Join with Health.com.kh on Telegram

មនុស្សសឹងតែរាប់លាននាក់ទៅហើយក្នុងពិភពលោកដែលចូលចិត្តទទួលទានកាហ្វេជាងភេសជ្ជៈដទៃទៀត។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណា តើអ្នកធ្លាប់ដឹងទេថាក្រៅពីគ្រាន់តែទទួលទានធម្មតាហើយនោះកាហ្វេអាចយកទៅប្រើប្រាស់ផ្ដល់ប្រយោជន៍ច្រើនផ្សេងទៀត? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីជាច្រើនទៀតដែលអ្នកអាចធ្វើបានជាមួយកាហ្វេក្រៅពីគ្រាន់តែទទួលទាន ៖

១. ម៉ាសសម្រាប់អ្នកមានបញ្ហាស្បែកមុខខ្លាញ់

ក្រៅពីមានរសជាតិឆ្ងាញ់ក្លិនឈ្ងុយហើយនោះ កាហ្វេអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះស្បែក។ កាកកាហ្វេអាចកម្ចាត់កោសិកាស្បែកងាប់ៗ និងទប់ស្កាត់ស្នាមជ្រួញលើស្បែកតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ អ្នកអាចប្រើប្រាស់កាកកាហ្វេលើមុខតែម្ដង ឬប្រើប្រាស់វាជាម៉ាសដោយបន្ថែមម្ស៉ៅ baking soda ១ ស្លាបព្រាកាហ្វេចូល។ បន្ទាប់មកលាយឱ្យសព្វ សឹមលាបលើផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេល ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ចុងក្រោយលាបគ្រីមផ្ដល់សំណើមដល់ស្បែកជាការស្រេច។ រូបមន្តនេះផ្ដល់អត្ថប្រយោជន៍ពិសេសចំពោះអ្នកដែលមានស្បែកមុខខ្លាញ់។

២. កម្ចាត់ខ្លាញ់កកក្រោមស្បែក

កាហ្វេមានផ្ទុកនូវជាតិកាហ្វេអ៊ីនជួយកម្ចាត់ខ្លាញ់កកក្រោមស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយកាកកាហ្វេដែលឆុងរួចជាមួយប្រេងដូងចំនួនសមល្មម។ បន្ទាប់មកលាបល្បាយលើតំបន់ដែលទទួលរងផលប៉ះពាល់ក្នុងចលនាម៉ាស្សាបែបរង្វង់យឺតៗសម្រាប់រយៈពេលប៉ុន្មាននាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

៣. ខាត់ស្បែកកម្ចាត់កោសិកាងាប់ៗ

កាហ្វេ គឺជាផលិតផលខាត់ស្បែកបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយកម្ចាត់កោសិកាស្បែកងាប់ៗ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយកាកកាហ្វេមួយចំនួនជាមួយប្រេងអូលីវ។ បន្ទាប់មកកូរឱ្យសព្វ សឹមលាបដុសខាត់លើស្បែកកន្លែងដែលអ្នកចង់ខាត់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៤. ជួយឱ្យរាងស្លីម

មានមូលហេតុច្រើនណាស់ដែលធ្វើឱ្យការទទួលទានកាហ្វេជាប្រចាំ ឬទៀតទាត់ជួយឱ្យអ្នករក្សាបាននូវរាងស្លីមស្រស់ស្អាត។ ទី១ នោះ គឺកាហ្វេមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកចេញពីរាងកាយ ហើយទី២ គឺវាមានផ្ទុកសារធាតុកាហ្វេអ៊ីនដែលជួយបង្កើនអត្រានៃការដុតរំលាយអាហារក្នុងរាងកាយ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា អ្នកគួបផ្សំការទទួលទានកាហ្វេជាមួយការធ្វើលំហាត់ប្រាណដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

៥. ព្យាបាលសក់ខូច

កាហ្វេមិនត្រឹមតែធ្វើឱ្យសក់ទន់រលោងប៉ុណ្ណោះទេ ប៉ុន្តែក៏ព្យាបាលសក់ជ្រុះបានផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងកាហ្វេមួយចំនួន (បរិមាណល្មមលាបបានពេញសក់)។ បន្ទាប់មកទុកឱ្យចុះត្រជាក់បន្តិចសិន សឹមលាបម៉ាស្សាទៅលើសក់ និងស្បែកក្បាលរបស់អ្នក។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចអនុវត្តរូបមន្តព្យាបាលសក់បែបធម្មជាតិនេះម្ដងក្នុងមួយសប្តាហ៍។

៦. កម្ចាត់ស្នាមដក់ខ្មៅក្រោមភ្នែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់បន្ទះសំឡីមួយគូក្នុងកាហ្វេដែលក្ដៅឧណ្ហមិនរលាក។ បន្ទាប់មកច្របាច់បន្ទះសំឡីបន្តិច សឹមយកមកបិតលើភ្នែកសម្រាប់រយៈពេលពី ២ ទៅ ៣នាទី៕