គេ​និយាយ​ថា អ្នក​នឹង​តែងតែ​ចង​ចាំ​នូវ​ស្នាម​ថើ​ម​ដំបូង​ជា​និច្ច ហើយ​ចាប់តាំងពី​ការ​ថើប គឺជា​សកម្មភាព​មនុស្ស​ដែល​មនុស្ស​ភាគច្រើន​ពេញចិត្ត​មក ចូរ​ស្រមៃ​ថា ការ​ថើប គឺជា​មធ្យោបាយ​មួយ​ប្រភេទ​ជួយ​អោយ​អ្នកមាន​សុខភាព​ល្អ​។ ចាប់តាំងពី​ការ​ពង្រឹង​ដល់​សុខភាព​ធ្មេញ រហូត​ដល់​រំលាយ​ជាតិ​ខ្លាញ់ វា​ក៏​មានរឿង​រីករាយ​ជា​ច្រើន​ទៀត​ដែល​បាន​មក​ពី​ការ​ថើប​។

មាន​ប្រយោជន៍​ដល់​សុខភាព​ធ្មេញ
តាម​ការ​ស្រាវជ្រាវ​បានអោយ​ដឹង​ថា ទឹកមាត់​ដែល​ផលិត​ចេញពី​ការ​ឧស្សាហ៍​ថើប​គ្នា អាច​មាន​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ធ្មេញ​។ ទឹកមាត់​អាច​ជួយ​បង្ការ និង​កាត់​បន្ថយ​ការ​កើតជា​កំណក​ជាប់​ធ្មេញ​។​ការ​ថើប អាច​ជួយ​អោយ​សន្សំ​ពេលវេលា​ក្នុង​ការ​ជួប​ជាមួយ​ពេទ្យធ្មេញ ព្រមទាំង​មិន​ចាំបាច់​ទៅ​អោយ​ពេទ្យ​ខាត់​ធ្មេញ​ទៀត​ដែរ​។

ជួយ​អោយ​អាយុ​វែង
អ្នក​ដែល​ចូល​ចិត្ត​ថើប​គ្នា ទំនងជា​មាន​អាយុ​វែង​ជាងគេ​។ ការ​ស្រាវជ្រាវ​បានអោយ​ដឹង​ថា ការ​ថើប​គ្នា​យ៉ាង​ពិសេស​ជា​រៀង​រាល់​ព្រឹក អាច​ជួយ​បន្ថែម​អាយុ​ដល់​ជីវិត​របស់​អ្នក​បាន​។ ស្នាម​ថើ​ម​នៅ​ពេល​ព្រឹក​ដ៏​ល្អ អាច​ជួយ​បន្ថែម​អាយុ​បាន​រហូត​ដល់ ៥ ឆ្នាំ​។

រំលាយ​ជាតិ​ខ្លាញ
រឿង​ដែល​ធម្មតា​មួយ​គឺថា ការ​ថើប​ថ្នម​ៗ​អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ពី ៦ ទៅ ១២ កាឡូរី​។ កាលណា​អ្នក​ធ្វើ​អោយ​ខ្លួនឯង​ចេញ​ចំហាយ​កាន់តែ​ច្រើន ការ​រំលាយ​ជាតិ​ខ្លាញ់​ក៏​កាន់តែ​ច្រើន​ដែរ​។ ចូរ​ស្រមៃ​ថា វា​នឹង​មានការ​រំលាយ​ជាតិ​ខ្លាញ់​រហូត​ដល់ ៣០០ កាឡូរី ខណៈ​ពេល​កំពុង​រួម​ភេទ​។

មាន​ផល​ល្អ​ចំពោះ​បេះដូង
ការ​ថើប គឺជា​សកម្មភាព​មួយ​ជួយ​ផលិត​អ័រម៉ូន Adrenaline​។ Adrenaline ធ្វើ​អោយ​បេះដូង​ច្របាច់​កាន់តែ​ខ្លាំង និង​បង្កើន​របត់​ឈាម​រត់​។ ឥទ្ធិពល​នៃ​ការ​ថើប​ដែល​មាន​ចំពោះ​បេះដូង គឺជា​រឿង​សំខាន់​ដូច​គ្នា​នឹង​ការ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​ដែរ ដូច​ជា​ការ​រត់ ឬ​ជិះ​កង់​។

បំបាត់​ស្ត្រេ​សបាន​មួយ​ចំនួន
ការ​ថើប​រយៈពេល​ខ្លី​មួយ​នឹង​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស ភាព​តានតឹង និង​ជា​អំណះអំណាង​មួយ​បញ្ជាក់​ថា អ្នក​ពិតជា​មាន​អារម្មណ៍​សុខ​ស្រួល​។ អ័រម៉ូន​ដែល​បញ្ចេញ​ដោយសារ​ស្ត្រេ​ស​ឈ្មោះ​ថា Cortical នឹង​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​មាន​តណ្ហា​ថើប​គ្នា​។ បើសិនជា​អ្នក​ជួប​បញ្ហា​ស្ត្រេ​ស​រយៈពេល​យូរ​ពេញ​មួយ​ថ្ងៃ​នៅ​កន្លែងធ្វើការ ឬ​កន្លែង​ណាមួយ​នោះ ចូរ​ប្រើ​ការ​ថើប ដើម្បី​បន្ធូរ​ភាព​តានតឹង​ទៅ​។

