ប្រសិនបើអ្នកចង់មានស្នាមញញឹមដែលមានភាពទាក់ទាញ អ្នកត្រូវតែមានអនាម័យមាត់ល្អ។ អ្នកអាចមានស្នាមញញឹមល្អបំផុតដោយការទៅពិនិត្យធ្មេញ, ប្រើផលិតផលធ្វើខ្លួនឯង ឬ ផលិតផលមានលក់លើទីផ្សារ។ អ្វីដែលសំខាន់បំផុតនោះគឺ អ្នកត្រូវបញ្ចេញស្នាមញញឹមដ៏ស្រស់ស្អាតរបស់អ្នកគ្រប់ពេលដែលមានឱកាស។
វិធីសាស្ត្រ៖
១. ដុសធ្មេញនិងអណ្តាតរបស់អ្នកឱ្យសព្វ ព្រោះវាអាចបំបាត់កំទេចអាហារនៅសល់និងក្លិនមិនល្អក្នុងមាត់។
២. បន្ថែមសម្រស់លើបបូរមាត់របស់អ្នកដោយប្រើក្រេមរលោងដែលជួយឱ្យបបូរមាត់ប៉ោងឡើង។ ក្រែមប្រភេទនេះមានផ្ទុកសារធាតុធម្មជាតិម្យ៉ាងដែលធ្វើឱ្យរលាកស្បែកបន្តិចបន្តួចនិងធ្វើឱ្យបបូរមាត់ហើម។ អ្នកជំនាញនិយាយថា វាបង្ករឱ្យមានសភាពស្កៀបតិចៗប៉ុន្តែមិនមានប្រតិកម្មអ្វីនោះទេ។
៣. ប្រើវិធីសាស្ត្រធ្វើឱ្យធ្មេញសដើម្បីជួយឱ្យធ្មេញអ្នករឹតតែស។ ប្រសិនបើអ្នកមិនចង់ទៅពេទ្យធ្មេញ អ្នកអាចប្រើផលិតផលទិញបានដោយគ្មានវេជ្ជបញ្ជា ដូចជា ថ្នាំដុសធ្មេញធ្វើឱ្យស, បន្ទះបិតធ្មេញឱ្យស, និងស្ករកៅស៊ូ។
៤. បំបាត់ទម្លាប់ដែលប៉ះពាល់ដល់ធ្មេញ ដូចជាការទទួលទានថ្នាំជក់ និងកាហ្វេ។ ការធ្វើបែបនេះក៏អាចជួយបន្ថយឱកាសកើតឡើងនៃជំងឺអញ្ចាញធ្មេញនិងមហារីកមាត់ផងដែរ។