ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ហើយថា ប៉េងប៉ោះ ជាបន្លែមួយប្រភេទដែលមានរសជាតិជូរអែម និងសម្បូរណាស់នៅក្នុងប្រទេសកម្ពុជា។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) បើទោះជាចូលចិត្ត ឬឧស្សាហ៍ទទួលទានក៏ដោយ ក៏ប្រហែលជាអ្នកមិនបានចាប់អារម្មណ៍ទេថា ប៉េងប៉ោះ អាចផ្ដល់អត្ថប្រយោជន៍ល្អៗមិនគួរឲ្យជឿចំពោះសុខភាពបាន។ ហើយបន្ទាប់ពីអានអត្ថបទនេះរួច អ្នកដែលមិនចូលចិត្តទទួលទាន ក៏អាចនឹងប្រែចិត្តដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុដែលអ្នកគួរចាប់ផ្ដើមទទួលទាន ប៉េងប៉ោះ ឲ្យបានជារៀងរាល់ថ្ងៃ ដើម្បីជៀសផុតពីបញ្ហាសុខភាពផ្សេងៗ ​និងសម្រស់ ៖

១. វាមានផ្ទុកសារធាតុលីកូប៉ែន​ (lycopene)

សារធាតុលីកូប៉ែន គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់បំផុតមួយនៅក្នុងផ្លែប៉េងប៉ោះ សម្រាប់សុខភាពរាងកាយរឹងមាំ ដោយវាអាចជួយ ៖

– ការពារកោសិកាក្នុងរាងកាយពីរ៉ាឌីកាល់សេរី ដែលជាម៉ូលេគុលអាចបង្កឱ្យមានមហារីក និងបំផ្លាញ DNA របស់យើង។

– ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំរាងកាយ ប្រឆាំងនឹងរោគឆ្លងផ្សេងៗ

– កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ

– ទប់ស្កាត់បញ្ហាក្រិន ឬឡើងរឹងនៃសសៃឈាមអាកទែ

– កាត់បន្ថយការកកឈាម

– កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល

ផ្លែប៉េងប៉ោះមានពណ៌ដិតខ្លាំងប៉ុណ្ណា សារធាតុលីកូប៉ែនដែលវាមានផ្ទុក គឺច្រើនប៉ុននោះដែរ។

២. វាមានផ្ទុកសម្បូរទៅដោយសារធាតុ carotenoids

ក្រៅពីសារធាតុលីកូប៉ែន (lycopene) ប៉េងប៉ោះក៏មានផ្ទុកសារធាតុផ្សេងទៀតនៃ carotenoids រួមបញ្ចូលទាំង alpha-carotene, beta-carotene និងlutein ផងដែរ ហើយសារធាតុទាំងនេះធ្វើការរួមគ្នា ដើម្បីរក្សាឲ្យបាននូវសុខភាពរាងកាយល្អរឹងមាំ ជៀសឆ្ងាយពីជំងឺផ្សេងៗ។ ដូច្នេះត្រូវប្រាកដថា អ្នកមិនបានចិតសម្បកប៉េងប៉ោះចេញ មុននឹងទទួលទាន ក៏ព្រោះសារធាតុចិញ្ចឹមសំខាន់ៗ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម flavonols គឺមានផ្ទុកនៅក្នុងសំបកនៃផ្លែប៉េងប៉ោះ។

៣. វាជួយទប់ស្កាត់ជំងឺមហារីក 

សារធាតុលីកូប៉ែន (Lycopene) គឺជាសារធាតុដ៏មានឥទ្ធិពលបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ការសិក្សាស្រាវជា្រវមួយបានរកឃើញថា អ្នកដែលទទួលទានផ្លែប៉េងប៉ោះ ជៀសឆ្ងាយពីហានិភ័័យនៃជំងឺមហារីកដល់ទៅ ៣១ ភាគរយឯណោះ។ ចំពោះការទទួលទានផ្លែប៉េងប៉ោះលាយជាមួយផ្កាខាត់ណាខៀវ គឺអាចជួយរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត។ ចំពោះស្ត្រីដែលចូលចិត្តទទួលទានអាហារមានផ្ទុកសម្បូរទៅដោយសារធាតុ carotenoids នឹងជៀសឆ្ងាយពីហានិភ័យនៃជំងឺមហារីកសុដន់។

៤. វាជួយប្រយុទ្ធប្រឆាំងនឹងការរលាកក្នុងរាងកាយ

ប៉េងប៉ោះមានផ្ទុកសារធាតុ  flavonoids  រួមបញ្ចូលទាំង quercetin និង kaempferol ដែលសុទ្ធតែជាសារធាតុប្រឆាំងនឹងការរលាកផ្សេងៗក្នុងរាងកាយ។ ការសិក្សាស្រាវជ្រាវមួយបង្ហាញថាការទទួលទានទឹកផ្លែប៉េងប៉ោះស្រស់ជាប្រចាំអាចកាត់បន្ថយកម្រិតនៃ​ TNF-alpha ក្នុងឈាមបានដល់ទៅ ៣៤ ភាគរយ។ TNF-alpha ទទួលខុសត្រូវចំពោះមូលហេតុនៃការរលាករ៉ាំរ៉ៃដែលអាចនាំឱ្យមានជំងឺគួរឲ្យព្រួយបារម្ភមួយចំនួនដូចជា ជំងឺបេះដូង, ជំងឺពុកឆ្អឹង និងជំងឺធ្លាក់ទឹកចិត្ត។

៥. វាអាចជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់តាមវ័យ

​សារធាតុ Lycopene ក្នុង​ប៉េងប៉ោះ អាច​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​បានយ៉ាងប្រសើរ ។ ការទទួលទានផ្លែប៉េងប៉ោះ គឺ​ជួយ​កោសិកា​ពី​ខាងក្នុង​ទប់ស្កាត់ការបំផ្លាញដោយសារពន្លឺព្រះអាទិត្យ។ ប៉េងប៉ោះក៏ជួយបង្កើតការផលិតកូឡាជែនដែលរក្សាបាននូវភាពតឹងណែនស្រស់ស្អាត៕