ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថារបបអាហារក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្រស់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយទប់ស្កាត់ការឡើងមុន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានប្រសិទ្ធភាពប្រឆាំងរោគមុន ព្រមទាំងអាហារដែលអ្នកគួរចៀសវាង ៖

  • អាហារចាំបាច់គួរទទួលទាន ឬរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ

១. អាហារមានផ្ទុកប្រូបាយអូទិក

ប្រសិនបើអ្នកចង់កម្ចាត់មុន នោះអ្នកត្រូវប្រាកដថាបានរក្សាសុខភាពប្រព័ន្ធរំលាយអាហារឱ្យដំណើរការប្រក្រតីសិន។ ហើយវិធីដ៏ប្រសើរបំផុតដើម្បីរក្សាប្រព័ន្ធរំលាយអាហារ គឺការរួមបញ្ចូលអាហារមានផ្ទុកប្រូបាយអូទិកក្នុងរបបអាហារប្រចាំថ្ងៃដែលជួយគ្រប់គ្រងបាក់តេរីល្អៗ។ វិធីនេះជួយប្រព័ន្ធរំលាយអាហារឱ្យបំបែកអាហារដែលអ្នកទទួលទានចូលបានយ៉ាងប្រសើរ។ ជាលទ្ធផលរាងកាយនឹងអាចស្រូបយកសារធាតុចិញ្ចឹមបានកាន់តែច្រើននិងត្រឹមត្រូវ។

២. តែបៃតង

ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្ម epigallocatechin gallate ឬ EGCG ដែលមានប្រយោជន៍កាត់បន្ថយការផលិតជាតិខ្លាញ់ sebum របស់ស្បែកទប់ស្កាត់ការឡើងមុន។ អ្នកចាំបាច់គួរទទួលទានតែបៃតងជាប្រចាំនិងប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងទឹកតែបៃតងដើម្បីលាបលើតំបន់ស្បែកដែលឧស្សាហ៍ឡើងមុនដូចជាស្បែកមុខសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់ និងអនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

៣. ខ្ទឹមស

ពេលខ្លះរោគមុនក៏អាចកើតឡើងដោយសារប្រតិកម្មឆ្លើយតបរបស់រាងកាយប្រឆាំងនឹងមេរោគបាក់តេរី។ ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយរួមបញ្ចូលទាំងសារធាតុ allicin។

៤. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ដែលទទួលខុសត្រូវប្រឆាំងការរលាកដែលបង្កឱ្យកោសិកាស្ទះនិងកើតមុន។

៥. អយស្ទ័រ

មានផ្ទុកសម្បូរទៅដោយជាតិស័ង្កសីដែលកាត់បន្ថយការរលាកនិងកម្ចាត់បាក់តេរីដែលបណ្ដាលឱ្យកើតមុន។ វាក៏ជួយគ្រប់គ្រងប្រូតេអ៊ីន keratin ក្នុងរាងកាយ ព្រមទាំងកម្រិតនៃអ័រម៉ូនជាពិសេសអ័រម៉ូនស្ត្រេស។ អយស្ទ័រមានផ្ទុកជាតិស័ង្កសីខ្ពស់ដែលពន្លឿនភាពជាសះស្បើយនៃរបួសផងដែរ។

៦. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញ ក៏ដូចជាមុនងាយនឹងលេចឡើងចំពោះស្បែកស្ងួតពេកដូចគ្នា។ លើសពីនេះទៅទៀតជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។ វីតាមីន B នៃផ្លែបឺរក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលទប់ស្កាត់បញ្ហាមុនគួរ​ឱ្យកត់សម្គាល់។

៧. គ្រាប់ធញ្ញជាតិ

រោគមុនក៏អាចកើតឡើងដោយសារការធ្លាក់ចុះទាបនៃកម្រិតជាតិស័ង្កសី វីតាមីន E ម៉ង់កាណែស និងសេលេញ៉ូមក្នុងរាងកាយ។ គ្រាប់ធញ្ញជាតិជាពិសេសគ្រាប់វ៉ាល់ណឺត និងអាល់ម៉ុនមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមទាំងនោះ ព្រមទាំងច្រើនផ្សេងទៀតរួមមានជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ទង់ដែង និងប៉ូតាស្យ៉ូម។ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ផងដែរ។ ទោះជាយ៉ាងណាកុំទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ និងចៀសវាងគ្រាប់ធញ្ញជាតិបំពងខ្លាញ់។

