ធ្លាប់ដឹងទេថារបបអាហារក៏អាចជួយបំបាត់ការឈឺចាប់បានដែរ? ជាញឹកញយនៅពេលមានអារម្មណ៍ឈឺចាប់ភាគច្រើននៃពួកយើង គឺតែងតែជ្រើសរើសយកថ្នាំបំបាត់ការឈឺចាប់មកដោះស្រាយបញ្ហា។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជះឥទ្ធិពលមិនល្អច្រើនចំពោះសុខភាពមិនដូចអាហារដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារធម្មតាៗ ប៉ុន្តែអាចបំបាត់ការឈឺចាប់បានយ៉ាងប្រសើរ ៖

១. ខ្ទឹមបារាំង

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម quercetin ដែលប្រយុទ្ធប្រឆាំងអង់ស៊ីមដែលបង្កការរលាកក្នុងរាងកាយ។ ខ្ទឹមបារាំងល្អណាស់សម្រាប់អ្នកដែលចង់កម្ចាត់ការរលាកក្នុងសន្លាក់។ អត្ថប្រយោជន៍ផ្សេងទៀតនៃសារធាតុ quercetin ដែលមានក្នុងខ្ទឹមបារាំង គឺបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ វាក៏ជួយបន្ថយហានិភ័យនៃជំងឺបេះដូង ព្រមទាំងពន្យឺតការវិវត្តនៃជំងឺមហារីកផងដែរ។

២. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយភាពឡើងរឹងនិងឈឺសន្លាក់បានយ៉ាងប្រសើរ។ ក្រៅពីមានផ្ទុកក្នុងត្រីសម្បូរខ្លាញ់ហើយនោះ អាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏មានក្នុងគ្រាប់ធញ្ញជាតិ អយស្ទ័រ និងគ្រាប់ជីជាដើមផងដែរ។ ដូច្នេះដើម្បីបំបាត់ការឈឺចាប់កុំភ្លេចទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣។

៣. ខ្ញី

ការរលាកជាប្រភពចម្បងមួយនៃបញ្ហាឈឺចាប់ ហើយខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុជួយបំបាត់ការឈឺចាប់រួមមានសមាសធាតុ zingerone សមាសធាតុ shogaols និងសមាសធាតុ paradols។

៤. រមៀត

រមៀតជួយបំបាត់ការឈឺចាប់ដោយសារការរលាក។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងអាការៈឈឺចាប់ ដោយសារតែការរលាកក្នុងរាងកាយ ចូរបន្ថែមរមៀតមួយចំនួនក្នុងអាហារ។ នោះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរអោយកត់សម្គាល់។

៥. ខ្ទឹមស

ក្រៅពីអាចប្រឆាំងការរលាកក្នុងរាងកាយ ខ្ទឹមសក៏មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងសារធាតុ sulfur ដែលកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ ហើយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

៦. ប្រេងអូលីវ

ប្រេងអូលីវមានប្រសិទ្ធភាពបំបាត់ការឈឺចាប់ដូចថ្នាំអាស្ពីរីននិង ibuprofen អញ្ចឹង! នេះក៏ព្រោះតែវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols។ ប្រេងអូលីវក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ oleocanthal ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកកាត់បន្ថយអាការៈឈឺចាប់គួរឱ្យកត់សម្គាល់ផងដែរ។

៧. ផ្លែចេក

ការទទួលទានចេកនឹងជួយបំបាត់អាការៈឈឺចាប់ពេលមករដូវ។ នោះក៏ព្រោះតែចេកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម និងវីតាមីន B6 ដែលជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវគួរអោយកត់សម្គាល់។

៨. អាហារសម្បូរវីតាមីន D

ចូររួមបញ្ចូលអាហារសម្បូរវីតាមីន D ក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែអាការៈឈឺចាប់រ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរឡើងបើខ្វះវីតាមីន D។ កង្វះវីតាមីន D ជះផលប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការស្រូបយក ក៏ដូចជាការផ្ដល់ជាតិកាល់ស្យូមដល់ជាលិកាឆ្អឹងដែលបណ្ដាលឱ្យកើតមានបញ្ហាឆ្អឹងផ្សេងៗ រួមបញ្ចូលទាំងអាការៈឈឺចាប់ និងសូម្បីតែជំងឺពុកឆ្អឹង។ បន្ថែមពីនេះវីតាមីន D មិនត្រឹមតែជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពសាច់ដុំផងដែរ។ កង្វះវីតាមីននេះអាចបង្កបញ្ហាឈឺចាប់ដុំធ្ងន់ធ្ងរ ខ្សោយសាច់ដុំ ម៉ាសសាច់ដុំថយចុះ។ កង្វះវីតាមីន D ថែមទាំងអាចបង្កអាការៈឈឺចាប់រ៉ាំរ់ៃពេញក្នុងរាងកាយទៀតផង។

៩. កាកាវ ឬសូកូឡាខ្មៅ

សូកូឡាខ្មៅអាចជួយបន្ថយការឈឺចាប់ដែលពាក់ព័ន្ធនឹងការរលាក ខណៈដែលកាកាវក្នុងសូកូឡាមានផ្ទុកសារធាតុ flavonols ដែលជាភ្នាក់ងារប្រឆាំងការរលាកដ៏មានឥទ្ធិពល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង