ចំណុច​សម្គាល់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺ​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ដំបូង​ដឹង​ថា កូន​ក្នុង​ផ្ទៃ​កំពុង​តែ​កម្រើក ឬ​ធាក់​តិច​ៗ​។ ចលនា​ទាំងនេះ​បង្ហាញ​ថា កូន​អ្នក​កំពុង​តែ​រស់​រវើក និង​លូតលាស់​បាន​យ៉ាង​ល្អ​។

បើសិនជា​ចលនា​របស់​កូន​ថយ​ចុះ ឬ​ឈប់ វា​អាច​បញ្ជាក់​ថា មាន​បញ្ហា​ចំពោះ​សុខភាព​ហើយ​។ ចូរ​យកចិត្តទុកដាក់​ទៅ​លើ​លក្ខណៈ​នៃ​ការ​ធ្វើ​ចលនា​របស់​កូន​ក្នុងផ្ទះ និង​ប្រាប់​ដល់​គ្រូពេទ្យ​ឲ្យ​បាន​ដឹងផង​បើសិនជា​មាន​អ្វីមួយ​ប្រែប្រួល​។

តើ​ពេល​ណា​ទើប​កូន​ខ្ញុំ​ចេះ​កម្រើក?

អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​ថា កូន​កំពុង​តែ​កម្រើក ឬ​ធាក់ នៅ​ជុំវិញ​ស​ប្តា​ហ៍​ទី ១៨ នៃ​ការ​មាន​ផ្ទៃពោះ​។ បើសិនជា​កូន​ដំបូង​វិញ វា​អាច​នឹង​ពន្យា​ពេល​រហូត​ដល់ ស​ប្តា​ហ៍​ទី​២០​ឯណោះ​។ យ៉ាងណាមិញ សម្រាប់​ស្ត្រី​កូន​ទី​ពីរ​ហើយ អ្នក​អាច​នឹង​សម្គាល់​ឃើញ​អាកា​រៈ​នេះ​នៅ​ស​ប្តា​ហ៍​ទី ១៦​។

តើ​អារម្មណ៍​នៃ​ការ​កម្រើក​របស់​កូន​មាន​លក្ខណៈ​បែប​ណា​ទៅ?
ប្រភេទ​នៃ​ការ​ធ្វើ​ចលនា​របស់​កូន​អាស្រ័យ​ទៅ​តាម​អ្វី​ដែល​កូន​អ្នក​កំពុង​តែ​ធ្វើ និង​ដំណាក់កាល​នៃ​ការ​លូតលាស់​របស់​គេ​ដែរ​។ រាល់​ទារក​នីមួយ​ៗ​គឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា ខ្លះ​ក៏​មាន​ភាព​សកម្ម​ជាង ខ្លះ​ក៏​មិនសូវ​ដែរ​។

អារម្មណ៍​ដឹង​ដំបូង​ថា​កូន​កំពុង​តែ​កម្រើក​នោះ អាច​ជា​ការ​ធាក់ បង្វិលខ្លួន ឬ​ដូច​ដួល​រលំ​។ នៅ​ពេល​អាយុ​គ័​រ​កាន់តែ​ច្រើន ចលនា​ធម្មតា​របស់​ទារក​នឹង​កាន់តែ​ច្រើន និង​ញឹកញាប់​ជាង​មុន​ដែរ​។

នៅ​ពេល​កូន​កាន់តែ​ធំ និង​រឹង​មាំ ស្បែក​អ្នក​ក៏​អាច​នឹង​តឹង​ជាង​មុន ហើយ​ក៏​ងាយ​នឹង​មាន​អារម្មណ៍​ដឹង​ថា​កូន​កំពុង​តែ​ឡើង​ជង្គង់ និង​ឲ្យ​កែង​ដែរ​។ ដល់​ពេល​ជិត​គ្រប់​ខែ ការ​ធាក់​របស់​កូន​អាច​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ខ្លាំង​បាន ជា​ពិសេស​នៅ​តំបន់​ឆ្អឹងជំនី​តែ​ម្តង​។

