ក្នុងសម័យការភារូបនីយកម្ម និងបចេ្ចកវិទ្យានេះសំពាធនៃការងារ បញ្ហាផ្ទាល់ខ្លួន វិបត្តិហិរញ្ញវត្ថុ វាជាបញ្ហាប្រឈមសំរាប់មនុស្សក្នុងជីវិតប្រចាំថ្ងៃ។ ការតាំងសមាធិ បានធ្វើអោយមានភាពកធូរស្រាលយ៉ាងច្រើនដែលជាហេតុផលមួយជំរុញអោយបុគ្គលទាំងឡាយងាកមករកការធ្វើលំហាត់ប្រាណបែបនេះ។
មានមនុស្សជាច្រើនបានយល់ដឹងថាប្រាក់តែម្យ៉ាងមិនអាចផ្តល់អោយពួកគេនូវសេចក្តីសុខផ្នែកផ្លូវចិត្តបានទេ។ ដោយមានការកើនឡើងនៃចំនួនប្រជាពលរដ្ឋជាសកល គឺវាបានជំរុញអោយពួកគេងាកទៅរកដំណោះស្រាយមួយសមញ្ញដូចជា ការធ្វើយូហ្គា ការភាវនា បាននឹងកំពុងជំរុញអោយមានការចាប់អារម្មណ៍ និងចូលរួមជាច្រើន ដើម្បីមានសន្តិភាពក្នុងខ្លួន។ ការធ្វើភាវនា គឺជាមធ្យោបាយមួយដែលត្រូវបានគេមើលឃើញថាបានផ្តល់អត្ថប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃ។
តើអ្វីជាការតាំងសមាធិ?
ការធ្វើតាំងសមាធិ គឺជាដំណើរការមួយដែលតំរូវអោយមានការអនុវត្តន៍ ជាជំហ៊ាន រឺជាដំណាក់កាល នៅក្នុងរយះពេលមួយ ដែលអាចនាំអោយអ្នកទទួលបាននូវកំរិតមួយដ៏ខ្ពស់នៃការយល់ដឹងអំពី ភាពស្ងប់ស្ងាត់ ភាពស្រស់ថ្លា និងសុភមង្គលដ៏ពិតប្រាកដ។ ការធ្វើសមាធិ គឺត្រូវបានអនុវត្តក្នុងបរិយាកាសដែលសប្បាយរីករាយ អាចកំចាត់ចោលនូវភាពស្មុគស្មាញ ក្តីកង្វល់ និងអារម្មណ៍នៃការបាត់បង់។
របៀបនៃការធ្វើសមាធិ
អង្គុយក្នុងទីតាំងមួយដែលមានផាសុខភាព ដោយរក្សាខ្លួនអោយត្រង់ និងបិទភ្នែក។ ដកដង្ហើមធំអោយបាន២ ឬ៣ដងដោយផ្ចង់អារម្មណ៍ទៅនឹងខ្ចល់ដង្ហើមចេញចូល។ ព្យាយាមបង្កើតអារម្មណ៍មួយហោះហើរ រសាត់អណ្តែតតាមវាយោ នេះជាចំនុចមួយតែមួយគត់ដែលអ្នកត្រូវតែផ្ចង់អារម្មណ៍ ខណះវាជាវត្ថុបំណងនៃការធ្វើភាវនា។ អនុវត្ត អោយបាន១០នាទីជារៀងរាល់ថ្ងៃ ហើយបង្កើនរយះពេលនេះបន្តិចម្តងៗដោយថាមពល។ នៅក្នុងអំឡុងពេលនៃការអនុវត្តនេះ អារម្មណ៍របស់អ្នកនឹង ធ្វើដំណើរទៅកាន់រាប់ពាន់កន្លែង សូមកុំព្រួយបារម្ភអោយសោះ។ ឆាប់ប៉ុណ្ណាដែលអ្នកមានអារម្មណ៍បែបនេះ ចូលនាំអារម្មណ៍របស់អ្នកដោយផ្ចង់ទៅកាន់ខ្យល់ដង្ហើម និងរក្សាអោយវាបាននៅទីនោះ។
តើការតាំងសមាធិបានដើរតួនាទីអ្វីខ្លះ?
វាត្រូវបានអនុវត្តន៍ដោយមនុស្សគ្រប់វ័យទាំងអស់។ តួនាទីវាក្នុងជីវិតប្រចាំថ្ងៃ គឺជាអ្នកសំរបសំរួលនៃដំណើរការសុភមង្គលផ្ទាល់ខ្លួនផ្នែករាងកាយ និងអារម្មណ៍។ វាក៏អាចធ្វើអោយមនុស្សមានភាពរស់រវើកក្នុងការប្រកបមុខរបរប្រចាំថ្ងៃក្នុងកំរិតមួយដ៏អស្ចារ្យ។
ហេតុអ្វីចាំបាច់ត្រូវធ្វើការតាំងសមាធិ?
ជារឿយៗយើងតែងតែឃើញមនុស្សបណ្តែតបណ្តោយខ្លួនទៅតាមអារម្មណ៍របស់ខ្លួន។ ការធ្វើសមាធិ នឹងផ្តល់អោយពួកគេកំចាត់ចោលនូវភាពកំសោយរបស់ពួកគេ។ អំណាចនៃការគិតវិជ្ជមាននឹងចូលមកជំនួសផ្នត់គំនិតអវិជ្ជមាន។ ការតាំងសមាធិ ជាប្រចាំនឹងធ្វើអោយមនុស្សចាកឆ្ងាយពីអំពើហឹង្សា និងយល់ពីតំលៃអត្ថន័យនៃជីវិត៕