រឿងមួយដ៏សំខាន់បំផុតដែលអ្នកត្រូវដឹងនោះគឺថា ថ្នាំផ្សះគ្រាន់តែអាចជួយព្យាបាលជំងឺដែលបង្កឡើងដោយបាក់តេរីប៉ុណ្ណោះ តែវាមិនមានប្រសិទ្ធភាពសម្លាប់វីរុសបង្កជំងឺឡើយ។ ដូច្នេះបើសិនវាអ្នកមិនទាន់ច្បាស់ថា អ្នកមានជំងឺបង្កឡើងដោយបាក់តេរីទែ យកល្អគួរតែកុំអាលគិតគូរអំពីការប្រើថ្នាំផ្សះអី។ ក្រៅពីនេះ មានរឿងមួយចំនួនតូចដែលអ្នកគួរតែយកចិត្តទុកដាក់ផងក្នុងពេលប្រើថ្នាំផ្សះម្តងៗ។
- ថ្នាំផ្សះគួរតែញ៉ាំជាមួយទឹកធម្មតា
- ចូរចៀសវាងការប្រើភេសជ្ជៈផ្សេងៗជាពិសេសភេសជ្ជៈមានជាតិហ្គាស ឬទឹកផ្លែឈើ។ ថ្នាំផ្សះមិនគួរញ៉ាំជាមួយទឹកតែ ទឹកផ្លែឈើក្រឡុក ទឹកដោះគោ ឬទឹកផ្លែឈើច្របាច់ផ្សេងៗឡើយ ព្រោះភេសជ្ជៈទាំងនេះសម្បូរជាតិដែក និងកាលស្យូមដែលរំខានដល់ប្រសិទ្ធភាពរបស់ថ្នាំ
- បើសិនជាធ្វើទឹកផ្លែឈើនោះរួចហើយ ចូរប្រាកដថា អ្នកបានលេបថ្នាំផ្សះយ៉ាងហោចណាស់ ២ម៉ោងមុន
- ថ្នាំផ្សះពិសេសៗមួយចំនួនដូចជា Ampicillin, Ciprofloxacin, Doxycycline និង Tetracycline មិនគួរណាញ៉ាំជាមួយអាហារឡើយ។ យកល្អគួរតែរងចាំយ៉ាងហោចណាស់ ២ ទៅ៤ម៉ោងដែរក្រោយពីញ៉ាំអាហាររួច។
ចំពោះកម្រិតនៃការប្រើប្រាស់វិញ អ្នកគួរតែធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យថាពេលណាគួរប្រើ និងប្រើយូរប៉ុណ្ណា។
ថ្នាំផ្សះជាធម្មតាគឺគ្រូពេទ្យចេញឲ្យប្រើប្រាស់ចាប់ពី ៧ ទៅ១០ថ្ងៃ។ បើសិនជាបញ្ឈប់ការប្រើមុនកំណត់ វានឹងធ្វើឲ្យបាក់តេរីស៊ាំថ្នាំផ្សះបាន។
នេះគឺជារឿងមួយគ្រោះថ្នាក់បំផុត ព្រោះថានៅពេលបាក់តេរីស៊ាំថ្នាំ ថ្នាំផ្សះនោះនឹងលែងមានប្រសិទ្ធភាពព្យាបាលជំងឺដដែលនោះទៀតហើយ។
ជាមួយគ្នានេះដែរ ចូរចាំថា អ្នកត្រូវតែប្រើថ្នាំក្នុងពេលវេលាពិសេសៗណាមួយដែលគ្រូពេទ្យបានប្រាប់ ឧទាហរណ៍ជារៀងរាល់ ៤ ទៅ៦ម៉ោងម្តង។ បើសិនជាអ្នកភ្លេចលេប ឱកាសនៃការស៊ាំថ្នាំនឹងអាចកើនឡើងខ្ពស់៕