ពិតណាស់ក្រៅពីការទល់លាមកញឹកញាប់ ជំងឺឬសដូងបាតក៏អាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួនផ្សេងទៀតផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់មួយចំនួននៃជំងឺឬសដូងបាត ៖

១. ការរួមភេទតាមរន្ធគូថ

កត្តានេះក៏អាចបង្កើនហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យកត់សម្គាល់។ ហើយចំពោះអ្នកដែលកំពុងមានជំងឺឬសដូងបាតស្រាប់ នោះការរួមភេទតាមរន្ធគូថអាចបណ្ដាលឱ្យអាការៈកាន់តែធ្ងន់ធ្ងរឡើង ខណៈដែលវាអាចបង្កការរលាកសសៃឈាមដែលស្ថិតនៅតំបន់ខាងក្រោមនេះ។

២. រាគញឹកញាប់

ក៏ព្រោះតែលាមករបស់អ្នករាវមិនមែនមានន័យថាអ្នកអាចចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាតឡើយ។ ការពិតនោះគឺទាំងអាការៈទល់លាមកនិងរាគរ៉ាំរ៉ៃសុទ្ធតែបង្កើនហានិភ័យនៃជំងឺឬសដូងបាត! ហេតុអ្វីមែនទេ? នោះក៏ព្រោះតែរាគបណ្ដាលឱ្យពោះវៀនត្រូវធ្វើចលនាញឹកញាប់ ហើយតំបន់រន្ធគូថប្រែជារលាកអាចបង្កជាជំងឺឬសដូងបាត។

៣. ការអង្គុយយូរៗជាប្រចាំ

អ្នកជំនាញនិយាយថាការអង្គុយយូរៗពេកជាប្រចាំពិសេសលើផ្ទៃរឹងអាចបង្កើនហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យបារម្ភ។ ទោះបីជាការងាររបស់អ្នកតម្រូវឱ្យអ្នកអង្គុយយូរៗក៏ដោយ ក៏អ្នកចាំបាច់ក្រោកឈរខ្លះដើម្បីអាចចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាត។

៤. ការផ្ទៃពោះ

ស្ត្រីដែលមានផ្ទៃពោះងាយប្រឈមមុខនឹងជំងឺឬសដូងបាតណាស់។ នេះក៏ព្រោះតែការលូតលាស់នៃទារកក្នុងផ្ទៃដាក់សម្ពាធលើសសៃឈាមនៃតំបន់ចុងពោះវៀនធំ។ ម្យ៉ាងវិញទៀតនោះ គឺការមានផ្ទៃពោះច្រើនតែបង្កអាការៈទល់លាមកដែលជាកត្តាចម្បងមួយនៃជំងឺឬសដូងបាតផងដែរ។

៥. ភាពធាត់ជ្រុល ឬលើសទម្ងន់

គ្រប់គ្នាសុទ្ធតែដឹងហើយថាការធាត់លើសទម្ងន់ផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនចាប់ពីការឈឺខ្នង ជំងឺទឹកនោមផ្អែមដល់ជំងឺបេះដូង។ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាភាពធាត់ជ្រុល ឬលើសទម្ងន់នេះក៏បង្កើនហានិភ័យនៃជំងឺឬសដូងបាតដែរ? នេះក៏ព្រោះតែវាបង្កើនសម្ពាធបន្ថែមលើសសៃឈាមនៃចុងពោះវៀនធំ។ តាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់និងជ្រើសរើសរបបអាហារសុខភាពល្អ អ្នកអាចសម្រកទម្ងន់ដែលលើស ហើយចៀសផុតពីហានិភ័យនៃជំងឺឬសដូងបាត ព្រមទាំងបញ្ហាសុខភាពផ្សេងៗទៀត។

៦. កត្តានៃភាពចាស់តាមវ័យ

នេះជាកត្តាចម្បងមួយនៃជំងឺឬសដូងបាតដែលមិនអាចកែប្រែ ឬចៀសវាងបាន។ នៅពេលអ្នកកាន់តែចាស់ទៅស្ថានភាពនៃតំបន់ក្នុងគូថនិងរន្ធគូថមានសភាពខ្សោយទៅៗ ព្រមជាមួយនឹងសុខភាពសសៃឈាមត្រង់តំបន់នេះផងដែរ។ ជាលទ្ធផលហានិភ័យនៃជំងឺឬសដូងបាតកាន់តែខ្ពស់ឡើងនៅពេលអ្នកចាស់ទៅៗ។

៧. តំណពូជ ឬប្រវត្តិគ្រួសារ

ថាតើសមាធិកក្នុងគ្រួសារអ្នកធ្លាប់ជួបប្រទះជំងឺឬសដូងបាតមែនទេ? នោះអ្នកក៏អាចនឹងជួបប្រទះហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យកត់សម្គាល់នៅថ្ងៃណាមួយក្នុងជីវិត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង