ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាទម្លាប់មួយចំនួនអាចបណ្ដាលឱ្យស្បែកក្រោមក្លៀកប្រែជាខ្មៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហាក្លៀកខ្មៅអាចនាំឱ្យអ្នកបាត់បង់ទំនុកចិត្តលើសខ្លួនឯងនិងមានអារម្មណ៍ខ្មាសអៀនមិនហ៊ានពាក់អាវដៃខ្លី ឬវាលក្លៀក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីស្ក្រាប់ធម្មជាតិជួយឱ្យក្លៀកស ៖

១. ម្សៅ Baking soda

លាយម្ស៉ៅ Baking soda ជាមួយទឹកធម្មតាអោយក្លាយជាល្បាយខាប់ៗ រួចលាបដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់យឺតៗសម្រាប់រយៈពេលប៉ុន្មាននាទីសឹមលាងសម្អាតចេញ។ ព្យាយាមអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។

២. សំបកក្រូចនិងទឹកដោះគោស្រស់

ជាដំបូងត្រូវហាលសំបកក្រូចឱ្យស្ងួតល្អ សឹមកិនវាឱ្យក្លាយជាម្សៅៗ។ លាយម្សៅសំបកក្រូចជាមួយទឹកដោះគោឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបដុសក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៣. ប្រេងអូលីវនិងស្ករស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ៣ ស្លាបព្រាបាយជាមួយស្ករស ១ ពែង។ លាបល្បាយត្រង់ក្លៀក និងដុសខាត់ថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។

៤. ត្រសក់

ប្រើប្រាស់បន្ទះត្រសក់មួយចំនួនមកដុសម៉ាស្សាត្រង់ក្លៀកដែលខ្មៅ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី បន្ទាប់មកអនុវត្តសារឡើងវិញឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ អ្នកអាចប្រើប្រាស់ទឹកត្រសក់ស្រស់តែម្ដងក៏បាន។

៥. ស្ករសនិងប្រេងដូង

លាយស្ករស ១ ស្លាបព្រាកាហ្វេជាមួយប្រេងដូងបន្តិច រួចលាបម៉ាស្សាវាថ្នមៗក្រោមក្លៀក ត្រង់តំបន់ក និងផ្នែកខាងក្នុងនៃភ្លៅសម្រាប់រយៈពេលប៉ុន្មាននាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តអោយបាន ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។

៦. រមៀត

លាយទឹកដោះគោស្រស់ ១ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេនិងម្សៅរមៀត ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមដុសម៉ាស្សាល្បាយលើស្បែកក្លៀកថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣នាទីក្នុងចលនាបែបរង្វង់។ រងចាំសម្រាប់រយៈពេល ១៥នាទី។ សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។

៧. ដំឡូងបារាំង

ជាដំបូងលាងសម្អាតស្បែកក្រោមក្លៀកជាមុនសិន។ បន្ទាប់មកសឹមប្រើប្រាស់ដំឡូងបារាំងស្រស់មួយបន្ទះដុសថ្នមៗលើស្បែកក្លៀកក្នុងចលនាបែបរង្វង់។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃ។

៨. ស្ករសនិងទឹកក្រូចឆ្មារស្រស់

លាយស្ករស ២ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបដុសល្បាយលើស្បែកក្លៀកសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង