្យលើកម្រិតនៃអ័រម៉ូនហើយ៕