តើ​កូន​គួរតែ​កម្រើក​ញឹកញាប់​ប៉ុណ្ណា​ទៅ?
នៅ​ពេល​អ្នកមាន​អារម្មណ៍​ដឹង​ថា​កូន​កំពុង​តែ​កម្រើក (​ជុំវិញ​ស​ប្តា​ហ​ទី ២០ ទៅ​២៤) អ្នក​នឹង​សម្គាល់​ឃើញ​អាកា​រៈ​នេះ​កាន់តែ​ញឹកញាប់​ហើយ​។ យ៉ាងណាមិញ អ្នក​ប្រហែលជា​មិន​អាច​មាន​អារម្មណ៍​ដឹង​ការ​កម្រើក​នេះ​ជា​និច្ច​នោះ​ទេ ជា​ពិសេស​បើសិនជា​អ្នក​រវល់​ធ្វើ​ការងារ និង​មិន​យកចិត្តទុកដាក់​នោះ​។

ទារក​នឹង​ធ្វើ​ចលនា​កាន់តែ​ច្រើន​នៅ​ពេល​ថ្ងៃ ហើយ​ក៏​អាច​មាន​ភាព​សកម្ម​ច្រើន​នៅ​ពេល​អ្នក​កំពុង​តែ​គេង និង​គ្រប់គ្រាន់​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​បាន​ដែរ​។ ជា​ធម្មតា ទារក​ក្នុង​ផ្ទៃ​អាច​គេង​តែ ២០ ទៅ​៤០​នាទី​ប៉ុណ្ណោះ (​អាច​គេង​ដល់ ៩០​នាទី​ម្តងម្កាល​ដែរ​) ហើយ​គេ​ក៏​មិន​ធ្វើ​ចលនា​អ្វី​ដែរ​នៅ​ពេល​គេ​គេង​។

ការ​ធ្វើ​ចលនា​របស់​កូន​អាច​នឹង​ប្រែប្រួល​នៅ​ពេល​គេ​លូតលាស់​បាន​កាន់តែ​ច្រើន ហើយ​គួរតែ​ធ្វើ​ចលនា​នោះ​កាន់តែ​ញឹកញាប់​ជាង​មុន​ទៀត​ក្នុង​ត្រីមាស​ទី​៣​។ ដល់​ពេល​ជិត​គ្រប់​ខែ អ្នក​អាច​នឹង​មាន​អារម្មណ៍​ដឹង​ថា​កូន​ធ្វើ​ចលនា​ញឹកញាប់​ពី ១៦ ទៅ​៤៥​ដង​ក្នុង​មួយ​ម៉ោង​ឯណោះ​។ ក្មេង​ដែល​មាន​សុខភាព​គឺ​នៅ​តែ​ធ្វើ​ចលនា​អ​ញ្ចឹ​ង​ទោះបីជា​ក្នុង​ពេល​អ្នក​សម្រាល​ក៏​ដោយ​។

តើ​គួរ​ធ្វើ​អ្វី​ទៅ​បើសិនជា​កូន​ឈប់​កម្រើក?
បើសិនជា​ចលនា​របស់​កូន​ថយ​ចុះ ឬ​ឈប់ វា​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​មាន​បញ្ហា​ហើយ​។ បើសិនជា​អ្នក​មិន​មាន​អារម្មណ៍​ថា​កូន​មិន​ធ្វើ​ចលនា​ក្នុង​ពោះ​សោះ​រយៈពេល ២៤​ស​ប្តា​ហ៍​ហើយ ឬ​ធ្វើ​ចលនា​តិច ឬ​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ច្រើន ចូរ​ទៅ​ឲ្យ​គ្រូពេទ្យ​ពី​និត្យ​ទៅ​។ អ្នក​អាច​គេង​ចំហៀង​មក​ឆ្វេង ដោយ​មាន​ខ្នើយ​ទ្រ​ពោះ​ផង និង​ផ្ចង់អារម្មណ៍​រក​មើល​ការ​កម្រើក​របស់​កូន​រយៈពេល​ពីរ​ម៉ោង​។ បើសិនជា​កូន​កម្រើក​មិន​ដល់ ១០​ដង​ផង​ក្នុង​រយៈពេល​ពីរ​ម៉ោង ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។

បើសិនជា​អ្នក​សង្ស័យ​ថា​កូន​កំពុង​តែ​មាន​បញ្ហា ថ្វីបើ​គេ​កម្រើក​ចាប់ពី ១០​ដង​ហើយ​ក៏​ដោយ ដើម្បី​សុវត្ថិភាព មិន​ត្រូវ​រង​ចាំ​មិន​ទាក់ទង​គ្រូពេទ្យ​ឡើយ​។ ដល់​ពេល​នោះ​គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅ​លើ​ចង្វាក់បេះដូង និង​ចលនា​របស់​កូន​។ បើសិនជា​ចាំបាច់ គាត់​នឹង​បញ្ជូន​អ្នក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​បន្ថែម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង