គ្រូពេទ្យខាងជំនាញជំងឺទូទៅបាននិយាយថា ក្រោយពីប្រើថ្នាំផ្សះរយៈពេលយូរ អ្នកជំងឺច្រើនតែមានបញ្ហារំលាយអាហារច្រើនជាពិសេសទល់លាមក ឬរាករូសតែម្តង។ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវឈប់លេបថ្នាំឡើយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យ និងប្រាប់ពួកគាត់អំពីរឿងនេះទៅ ពេលនោះគាត់នឹងផ្លាស់ប្តូរថ្នាំផ្សេងដែលមានលក្ខណៈដូចគ្នាឲ្យអ្នកប្រើវិញហើយ។
ផលរំខាននៃថ្នាំផ្សះដែលកើតមានជាញឹកញាប់មួយចំនួនមានដូចជា៖
• រាករូស
• ឈឺក្រពះតិចតួច
• ចង្អោ
• មិនឃ្លានអាហារ
• ហើមពោះ និងក្រពះមិនកិនអាហារ
• មានប្រតិកម្មអាឡែហ្ស៊ីដូចជា កណ្តាស ក្អក និងបេះដូងដើរកាន់តែលឿន
អ្នកគួរតែស្វែងរកជំនួយពីគ្រូពេទ្យបើសិនជាអ្នកធ្លាប់មានអាការៈ ឬផលរំខាននៃថ្នាំផ្សះដូចខាងក្រោមនេះ៖
• ឈឺក្រពះ និងរាករូសខ្លាំងក្លា
• ពិបាកដកដង្ហើម
• ក្អួត
• មានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ (ហើមមុខ ភ្នែក ឬអណ្តាត)
• រមាស់នៅទ្វារមាស
ចូរពិគ្រោះជាមួយគ្រូពេទ្យផងមុនពេលអ្នកសម្រេចចិត្តប្រើថ្នាំផ្សះបើសិនជាអ្នកត្រូវបានគ្រូពេទ្យណែនាំឲ្យប្រើថ្នាំតាមវេជ្ជបញ្ជាដូចខាងក្រោមនេះ៖
• ថ្នាំគ្រាប់ពន្យាកំណើត
• ថ្នាំរំលាយកំណកឈាម
• ថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមដូចជា អាំងស៊ុយលីន
• ថ្នាំបន្សាបអាស៊ីតក្រពះ
• ថ្នាំបំបាត់ការឈឺក្បាលបែបប្រកាំង
• ថ្នាំបញ្ចុះកូឡេស្តេរ៉ុល
• ថ្នាំបំបាត់ការបាក់ទឹកចិត្ត
• ថ្នាំបំប៉នវីតាមីន
អ្វីដេលគួរប្រុងប្រយ័ត្នខណៈពេលកំពុងតែប្រើថ្នាំផ្សះ៖
• មិនត្រូវទុកថ្នាំផ្សះប្រើនៅថ្ងៃក្រោយឡើយ
• ការប្រើថ្នាំផ្សះមិនគ្រប់ចំនួនតាមការណែនាំពីគ្រូពេទ្យ អាចនាំឲ្យរេស៊ីស្តង់ថ្នាំផ្សះបាន
• ចូរប្រាប់គ្រូពេទ្យផងបើសិនជាអ្នកមានប្រតិកម្មអាឡែហ្ស៊ីនឹងថ្នាំផ្សះកាលពីមុន
• អ្នកក៏គួរតែប្រាប់គ្រូពេទ្យផងបើសិនជាកំពុងតែមានផ្ទៃពោះ ឬបំបៅដោះកូន ដូច្នេះគាត់នឹងជ្រើសរើសថ្នាំផ្សះណាមួយដែលស័ក្តិសមសម្រាប់អ្នកជាងគេវិញ៕