ធ្វើ​អោយ​អ្នក​មើលទៅ​កាន់តែ​ស្រស់​ស្អាត
ការ​ថើប គឺជា​ការ​ប្រើ​មុខ​ដើម្បី​ហាត់ប្រាណ​។ ការ​ថើប ទាមទារ​អោយ​មានការ​ប្រើប្រាស់​សាច់ដុំ​មុខ​ប្រមាណ ៣០ ប្រភេទ​ខុស​ៗ​គ្នា​។ ការ​ថើប នឹង​ជួយ​ពង្រឹង​ដល់​កម្លាំង​មុខ និង​រក្សា​បាន​នូវ​ចរន្តឈាម​រត់​ទៀត​ផង​។ របត់​ឈាម​រត់​ដែល​ល្អ​ក្នុង​មុខ គឺជា​រឿង​មួយ​ដែល​ងាយ​បំផុត និង​មិនបាច់​អស់ប្រាក់​ឡើយ ក្នុង​ការ​ធ្វើ​អោយ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ និង​បំបាត់​ភាព​ជ្រីវជ្រួញ​បាន​ទៀត​។

ជួយ​បង្ការ​ជំងឺ
ខណៈ​ពេល​កំពុង​តែ​ថើប អ្នក​នឹង​ផលិត​ទឹកមាត់​កាន់តែ​ច្រើន​។ ការ​ផលិត​ទឹកមាត់ អាច​ជួយ​អោយ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ទប់ទល​នឹង​ជំងឺ និង​ការ​បង្ក​រោគ​ជា​ច្រើន​បាន​។ ការ​ថើប​ដ៏​លឿន​មួយ អាច​ជួយ​អោយ​អ្នកមាន​សុវត្ថិភាព​ពី​ជំងឺ​ជា​ច្រើន​បាន​។

គ្រប់គ្រង​ការ​ឈឺចាប់
ការ​ថើប អាច​ជួយ​ទប់ទល់​នឹង​ការ​ឈឺចាប់​បាន​។ ទឹកមាត់​ដែល​កើត​ចេញពី​ការ​ថើប​គ្នា ផលិត​មក​មាន​ជាតិ​ថ្នាំស្ពឹក​បែប​ធម្មជាតិ​តែ​ម្តង​។ សម្រាប់​អ្នក​ដែល​មានបាន​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ខ្លាំង​ៗ​ដូច​ជា ម៉ក​ហ្វី​ន នោះ សារធាតុ Endorphins ដែល​បង្កើត​ឡើង​ក្នុង​ពេល​ថើប​គ្នា​យ៉ាង​ត្រេកត្រអាល​នេះ នឹង​បំពេញ​តួនាទី​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ខ្លាំង​ជាង​នេះ​រហូត​ដល់ ២០០ ដង​ឯណោះ​។

ពង្រឹង​ដល់​ការ​គោរព​ខ្លួនឯង
ការ​ថើប ធ្វើ​អោយ​មនុស្ស​ម្នាក់​ៗ​យល់​ថា ខ្លួនឯង​កាន់តែ​គួរ​អោយ​ស្រលាញ់ និង​មាន​មោទនៈភាព​ខ្លាំង​ជាង​មុន​។ តើ​នរណា​ទៅ ដែល​មិន​ចង់​មាន​អារម្មណ៍​ថា ខ្លួនឯង​គួរ​អោយ​ស្រលាញ់ និង​មាន​មោទនៈភាព​ទៅ? ការ​ថើប កើត​ចេញពី​ទំនុកចិត្ត និង​ការ​គោរព​ខ្លួនឯង ដូច្នេះ ចូរ​ស្រមៃ​ថា អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ទៀត បើសិនជា​អ្នក គឺជា​អ្នកជំនាញ​ខាង​ថើប​។ ជា​ទូទៅ ការ​ដែល​មាន​អារម្មណ៍​ថា​គោរព​ខ្លួនឯង​កាន់តែ​ខ្លាំង នោះ​អ្នក​នឹង​មាន​សុខភាព​កាន់តែ​ល្អ​។

ធ្វើ​អោយ​ស្ងប់​អារម្មណ៍
ការ​ថើប ត្រូវ​បាន​គេ​ដឹង​ថា ជួយ​កាត់​បន្ថយ​ការ​ថប់​អារម្មណ៍ និង​បញ្ឈប់​ការ​មាន​អារម្មណ៍​រំភើប​ខ្លាំង​បាន​។ ការ​ថើប ជួយ​បង្កើន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ី​ន​។ អុក​ស៊ី​តូ​ស៊ី​ន គឺជា​អ័រម៉ូន​ជួយ​រំងាប់​អារម្មណ៍​។ បើសិនជា​អ្នកមាន​អ្វីមួយ​កើត​មាន​ក្នុង​ចិត្ត ដោះស្រាយ​មិន​ចេញ​ពេញ​មួយ​ថ្ងៃ អ្នក​ក៏​អាច​យកឈ្នះ​វា ដោយ​ភាព​ស្ងប់​អារម្មណ៍​តាម​រយៈ​ការ​ថើប​បាន​ដែរ​៕