  • អាហារចាំបាច់គួរចៀសវាង ឬកម្រិតការទទួលទាន

១. អាហារកែច្នៃ

អាហារកែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ អាហារប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានអាហារកែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។

២. អាហារធ្វើឡើងពីទឹកដោះគោ

ទឹកដោះគោស្រស់មានផ្ទុកអ័រម៉ូនលូតលាស់ដែលធ្វើ​ឱ្យក្រពេញខ្លាញ់កាន់តែសកម្ម ជាលទ្ធផលស្បែករបស់អ្នកនឹងឡើងខ្លាញ់ច្រើនដែលងាយកើតមុន។ លើសពីនេះទៅទៀត ទឹកដោះគោគុណភាពទាបដែលមានប្រភពពីគោដែលត្រូវបានចិញ្ចឹមឱ្យស៊ីពោត និងសណ្ដែកសៀង មិនមែនស្មៅឡើយ គឺសម្បូរណាស់ ហើយប្រសិនបើអ្នកទទួលទានចំទឹកដោះគោគ្មានគុណភាពច្រើនអ្នកប្រាកដជាងាយនឹងជួបប្រទះបញ្ហានៃរោគមុន។ ហើយចំពោះអ្នកចាញ់ឡាក់តូសវិញ ប្រសិនបើទទួលទានទឹកដោះគោក៏អាចនឹងជួបប្រទះបញ្ហាស្បែកជាច្រើនដូចជា រោគមុន និងជំងឺសើស្បែកត្រអក។

៣. ទឹកផ្លែឈើកំប៉ុង ឬដប

ទឹកផ្លែឈើប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិស្ករមិនចាញ់ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងឡើយ! ជាតិស្ករនៅក្នុងទឹកផ្លែឈើកំប៉ុង ឬដបផ្ដល់ផលអាក្រក់គួរឱ្យព្រួយបារម្ភចំពោះស្បែក ដោយវាបំបែកកូឡាជែនដ៏សំខាន់ក្នុងស្បែក។ លើសពីនេះទៅទៀត ទឹកផ្លែឈើកំប៉ុង ឬដបគ្មានផ្ទុកជាតិសសៃដែលស្បែកត្រូវការចាំបាច់គ្រប់គ្រាន់ឡើយ។ ដូច្នេះដើម្បីជាការប្រសើរចំពោះសុខភាពស្បែកជៀសផុតពីជាតិពុល ក៏ដូចជាបញ្ហានានា ហើយទទួលបាននូវវីតាមីន និងជាតិរ៉ែល្អៗ អ្នកអាចកិនផ្លែឈើស្រស់ ឬបន្លែជាភេសជ្ជៈយកមកទទួលទានដោយខ្លួនឯង ជំនួសការទិញទឹកផ្លែឈើកំប៉ុង ឬដបមកទទួលទាន។អ្នកក៏អាចទទួលទានផ្លែឈើស្រស់ៗតែម្ដងដើម្បីទទួលបាននូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនពេញលេញដែលមានផ្ទុកក្នុងផ្លែឈើ។

៤. អាហារផ្អែមៗ ឬមានផ្ទុកជាតិស្ករខ្ពស់

អ្នកចាំបាច់គួរកម្រិត ឬចៀសវាងអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ប្រសិនបើមិនចង់ឡើងមុនពេញលើស្បែក។ នេះក៏ព្រោះតែជាតិស្ករអាចបង្កការរលាកក្នុងរាងកាយ ព្រមទាំងជះឥទ្ធិពលលើការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមដែលមានប៉ះពាល់លើសុខភាពស្បែក។

៥. អាហារបំពង ឬចៀន

អាហារប្រភេទនេះភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលបង្កបញ្ហាមុនបានយ៉ាងាយលើស្បែក។ ជាតិខ្លាញ់ ក៏ដូចជាជាតិប្រេងក្នុងអាហារបំពងកែច្នៃអាចធ្វើឱ្យស្បែកគ្មានសុខភាពល្អនិងថែមទាំងប្រមូលផ្ដុំខ្លាញ់ហួសប្រមាណទៀតផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង