ប្រើ​សាប៊ូ​និង​ទឹក​ក្ដៅ​អ៊ុ​នៗ​លាង​ស្នាម​មុត​ដាច់ដោច​និង​រលាត់​ផ្សេងៗ​ វិធី​ព្យាបាល​ដ៏​ល្អ​ចំពោះ​ស្នាម​រលាត់​និង​មុត​តូចតាច​ គឺ​ត្រូវ​លាង​ជាមួយនឹង​សាប៊ូ​និង​ទឹក​ក្ដៅ​អ៊ុ​នៗ​។​ ការ​លាង​ដោយ​ប្រុង​ប្រយ័ត្ន​អាច​ជួយ​បង្ការ​មិន​ឲ្យ​មានការ​បង្ក​រោគ​បាន​។​ ក្រោយ​ពី​លាង​ រួច​ជូត​របួស​ដោយ​ស្បៃ​ស្អាត​រួច​ហើយ​ គេ​ត្រូវ​រុំ​វា​ឲ្យ​ជិត​ ដើម្បី​ឲ្យ​វា​នៅ​ស្អាត​រហូត​ដល់​ស្នាម​មុត​សះជា​។​ ត្រូវ​បន្ត​លាង​ក្នុង​មួយ​ថ្ងៃ​ម្តងៗ​រហូត​ទាល់តែ​ស្នាម​មុត​សះជា​ដាច់​។​

ចំពោះ​ស្នាម​មុត​ធំៗ​ ពិត​ណាស់​ថា​លោក​អ្នក​ត្រូវ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​របស់​លោក​អ្នក​។​ ស្នាម​មុត​បែប​នេះ​មួយ​ចំនួន​ធំ​ទាមទារ​ឲ្យ​មានការ​ដេរ​ភ្ជិត​ដើម្បី​កុំ​ឲ្យ​មាន​ស្លាកស្នាម​ធំ​ពេល​ជា​ទៅ​។​ វា​គឺជា​ការ​សំខាន់​ខ្លាំង​ណាស់​ដែល​ត្រូវ​រក្សា​ថ្នេរ​ឲ្យ​នៅ​ស្អាត​និង​ស្ងួត​រហូត​ទាល់តែ​ដល់​ពេល​កាត់​ហូត​យក​ចេញ​។​ ត្រូវ​ត្រួតពិនិត្យ​មើល​របួស​ជា​រៀងរាល់ថ្ងៃ​ ក្រែង​មាន​សញ្ញា​បញ្ជាក់​អំពី​ការ​បង្ក​រោគ​ ដូច​ជា​មានការ​ឈឺ​ចុកចាប់​កាន់តែ​ខ្លាំង​ មាន​ហើម​ ឡើង​ក្រហម​ ឬ​មាន​ហូរ​ទឹករងៃ​។​

របួស​ដែល​អាច​នឹង​មានការ​ចម្លងរោគ​ដោយ​កំទេចកំទី​ ដី​ ឬ​របស់របរ​មិន​ស្អាត​ ត្រូវ​តែ​រាយការណ៍​ប្រាប់​គ្រូពេទ្យ​របស់​លោក​អ្នក​។​ គ្រូពេទ្យ​អាច​ប្រាប់​ឲ្យ​ទៅ​ចាក់​ថ្នាំ​បង្ការ​តេ​តា​ណុ​ស​ ជា​ពិសេស​បើ​មាន​ស្នាម​មុត​ជ្រៅៗ​ ឬ​របួស​ធំ​។​ ប្រសិនបើ​កូន​របស់​លោក​អ្នក​បាន​ចាក់​ថ្នាំ​បង្ការ​បី​បែប​ រួច​បាន​ចាក់​ថ្នាំ​បង្ការ​តេ​តា​ណុ​ស​ក្នុង​ពេល​៥​ឆ្នាំ​មុន​រួច​ហើយ​ គេ​អាច​មិន​ចាំបាច់​ទៅ​ចាក់​ថ្នាំ​បង្ការ​តេ​តា​ណុ​សទៀត​ទេ​។​ បើ​លោក​អ្នក​មិន​ច្បាស់​ទេ​ គួរតែ​ទៅ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​។​

ជួនកាល​របួស​អាច​នឹង​កើត​មាន​ឡើង​ដោយ​ការ​ដួល​ទៅ​លើ​អំបែង​កែវ​ឬ​មែកឈើ​។​ ក្នុង​ករណី​បែប​នេះ​ វា​អាច​នឹង​មាន​បំណែក​អំបែង​កែវ​ ឈើ​ឬ​គ្រួ​ស​សេសសល់​នៅ​ក្នុង​របួស​។​ ត្រូវ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​ ដើម្បី​ឲ្យ​ច្បាស់​ថា​តើ​មាន​អ្វី​ដែល​ត្រូវ​វះកាត់​យក​ចេញ​ដែរ​ឬទេ​។​ ជួនកាល​គេ​ត្រូវ​ធ្វើការ​ឆ្លុះ​ដោយ​កាំរស្មី​អ៊ិ​ក​ថែម​ទៀត​ ដើម្បី​កំណត់​រក​ទីតាំង​របស់​អំបែង​ និង​សម្រេច​ថា​តើ​ត្រូវ​វះ​យក​ចេញ​ដែរ​ឬទេ​។​ ស្នាម​មុត​ដែល​មិន​ចេះ​សះជា​សោះ​ ឬ​ប្រែ​ទៅ​ជា​ក្លាយ​ (​មាន​ស្នាម​ក្រហម​ ឈឺ​ចុកចាប់​ ឬ​មាន​ហូរ​ទឹករងៃ​)​ អាច​ ដោយសារ​មក​ពី​មាន​បំណែក​អ្វី​ប្លែ​កេស​ស​សល់​នៅ​ខាងក្នុង​។