​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​-​ចូល ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៧ ខែមេសា រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ លើកលែងតែ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​តែប៉ុណ្ណោះ​។ ការសម្រេច​នេះ គឺ​ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ។​

​នៅក្នុង​សេចក្តីសម្រេច ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​នៅ​រាត្រី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​ចាត់ទុកជា​តំបន់​មួយ​មិន​ស្ថិតនៅក្រោម​វិសាលភាព នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​-​ចូល ទៅវិញទៅមក​។

​ការហាមឃាត់​ការធ្វើដំណើរ​ខាងលើនេះ​ត្រូវបាន​លើកលែង​ចំពោះ ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​, ការធ្វើដំណើរ​របស់​ម​ន្ត្រី​រាជការ​សាធារណៈ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ ដោយ​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​ប័ណ្ណ​សម្គាល់​ការងារ​របស់​ខ្លួន ឯកសារ​បេសកកម្ម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​, ការធ្វើដំណើរ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់ខ្លួន ដោយ​រួមទាំង​ការដឹកជញ្ជូន​ពលករ ដែល​ធ្វើដំណើរ​វិលត្រឡប់​ពី​ក្រៅប្រទេស ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ស្រុកកំណើត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​, រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​, រថយន្ត​ពន្លត់​អគ្គិភ័យ​, រថយន្ត​បម្រើសេវា​ដឹកជញ្ជូន​សំរាម និង​កាកសំណល់​, ការដឹកជញ្ជូន​កម្មក​រ ទៅកាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ សហគ្រាស ដែល​ត្រូវមាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិនឱ្យ​លើសពី​៤​នាក់ សម្រាប់​ករណី​នីមួយៗ និង​ការធ្វើដំណើរ​ដោយ​មូលហេតុ​ចាំបាច់​ផ្សេងទៀត ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​តាមរយៈ​សេចក្តីសម្រេច​នេះដែរ រាជរដ្ឋាភិបាល​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​គណៈ​អភិបាល​រាជធានី ខេត្ត អនុវត្ត​វិធានការ​ឱ្យមាន​ប្រសិទ្ធភាប​។ គណៈ​អភិបាល​រាជធានី ខេត្ត ក៏ត្រូវ​បានប្រគល់​សម​ត្ថ​កិច្ច​ក្នុងការ​សម្រេច​ដាក់ចេញ​វិធានការ​គ្រប់គ្រង រឹតត្បិត ឬ​ហាមឃាត់​ការធ្វើដំណើរ ដោយ​អនុលោម​តាម​គោលការណ៍​ដូច​មានចែង​ក្នុង​ប្រការ​១​ខាងលើ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន សម្រាប់​ភូមិសាស្ត្រ​ក្រុង ស្រុក ខណ្ឌ ឬ​ឃុំ សង្កាត់ ឬ​ភូមិ ឬ​ទីកន្លែង​ណាមួយ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី ខេត្ត​របស់ខ្លួន ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ឬ​ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​រាជរដ្ឋាភិបាល ក៏បាន​ណែនាំ​គណៈ​អភិបាល​រាជធានី ខេត្ត ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នេះ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា ក្នុងភូមិ​សាស្ត្រ​រាជធានី ខេត្ត​របស់ខ្លួន សំដៅ​គ្រប់គ្រង និង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អប្រសើរ ព្រមទាំង​ធានា​នូវ​ការគោរព និង​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​ម៉ត់ចត់ និង​ខ្ជាប់ខ្ជួន អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន​ទាំង​នៅក្នុង​ការគ្រប់គ្រង​ចរាច​រណ៍ និង​ការដឹកជញ្ជូន​មនុស្ស និង​ទាំង​នៅតាម​ទីតាំង​សាធារណៈ​នានា ពិសេស​នៅតាម​វត្ត​អារាម វិហារ​សាសនា និង​ទីតាំង​ផ្សេងទៀត ដែល​អាចមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ជួបជុំគ្នា​ក្នុង​ចំនួន​ច្រើន​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង