គ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺសុទ្ធតែត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីដំណើរការមុខងារបានត្រឹមត្រូវជៀសវាងបញ្ហាសុខភាពផ្សេងៗ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិសេសក្នុងខែក្ដៅការរក្សាបានជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺកាន់តែចាំបាច់បំផុត។ ថាតើអាហារអ្វីខ្លះជួយទប់ទល់នឹងអាកាសធាតុក្ដៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាននៅពេលរដូវក្ដៅឈានមកដល់ ៖

១. បឺរី

រួមមានស្ត្របឺរី (strawberries) ប្ល៊ូបឺរី (blueberries) និងប្ល៊ែកបឺរី (blackberries) ជាដើម គឺល្អណាស់សម្រាប់ទទួលទានក្នុងរដូវក្ដៅ។ អ្នកអាចយកផ្លែឈើនេះទៅកិនក្រឡុកធ្វើជាភេសជ្ជៈ ឬញ៊ាំស្រស់ៗពី ១ ពែង ទៅ ២ពែងក្នុងមួយថ្ងៃតែម្ដង។ ក្រៅពីសម្បូរទៅដោយជាតិទឹក បឺរីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងបឺរីជួយការពារស្បែកប្រឆាំងការបំផ្លាញពីសំណាក់កម្ដៅថ្ងៃ និងពន្យឺតដំណើរការនៃភាពចាស់តាមវ័យទៀតផង។

២. ទឹកក្រូចឆ្មារ

ត្រឹមមួយកែវនៃភេសជ្ជៈទឹកក្រូចឆ្មារ គឺល្អសម្រាប់រាងកាយដើម្បីរក្សាភាពត្រជាក់ស្រស់ស្រាយក្នុងរដូវក្ដៅនេះបាត់ទៅហើយ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ជួយរក្សាជាតិទឹកនិងផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនផ្សេងទៀតផងដែរ។

៣. ទឹកដូង

កំឡុងពេលរដូវក្ដៅទឹកដូង គឺជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនិងត្រជាក់។ ភេសជ្ជៈធម្មជាតិនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបំពេញអេឡិចត្រូលីត្រក្នុងរាងកាយក្រោយបាត់បង់ពេលបែកញើស ហើយបញ្ចុះកម្ដៅបានយ៉ាងប្រសើរ។

៤. សណ្ដែកបារាំង

សណ្ដែកបារាំងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំអុកស៊ីតកម្ម វីតាមីន K ម៉ង់កាណែស ជាតិសសៃ និងវីតាមីន C ល្អសម្រាប់រក្សាជាតិទឹកក្នុងរាងកាយនិងផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះស្បែក។

៥. ឪឡឹក

ជាប្រភពដ៏ប្រសើរនៃជាតិទឹកដែលជួយកាត់បន្ថយកម្ដៅរាងកាយបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតឪឡឹកក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលការពារស្បែកប្រឆាំងនឹងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ជាតិសសៃនៃផ្លែឪឡឹកក៏ជួយរក្សាក្បាលពោះរាបស្មើនិងសម្រួលដល់ការរំលាយអាហារគួរឱ្យកត់សម្គាល់។

៦. ចេក

ការទទួលទានចេក គឺល្អបំផុតដើម្បីជួយរាងកាយទប់ទប់នឹងអាកាសធាតុក្ដៅ! ចេកជួយផ្ដល់ភាពត្រជាក់និងសំណើមក្នុងប្រព័ន្ធពោះវៀន ហើយកម្ចាត់ជាតិពុលផ្សេងៗ។

៧. ផ្លែទទឹម

ផ្លែឈើរសជាតិជូរអែមនេះមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយរាងកាយមិនឱ្យឡើងកម្ដៅខ្ពស់ខុសប្រក្រតី។

៨. ត្រសក់

មានផ្ទុកសម្បូរទៅដោយជាតិទឹក ត្រសក់ជួយបន្ថយកម្ដៅរាងកាយ។ វាជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។

៩. បន្លែបៃតង

ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិទឹកនិងសារធាតុចិញ្ចឹម ព្រមទាំងវីតាមីនចាំបាច់ច្រើនប្រភេទដែលល្អសម្រាប់សុខភាព ក៏ដូចជាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអំឡុងពេលរដូវក្ដៅ។

១០. ស្លឹកជីអង្កាម

ដើម្បីបន្ថយកម្ដៅរាងកាយពីខាងក្នុង ចូរបន្ថែមស្លឹកជីអង្កាមក្នុងអាហារនិងភេសជ្ជៈ។ ជីអង្កាមមានផ្ទុកសារធាតុ menthol ដែលផ្ដល់ភាពត្រជាក់។

១១. ត្រសក់ស្រូវ

គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះ ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ឬខណៈពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ លើសពីនេះទៅទៀត ត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។

១២. ផ្លែប៉េងប៉ោះ

ជាប្រភពដ៏ប្រសើរនៃជាតិទឹកនិងសារធាតុ lycopene ដែលជួយការពារស្បែកពីការរលាកដោយសារកម្ដៅថ្ងៃ។

១៣. យ៉ាអួរ

ជាអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់ទទួលទានក្នុងរដូវក្ដៅ។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងសារធាតុប្រូបាយអូទិក។ អ្នកអាចយកយ៉ាអួរទៅដាក់បង្កកជាមុនសិនសឹមទទួលទានត្រជាក់ៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង