ការចាក់ថ្នាំពន្យាកំណើតគឺជាវិធីពន្យាកំណើតដ៏មានប្រសិទ្ធភាពមួយតាមរយៈការចាក់បញ្ចូលអ័រម៉ូន Progestin នៅដើមដៃខាងលើ ឬកំប៉េះគូថស្ត្រីជារៀងរាល់បីខែម្តង។ ការចាក់ថ្នាំពន្យាកំណើតប្រភេទនេះជួយអោយរាងកាយស្ត្រីឈប់បញ្ចេញមេជីវិតញីដែលតែងតែចេញជារៀងរាល់ខែបាន។ វាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ប៉ុន្តែស្ត្រីម្នាក់អាចមានផ្ទៃពោះបានបើសិនជានាងមិនចាក់ថ្នាំនៅរយៈពេលបីខែក្រោយ។
ថ្នាំចាក់ពន្យាកំណើតមានប្រសិទ្ធភាពដូចម្តេច?
ស្ត្រីភាគច្រើន វដ្តរដូវពួកគេនឹងចុះថយបន្តិចម្តងៗ។ ក្រោយពីរយៈពេល ៦ ទៅ១២ខែក្រោយ ពាក់កណ្តាលនៃស្ត្រីទាំងអស់ដែលប្រើវិធីពន្យាកំណើតដោយការចាក់ថ្នាំបានអោយដឹងថា អាចបញ្ឈប់ការមករដូវរបស់ពួកគេបានទាំងស្រុង។ ស្ត្រីមួយចំនួនក៏ប្រហែលជាធ្លាប់មានអាការៈមករដូវយូរ និងច្រើនៗ។
តើថ្នាំចាក់ពន្យាកំណើតដូចម្តេចទៅ?
អ័រម៉ូន Progestin ដែលចាក់នោះជួយបង្ការកុំអោយក្រពេញអូវ៉ែបញ្ចេញមេជីវិតញី ដើម្បីបង្កកំណើតជាមួយមេជីវិតឈ្មោលបាន។ អ័រម៉ូន Progestin ក៏ធ្វើអោយភ្នាសកម្រាលរបស់ស្បូនស្តើង ដើម្បីកុំអោយមេជីវិតញីនិងឈ្មោលដែលរលាយចូលគ្នារួចអាចកាច់សម្បុកក្នុងស្បូនបាន។
អត្ថប្រយោជន៍នៃការចាក់ថ្នាំពន្យាកំណើត
– វាងាយស្រួលប្រើ ហើយអ្នកមិនបាច់ចាំត្រូវប្រើថ្នាំគ្រាប់រាល់ថ្ងៃឡើយ។
– ថ្នាំចាក់ពន្យាកំណើតជួយបង្ការជំងឺមហារីកម្រាលខាងក្នុងស្បូន។
– ថ្នាំចាក់ពន្យាកំណើតមិនមានផ្ទុកអ័រម៉ូន Estrogen ដូច្នេះវាគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីដែលបំបៅដោះកូន ឬស្ត្រីដែលមិនអាចប្រើអ័រម៉ូន Estrogen បាន។
– មិនបាច់មានការពិបាកលើការប្រើថ្នាំគ្រាប់ពន្យាកំណើត ហើយជីវិតផ្លូវភេទក៏កាន់តែស្រួលជាងមុនដែរ។
– វាគឺជាមធ្យោបាយពន្យាកំណើតរយៈពេលយូរ។
– កាត់បន្ថយឱកាសនៃការឈឺចាប់ពេលផ្ទុះបែកអូវ៉ុល, គីសក្នុងក្រពេញអូវ៉ែ និងជំងឺរលាកអាងត្រគៀក។
ផលរំខាន
– អ្នកប្រហែលមានអារម្មណ៍ថាឃ្លានបាយជាងធម្មតា ដែលវាជាហេតុនាំអោយឡើងទម្ងន់
– អាចបណ្តាលអោយកើតមុន, បាក់ទឹកចិត្ត និងឈឺក្បាល
– ប្រឈមនឹងជំងឺពុកឆ្អឹងកាន់តែខ្លាំង
– ប្រហែលជាមានការផ្លាស់ប្តូរចំណង់ផ្លូវភេទ, ឈឺសុដន់ និងជ្រុះសក់
– រដូវមកមិនទៀងទាត់គឺជាផលរំខានដែលកើតមានជាញឹកញាប់ជាងគេ
– មិនអាចការពារជំងឺកាមរោគបាន៕