ជាទូទៅការឈឺចាប់ត្រង់សន្លាក់ គឺច្រើនតែបណ្ដាលមកពីជំងឺរលាកសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! បញ្ហាឈឺសន្លាក់ ជំងឺរលាកសន្លាក់ ក៏ដូចជាការរលាកផ្សេងៗក្នុងរាងកាយ អាចទប់ស្កាត់ជាមុន ឬសម្រាលអាការៈការឈឺចាប់បានតាមរយៈការរួមបញ្ចូលតែធម្មជាតិមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថាតើភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងនូវប្រភេទនៃតែដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីរក្សាសុខភាពសន្លាក់ចៀសផុតពីជំងឺ ឬអាការៈរលាកផ្សេងៗ ៖
១. ទឹកម្នាស់ស្រស់
ទឹកផ្លែម្នាស់ស្រស់ គឺមានផ្ទុកនូវជាតិអាស៊ីតធម្មជាតិដែលអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់និងកាត់បន្ថយអាការៈឈឺសន្លាក់បានយ៉ាងប្រសើរ។ ហើយប្រសិនបើអ្នកមានការឈឺចាប់ខ្លាំងបន្ទាប់ពីធ្វើលំហាត់ប្រាណអ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។
២. ទឹកប៉ោមស្រស់
ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុប្រឆាំងការរលាកមួយទៀតហៅថា quercetin ដែលមានប្រសិទ្ធិភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង ក៏ដូចជាបន្ធូរអាការៈនៃជំងឺរលាកសន្លាក់ផងដែរ។
៣. ទឹកការ៉ុតស្រស់
ក្រៅពីល្អសម្រាប់សុខភាពភ្នែកហើយនោះ វីតាមីន A ក៏មានឥទ្ធិពលខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងការរលាកផងដែរ។ ការដាក់បញ្ចូលការ៉ុតក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់ជំងឺរលាកសន្លាក់មិនឲ្យកើតឡើង ឬកាត់បន្ថយអាការៈនៃជំងឺ។
៤. ទឹកក្រូចស្រស់
ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយដោះស្រាយបញ្ហារលាកសន្លាក់បានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយអាការៈហើមឈឺសន្លាក់និងចាំបាច់សម្រាប់ពង្រឹងភាពរឹងមាំនៃឆ្អឹងខ្ចី។
៥. តែខ្ញី
តែខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ហើយនៅពេលការរលាកត្រូវបានកាត់បន្ថយ ការឈឺចាប់ក៏បាត់ទៅតាមនោះដែរ។
៦. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដូច្នេះដើម្បីជៀសផុត ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ ចូរទទួលទានតែបៃតងជាប្រចាំ។
៧. តែរមៀត
រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ រមៀតមានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។ អ្នកអាចលាយម្សៅរមៀតកន្លះស្លាបព្រាជាមួយទឹកដោះគោ ១ ពែង។
៨. តែឈើអែម
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតនៃឈើអែម គឺប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ។ ដូច្នេះការទទួលទានតែឈើអែមជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសុខភាពផ្សេងៗដែលកើតឡើងដោយសារការរលាកក្នុងរាងកាយរួមបញ្ចូលទាំងអាការៈឈឺសន្លាក់។
៩. ទឹកធម្មតា
ឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ ៨០ ភាគរយ។ ទឹក គឺចាំបាច់ណាស់ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេលចលនាភ្លាមៗដូចជា រត់ ឬលោត។
ប្រយ័ត្ន! ប្រសិនបើកំពុងប្រើប្រាស់ថ្នាំណាមួយដែលមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតត្រឹមត្រូវ អ្នកមិនគួរឈប់លេបដោយប្ដូរមកទទួលទានតែរុក្ខជាតិណាមួយជំនួសឡើយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនទើបប្រសើរ៕