Join with Health.com.kh on Telegram

បញ្ហានៃជំងឺច្រាលអាស៊ីតក្រពះ គឺជាស្ថានភាពសុខភាពមួយដែលជាញឹកញយកើតមានឡើងក្រោយពេលទទួលទានអាហារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏អាចកើតឡើងដោយសារការទទួលទានអ្វីដែលបង្កឲ្យរលាកស្រទាប់ក្រពះ ឬបង្កើនទឹកអាស៊ីតក្រពះផងដែរ។ អាការៈនៃជំងឺច្រាលទឹកអាស៊ីតក្រពះរួមមាន ក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ និងក្អកដែលបង្កការរំខានគួរឱ្យព្រួយបារម្ភ។ ថាតើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិងាយៗបានដែរឬទេ? គ្មានអ្វីពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាព ​Health.com.kh នឹងបង្ហាញឱ្យដឹងអំពីវិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះតាមរយៈគន្លឹះងាយៗមួយចំនួនខាងក្រោម ៖

១. ទំពារស្ករកៅស៊ូ

អ្នកដែលមានបញ្ហាក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះអាចនឹងធូរស្បើយពីអាការៈនៅពេលទំពារស្ករកៅស៊ូក្រោយពេលអាហារ។ ទម្លាប់នេះអាចជួយរំញោចការផលិតទឹកមាត់ក្នុងមាត់ដែលជួយកម្ចាត់ជាតិអាស៊ីតដែលលើសក្នុងក្រពះ ហើយបំបាត់អាការៈច្រាលទឹកអាស៊ីតក្រពះបានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាត្រូវជ្រើសរើសស្ករកៅស៊ូដែលគ្មានជាតិស្ករនិងទំពារសម្រាប់រយៈពេល ៣០នាទីក្រោយអាហារ។

២. ទទួលទានទឹកដោះគោស្រស់

ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវនៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវ​​​ប្រាកដថា ទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត។

៣. ទឹក

ប្រសិនបើទឹកដោះគោបែរជាធ្វើឱ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលទានទឹក ១ ទៅ ២ កែវនៅពេលព្រឹកខណៈពេលពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។

៤. ទឹកប្រទាលកន្ទុយក្រពើ

ការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ។

៥. ទឹកដូង

ការទទួលទានទឹកដូងស្រស់ៗ ១ កែវពិតជាល្អណាស់សម្រាប់បំបាត់អាការៈច្រាលទឹកអាស៊ីតក្រពះនិងសម្រួលការរំលាយអាហារក្នុងពេលជាមួយគ្នា។

៦. តែផ្កា Chamomile

ការទទួលទានតែផ្កា chamomile យ៉ាងហោចណាស់ ៣០នាទី ទៅ ១ម៉ោង មុនពេលចូលគេងដើម្បីប្រឆាំងការរលាកក្នុងក្រពះ ដូច្នេះអ្នកនឹងអាចគេងលក់បានស្រួល។ បន្ថែមពីនេះការទទួលទានតែផ្កា chamomile ក៏អាចជួយបំបាត់អាការៈស្ត្រេសផងដែរ។ សូមបញ្ជាក់ថាស្ត្រេសជាកត្តាចម្បងមួយដែលបង្កអាការៈក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះ។

៧. បញ្ឈប់ការជក់បារី

ការជក់បារីអាចផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមបញ្ចូលទាំងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ដូច្នេះប្រសិនបើអ្នកជាអ្នកជក់បារី ហើយតែងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះក្នុងពេលជាមួយគ្នានោះ អ្នកគួរតែពិចារណាបោះបង់ចោលនូវទម្លាប់នេះជាចាំបាច់។

៨. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយ ដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិអាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ៕

ប្រយ័ត្ន! ទោះជាយ៉ាងណាប្រសិនបើអាការៈច្រាលទឹកអាស៊ីតក្រពះរបស់អ្នកកាន់តែធ្ងន់ធ្ងរដោយកើតឡើងញឹកញាប់និងខ្លាំងក្លាជាងមុន ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង