តាម​ធម្មតា​មាន​រលាក​កាលណា​មានការ​ប៉ះ​ជាមួយ​ទឹក​ ប្រេង​ ឬ​ខ្លាញ់​ក្តៅ​ឬ​ជាមួយនឹង​វត្ថុ​ផ្សេងៗ​ទៀត​ដែល​អាច​បង្ក​របួស​ដល់​ស្បែក​បាន​។​ ការ​ស្ថិត​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​យូរ​ក៏​អាច​ធ្វើ​ឲ្យ​មាន​រលាក​ផង​ដែរ​។​ ការ​រលាក​អាច​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ជា​៣​កម្រិត​។​ ការ​រលាក​កម្រិត​ទី​៣​គឺជា​របួស​ធ្ងន់ធ្ងរ​ ដែល​អាច​ទាមទារ​ជា​រឿយៗ​ឲ្យ​មានការ​ផ្សាំ​បណ្តុះ​ស្បែក​។​

ការ​ព្យាបាល​ដំបូងៗ​នៃ​ការ​រលាក​គឺ​ត្រូវ​ដាក់​កន្លែង​ដែល​របួស​ក្នុង​ទឹក​ត្រជាក់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ក៏​ប៉ុន្តែ​មិនមែន​ដាក់​ក្នុង​ទឹកកក​នោះ​ទេ​។​ សូមកុំ​លាប​ក្រមួន​ ខ្លាញ់​ បឺ​រ​ ក្រែ​ម​ ឬ​ផលិតផល​ប្រេងកាត​អ្វី​នីមួយៗ​ឲ្យ​សោះ​ ព្រោះ​គ្រូពេទ្យ​នឹង​ត្រូវ​ដកហូត​យក​វា​ចេញ​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​កូនលោក​អ្នក​ឈឺចាប់​បន្ថែម​ពីលើ​របួស​ថែម​ទៀត​។​

បើសិនជា​មាន​ឡើង​ពង​ សូម​ទុក​វា​ចោល​កុំ​ប៉ះ​ និង​កុំ​បំបែក​វា​ឲ្យ​សោះ​ ព្រោះ​ទឹក​ដែល​នៅ​ខាងក្នុង​នោះ​មិន​មាន​មេរោគ​ទេ​។​ កាលណា​អ្នក​បំបែក​វា​ នោះ​គឺ​អ្នក​បើកចំហរ​ឲ្យ​មេរោគ​ចូល​ទៅ​ក្នុង​របួស​ហើយ​។​ ក៏​ប៉ុន្តែ​បើ​ពងទឹក​ណាមួយ​បាន​បែក​រួច​ទៅ​ហើយ​ យក​ល្អ​អ្នក​ត្រូវ​យក​តំបៀត​ដែល​បាន​ដាក់​ស្ងោរ​ក្នុង​ទឹក​ពុះ​ចំនួន​៥​នាទី​ មក​ចាប់​យក​ស្បែក​ដែល​ដាច់ដោច​នោះ​ចេញ​ រួច​ហើយ​យក​ស្បៃ​ស្អាត​គ្មាន​រោគ​មក​រុំ​គ្រប​ពីលើ​។​ គ្រូពេទ្យ​ឬ​គិលានុប្បដ្ឋាយិកា​នឹង​ពិនិត្យ​មើល​ពងទឹក​ដែល​បាន​បែក​ រួច​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ទិញ​ក្រមួន​អង់​ទី​ប៊ី​យ៉ូ​ទិច​ពិសេស​ណាមួយ​យក​មក​លាប​ដើម្បី​បង្កា​ការ​ចម្លងរោគ​។​

បើ​ពងទឹក​មិន​បែក​ទេ​ ប៉ុន្តែ​មាន​សញ្ញា​បង្ហាញ​ថា​មា​នក​ខ្ទុះ​ ដូច​ជា​មាន​ក្រហម​នៅ​ជុំវិញ​ នោះ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ឬ​គិលានុប្បដ្ឋាយិកា​ភ្លាម​។​ សូមកុំ​យក​អ៊ី​យ៉ូ​ឌី​ន​ឬ​អង់​ទី​សិប​ទិច​ណាមួយ​មក​លាប​ពីលើ​ស្នាម​រលាក​ឲ្យ​សោះ​ បើ​គ្មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ឬ​គិលានុប្បដ្ឋាយិកា​ទេ​។​

ក្រៅ​តែ​ពី​ការ​រលាក​តិចតួច​ដោយ​កំ​ដៅ​ព្រះអាទិត្យ​មួយ​ចេញ​ រាល់​ការ​រលាក​ទាំងអស់​ត្រូវ​តែ​ឲ្យ​គ្រូពេទ្យ​ឬ​គិលានុប្បដ្ឋាយិកា​ពិនិត្យ​មើល​។​ ហើយ​វា​កាន់តែ​ចាំបាច់​ណាស់​ទៅ​ទៀត​ចំពោះ​ការ​រលាក​នៅ​លើ​មុខ​ ដៃ​ ប្រដាប់​ភេទ​ ដែល​ ការ​យឺតយូរ​ក្នុង​ការ​ព្យាបាល​នឹង​ធ្វើ​ឲ្យ​មាន​ស្លាកស្នាម​ឬ​ពិការ​ភាព​។