Join with Health.com.kh on Telegram

ពង្រឹង​ដល់​សុខភាព​បេះដូង
ការ​បរិ​ច្ចាក​ឈាម ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង​-​សរសៃឈាម​ទាំងស្រុង​តែ​ម្តង​។ ការ​កើនឡើង​នៃ​ជាតិ​ដែក​ក្នុង​ឈាម ធ្វើ​អោយ​ប្រឈម​នឹង​ជំងឺ​បេះដូង​កាន់តែ​ខ្លាំង​។ អ្វី​ដែល​ពិសេស​នោះ​គឺថា ការ​បរិ​ច្ចាក​ឈាម​ជា​ទៀងទាត់ ជួយ​អោយ​បុរស​អាច​កាត់​បន្ថយ​ជាតិ​ដែក​ក្នុង​ឈាម​បាន​។ ការ​ធ្វើ​បែប​នេះ អាច​បន្ថយ​ការ​កើត​ជំងឺ​គាំងបេះដូង​រហូត​ដល់ ៨៨ ភាគរយ​ឯណោះ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​បរិ​ច្ចាក​ឈាម​ទៀងទាត់​អាច​ជួយ​បន្ថយ​ការ​ប្រឈម​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​បេះដូង​-​សរសៃឈាម​បាន​ដូច​ជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បាន ៣៣ ភាគរយ​ដែរ​។

ជម្រុញ​អោយ​មានការ​ផលិត​កោសិកា​គ្រាប់​ឈាម​ថ្មី
នៅ​ពេល​ឈាម​ត្រូវ​បាន​គេ​បូម​ចេញ រាង​កាយ​របស់​អ្នក​នឹង​ចាប់ផ្តើម​ជំនួស​ឈាម​ដែល​បាន​បាត់បង់​នោះ​ភ្លាម​ៗ​តែ​ម្តង​។ កោសិកា​ថ្មី​ត្រូវ​បាន​ផលិត​ចេញពី​ខួរឆ្អឹង​ក្នុង​រយៈពេល ៤៨ ម៉ោង ហើយ​កោសិកា​គ្រាប់​ឈាម​ទាំងអស់​ដែល​ត្រូវ​បាន​បរិ​ច្ចាក​នោះ ក៏​ត្រូវ​បាន​ជំនួស​វិញ​បាន​ទាំងស្រុង​ក្នុង​រយៈពេល​មួយ​ទៅ ២ ខែ​ក្រោយ​។ ដូច្នេះ​ហើយ ការ​បរិ​ច្ចាក​ឈាម ជួយ​ភ្ញោ​ច​អោយ​មានការ​ផលិត​កោសិកា​គ្រាប់​ឈាម​ថ្មី​។ ដំណើរ​ការណ៍​នៃ​ការ​ជំនួស​ឡើង​វិញ​នេះ អាច​ជួយ​អោយ​រាង​កាយ​មាន​សុខភាព​ល្អ និង​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព​ទៀត​។

រំលាយ​កាឡូរី
ការ​បរិ​ច្ចាក​ឈាម​ជា​ទៀងទាត់ ក៏​អាច​ធ្វើ​អោយ​មនុស្ស​មាន​រូបរាង​សមសួន​បាន​ដែរ​។ ការ​បរិ​ច្ចាក​ឈាម​បាន ៤៥០ មី​លី​លី​ត្រ អាច​រំលាយ​ជាតិ​ខ្លាញ់​រហូត​ដល់ ៦៥០ កាឡូរី​។

ជម្រុញ​អោយ​មនុស្ស​ចាស់​ៗ​យល់​ថា មាន​សុខុមាលភាព
មនុស្ស​ចាស់​ជា​ច្រើន​ដែល​មាន​សុខភាព​ល្អ​បាន​ប្រាប់​ពី​អារម្មណ៍​របស់​ពួក​គាត់ ក្រោយ​ពី​បរិ​ច្ចាក​ឈាម​ជា​ទៀងទាត់​ថា វា​ដូច​ជា​ធ្វើ​អោយ​ពួក​គាត់​មាន​កម្លាំង​ឡើង​វិញ និង​សុខភាព​មាំមួន​អ​ញ្ចឹ​ង​។

កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក
ចូរ​បរិ​ច្ចាក​ឈាម ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​។ បើ​យោង​ទៅ​តាម​មជ្ឈមណ្ឌល​ឈាម Miller-Keystone បានអោយ​ដឹង​ថា ការ​បរិ​ច្ចាក​ឈាម​ទៀងទាត់ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​ដូច​ជា ជំងឺមហារីក​ថ្លើម សួត ពោះវៀនធំ ក្រពះ និង​បំពង់ក​បាន​។ ការ​ប្រឈម​មុខ​នឹង​ថយ​ចុះ​ចំពោះ​មនុស្ស​ដែល​ឧស្សាហ៍​បរិ​ច្ចាក​ឈាម​។

ទទួល​បានការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ទៀត
ក្រៅពី​ប្រយោជន៍​ខាងលើ អ្នក​បរិ​ច្ចាក​ឈាម​នឹង​ទទួល​បានការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ ជាមួយនឹង​ការ​ធ្វើតេស្ត​ឈាម​ទៀត​។ គេ​នឹង​ធ្វើតេស្ត​ទៅ​លើ​កម្រិត អេ​ម៉ូ​គ្លូ​បី​ន ព្រមទាំង​វាស់​សម្ពាធ​ឈាម និង​ពិនិត្យ​លើ​រាង​កាយ​ទៀត​។ ឈាម ក៏​ត្រូវ​បាន​ធ្វើតេស្ត​រក​មើលជំងឺ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែរ​។

ជួយ​ជីវិត​មនុស្ស
តាម​រយៈ​ការ​បរិ​ច្ចាក​ឈាម មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​សង្ឃឹមថា នឹង​ត្រូវ​បាន​ផ្តល់​អោយ​គេ​នូវ​រាល់​ស្ថានភាព​ជា​ច្រើន​ទៀត​។ ឈាម​ដែល​បរិ​ច្ចាក​ហើយ អាច​ផ្តល់​ជីវិត​ទី​ពីរ​ដល់​អ្នក​ដែល​ត្រូវការ​បាន​។

ផ្តល់​សេចក្តីសុខ​ដល់​មនុស្ស​ជា​ច្រើន
នៅ​ពេល​អ្នក​បរិ​ច្ចាក​ឈាម វា​មិន​ត្រឹមតែ​មាន​ឥទ្ធិពល​ចំពោះ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អ្នក​ក៏​បាន​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​អ្នកជំងឺ​នោះ​ផង​ដែរ​។ ក្នុង​សហគមន៍​ទាំងមូល​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ភាព​សប្បុរស​របស់​អ្នក​តែ​ម្តង​៕