នៅពេលយើងនិយាយអំពីភាពសប្បាយរីករាយ ដែលអ្នកមានចំពោះជីវិតដ៏រ៉ូម៉ែនទិច តើស្នេហាបានធ្វើអ្វីខ្លះទៅចំពោះរឿងនេះ? បើគិតមើលទៅ វាដូចជាគ្មានអ្វីច្រើនដូចការដែលអ្នកគិតនោះទេ។ ពិតណាស់ បើយោងទៅតាមការសិក្សាស្រាវជ្រាវថ្មីមួយដែលបានចុះផ្សាយក្នុង Applied Research in Quality of Life បានអោយដឹងថា មានកត្តាជាច្រើនដែលអាចព្យាករណ៍ដឹងថា អ្នកកំពុងតែទទួលបានជីវិតស្នេហាពោរពេញដោយសុភមង្គល។
ការសិក្សានេះត្រូវបានធ្វើឡើងក្នុងតំបន់ Lisbon ប្រទេសព័រទុយហ្គាល់ ដែលមានការចូលរួមដោយបុរស និងស្ត្រីប្រមាណ ១.២៨៤ នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ ៩០ ឆ្នាំ (ជាមធ្យមគឺ ៣៨ ឆ្នាំ)។ អ្នកចូលរួមត្រូវបានគេបែងចែកជាបីក្រុម ៖ ក្រុមវ័យ ១៨ ទៅ ៣០ ឆ្នាំ ក្រុមវ័យ ៣១ ទៅ ៥៩ ឆ្នាំ និងក្រុមវ័យ ៦០ ទៅ ៩០ ឆ្នាំ។ បន្ទាប់មក ពួកគេទាំងអស់គ្នាត្រូវនិយាយរឿងមួយចំនួន ដើម្បីស្ទាបស្ទង់នឹងភាពសប្បាយរីករាយនៃជីវិតស្នេហាពួកគេ ព្រមទាំងរឿងរ៉ាវដែលទាក់ទងនឹងកត្តាផ្សេងៗជាច្រើនទៀត។ រឿងភាគច្រើនដែលព្យាករណ៍ទៅលើជីវិតស្នេហាដ៏សប្បាយរីករាយនោះ ទំនងជាអាចដឹងតាមរយៈការមាននូវក្តីស្រលាញ់ ការរៀបការ ការរស់នៅជាមួយគ្នា និងបទពិសោធន៍ខាងចំណង់ផ្លូវភេទសម្រាប់ដៃគូ។ ប៉ុន្តែ មានកត្តាមួយចំនួនតូចដែរ ដែលធ្វើអោយមនុស្សយើងភ្ញាក់ផ្អើលនឹងវានោះគឺ ៖
អាយុ
អាយុអ្នកអាចមានឥទ្ធិពលទៅលើសុភមង្គល។ មនុស្សវ័យកណ្តាលដែលមានអាយុចាប់ពី ៣១ ទៅ ៥៩ ឆ្នាំ គឺមានភាពសប្បាយរីករាយជាងមនុស្សវ័យចាប់ពី ៦០ ទៅ ៩០ ឆ្នាំ នៅពេលរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់។ យើងគិតថា ស្នេហា និងការរួមភេទ គួរតែជារឿងអស្ចារ្យជាប់រហូតដោយមិនខ្វល់អំពីអាយុប៉ុន្មាននោះទេ។
ជំនឿខាងសាសនា
ការសិក្សាបានរកឃើញថា ការចូលរួមខាងវិស័យសាសនាកាន់ខ្លាំង (ដៃគូទាំងពីរជឿលើសាសនា និងយកចិត្តទុកដាក់លើរឿងនេះជាទៀងទាត់) វានឹងក្លាយទៅជាអ្នកព្យាករណ៍លើសុភមង្គលនៃជីវិតស្នេហាកាន់តែល្អដែរ។
ជីវិតក្នុងសង្គមរស់នៅ
តាមការគិតមើលបានអោយដឹងថា កាលណាមនុស្សយើងខ្វះខាតទំនាក់ទំនងខាងរស់នៅក្នុងសង្គម វាអាចក្លាយទៅជាការរំខានដល់ជីវិតស្នេហាបាន។ ប៉ុន្តែ កាលណាដែលអ្នកទទួលបានពិន្ទុខ្ពស់ខាងទំនាក់ទំនងយ៉ាងល្អក្នុងសង្គមវិញ វានឹងមានទំនាក់ទំនងយ៉ាងល្អកើតមានក្នុងជីវិត ព្រមទាំងទទួលបានជីវិតរស់នៅបែបរ៉ូម៉ែនទិចយ៉ាងសប្បាយរីករាយជាងមុនទៀតផង៕