ប្រសិនបើការលាងសម្អាតដៃញឹកពេកធ្វើឱ្យស្បែកម្រាមដៃ ឬស្បែកជុំវិញក្រចករបស់អ្នករបក នោះមិនពិបាកដោះស្រាយឡើយ! (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយធ្វើឱ្យប្រអប់ដៃទន់រលោង ៖
១. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអូលីវបន្តិចលើប្រអប់ដៃ ឬត្រង់ស្បែកជុំវិញក្រចកម្រាមដៃដែលរបកជាប្រចាំជាការស្រេច។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងលើដៃនិងពាក់ស្រោមដៃសម្រាប់រយៈពេល ២ម៉ោង ឬអនុវត្តមុនគេងហើយពាក់ស្រោមដៃពេញមួយយប់។ អនុវត្តជាប្រចាំ។
៣. ផ្នែកពណ៌លឿងនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូវឹកផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ឱ្យសព្វ។ បន្ទាប់មកលាបម៉ាស្សាលើប្រអប់ដៃនិងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ លាងសម្អាតចេញជាមួយសាប៊ូកម្រិលស្រាលនិងទឹកធម្មតាដើម្បីកម្ចាត់ក្លិនស៊ុត។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍។
៤. ស្ករសនិងប្រេងអូលីវ
អ្វីដែលអ្នកត្រូវការ គឺស្ករសពី ១ ទៅ ២ ស្លាបព្រាបាយ និងប្រេងអូលីវពី ១ ទៅ ២ ស្លាបព្រាបាយ ឬប្រសិនបើមិនមានអ្នកអាចប្រើប្រាស់ប្រេងដូងជំនួសក៏បាន។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយគ្រឿងផ្សំទាំង ២ ចូលគ្នា រួចសឹមប្រើប្រាស់ល្បាយដុសខាត់លើស្បែកដៃថ្នម ឬអ្នកអាចចាក់ស្ករសលើបាតដៃ រួចសឹមបន្ថែមប្រេងអូលីវ រួចត្រដុសបាតដៃទាំង ២ សិន សឹមលាបឱ្យពេញប្រអប់ដៃ។ អ្នកត្រូវខាត់ម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់ឱ្យពេញប្រអប់ដៃដើម្បីកម្ចាត់ស្បែកដែលងាប់ៗចេញ។ ចុងក្រោយគ្រាន់តែលាងសម្អាតចេញជាមួយទឹកធម្មតា និងលាបឡេផ្ដល់សំណើមជាការស្រេច។
៥. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំពី ១ ទៅ ២ ស្លាបព្រាកាហ្វេជាមួយប្រេងអូលីវ កន្លះស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់ ឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកប្រអប់ដៃ។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ជូតដៃឱ្យស្ងួត និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើម។ អនុវត្តសារឡើងវិញឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៦. ប្រទាលកន្ទុយក្រពើ
លាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើប្រអប់ដៃ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តសារឡើងវិញម្ដង ឬ២ដងក្នុងមួយថ្ងៃ។
៧. ថ្នាំគ្រាប់វីតាមីន E
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ថ្នាំគ្រាប់វីតាមីន E និងប្រើប្រាស់ប្រេងនេះលាបមួយស្រទាប់ស្ដើងលើប្រអប់ដៃ ឬស្បែកជុំវិញម្រាមដៃដែលស្ងួតរបកជាការស្រេច។
៨. ផ្លែចេកទុំ
ជាដំបូងអ្នកត្រូវកិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋជាមុនសិន បន្ទាប់មកសឹមប្រើប្រាស់វាលាបលើប្រអប់ដៃ ឬស្បែកជុំវិញក្រចកម្រាមដៃដែលស្ងួតរបក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