បបូរមាត់ស្ងួតប្រេះមិនត្រឹមតែជាបញ្ហាគួរឲ្យរំខានធម្មតាមួយប៉ុណ្ណោះទេ ក៏ព្រោះពេលខ្លះវាផ្ដល់នូវការឈឺចាប់ខ្លាំង និងមានហូរឈាមទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាបបូរមាត់ស្ងួតអាចដោះស្រាយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់បញ្ហាស្ងួតប្រេះបបូរមាត់ ៖
១. ទឹកឃ្មុំ
ក្រៅពីបំបាត់ការឈឺចាប់ ទឹកឃ្មុំក៏ជួយរក្សាសំណើមបបូរមាត់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំតិចៗលើបបូរមាត់ជាការស្រេច។
២. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកត្រសក់ស្រស់លើបបូរមាត់ពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃជាការស្រេច។
៣. កុំលិទ្ធបបូរមាត់
ការលិទ្ធបបូរមាត់មិនជួយរក្សាសំណើមនៃបបូរមាត់ដូចដែលភាគច្រើននៃពួកយើងធ្លាប់បានគិតឡើយ។ ផ្ទុយទៅវិញការធ្វើបែបនេះ គឺមានជះផលអាក្រក់ប៉ុណ្ណោះ ក៏ព្រោះទឹកមាត់អាចកម្ចាត់ជាតិប្រេងធម្មជាតិលើបបូរមាត់បានយ៉ាងងាយ។ លើសពីនេះទៅទៀតទឹកមាត់មានផ្ទុកជាតិអាស៊ីតដែលអាចបង្កការរលាកកម្រិតស្រាលលើបបូរមាត់បាន។
៤. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ប្រហែលជា ២ លីត្រ ក្នុងមួយថ្ងៃទេនោះមិនចាំបាច់ភ្ញាក់ផ្អើល ឬឆ្ងល់ឡើយថាហេតុអ្វីបានជាបបូរមាត់របស់អ្នកចេះតែស្ងួតប្រេះសឹងគ្រប់ពេល។ ជាតិទឹកគ្រប់គ្រាន់ជួយរក្សាសំណើមក្នុងសរីរាង្គកាយទាំងមូល រួមទាំងបបូរមាត់។ ទោះជាយ៉ាងណាកុំភ្លេចកម្រិតការទទួលទានគ្រឿងស្រវឹងនិងកាហ្វេរបស់អ្នកផង ខណៈដែលភេសជ្ជៈទាំងពីរនេះអាចធ្វើឱ្យរាងកាយឆាប់ខ្សោះជាតិទឹក។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកប្រទាលកន្ទុយក្រពើស្រស់លើបបូរមាត់ឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃជាការស្រេច។
៦. កញ្ចប់តែបៃតង
អ្វីដែលអ្នកត្រូវការ គឺតែបៃតង ១កញ្ចប់តូច និងទឹកក្ដៅ ១ពែង។ ជ្រលក់កញ្ចប់តែក្នុងទឹកក្ដៅសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ បន្ទាប់ពីកញ្ចប់តែចុះត្រជាក់ ឬក្ដៅឧណ្ហៗហើយនោះ ចូរដាក់ស្អំលើបបូរមាត់ដែលមានបញ្ហា។ រងចាំសម្រាប់រយពេលពី ២ ទៅ ៣នាទី សឹមដកចេញ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
- កត្តាចម្បងៗនៃបញ្ហាប្រេះបបូរមាត់ ៖
១. ឥទ្ធិពលនៃអាកាសធាតុ
បបូរមាត់ងាយនឹងទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅណាស់ត្រឹមតែការប៉ះផ្ទាល់ជាមួយខ្យល់ត្រជាក់ ឬខ្យល់ធម្មតាក៏អាចធ្វើឲ្យវាប្រែជាស្ងួតបានយ៉ាងងាយដែរ។ ពន្លឺព្រះអាទិត្យក៏ផ្ដល់ឥទ្ធិពលអវិជ្ជមានដល់បបូរមាត់មិនចាញ់ខ្យល់ឡើយដូច្នេះដើម្បីជាការប្រសើរ ចូរការពារបបូរមាត់ពីកត្តាអាកាសធាតុនេះ ដោយប្រើប្រាស់ឡេការពារកំដៅកម្ដៅ ឬក្រែមរលោងលាបលើបបូរមាត់។
២. ការលិទ្ធបបូរមាត់
ការលិទ្ធបបូរមាត់មិនអាចធ្វើឱ្យបបូរមាត់ជៀសផុតពីការប្រេះឡើយ។ ផ្ទុយទៅវិញ គឺមានតែធ្វើឲ្យបបូរមាត់ងាយនឹងស្ងួតប្រេះលើសដើម។ ជំនួសឲ្យការផ្ដល់សំណើមដល់បបូរមាត់ជាមួយនឹងទឹកមាត់ ចូរប្រើប្រាស់ក្រែមរលោងលាបការពារបបូរមាត់វិញទើបប្រសើរ។
៣. ការដកដង្ហើមតាមមាត់
បបូរមាត់ងាយនឹងស្ងួតប្រេះណាស់នៅពេលអ្នកមានជំងឺផ្ដាសាយ ឬហៀរសំបោរតឹងច្រមុះដោយសារអ្នកដកដង្ហើមតាមមាត់ដែលធ្វើឲ្យស្ងួតបបូរមាត់។ ដូច្នេះចូរលាបក្រែមរលោងលើបបូរមាត់ដើម្បីការពារ។
៤. កង្វះជាតិទឹកក្នុងរាងកាយ
ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែលជា ២ លីត្រ ក្នុងមួយថ្ងៃទេនោះ មិនចាំបាច់ភ្ញាក់ផ្អើល ឬឆ្ងល់ឡើយថាហេតុអ្វីបានជាបបូរមាត់របស់អ្នកចេះតែស្ងួត ហើយប្រេះសឹងគ្រប់ពេល។ ហើយកុំភ្លេចកំណត់កម្រិតនៃការទទួលទានគ្រឿងស្រវឹង និងកាហ្វេផង ខណៈដែលភេសជ្ជៈទាំងពីរនេះអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងរាងកាយ។
៥. ទទួលទានអាហារមានរសជាតិហឹរនិងមានជាតិអាស៊ីត
អាហារដែលមានរសជាតិហឹរ និងមានជាតិអាស៊ីត ក៏អាចធ្វើឲ្យបបូរមាត់ទទួលរងផលប៉ះពាល់ប្រែជាស្ងួតប្រេះបានផងដែរ។ ដូច្នេះអ្នកគួរកំណត់កម្រិតបរិមាណនៃការទទួលទានអាហារប្រភេទនេះ។
៦. បញ្ហាសុខភាពមួយចំនួន
ប្រសិនបើបញ្ហានៃការស្ងួតប្រេះបបូរមាត់របស់អ្នកមិនមែនបណ្ដាលមកពីមូលហេតុប៉ុន្មានចំនុចខាងលើទេនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យហើយ។ ក្នុងករណីខ្លះបបូរមាត់ស្ងួតប្រេះអាចជា ឬរោគសញ្ញាមួយនៃជំងឺជំងឺរើមមាត់ រោគផ្សិតក្នុងមាត់ ជំងឺពងបែក និងបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីត៕