ជាធម្មតាការហើមពោះក្រោយទទួលទានអាហាររួច គឺជាអាការៈទូទៅមួយនៃបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងនៅពេលជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះដែលបណ្ដាលឲ្យប៉ោងតឹង ឬហើមពោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមានកត្តាផ្សេងៗច្រើនណាស់ដែលបង្កបញ្ហាហើមពោះរួមបញ្ចូលទាំងការទទួលទានលឿនពេក ការនិយាយខណៈពេលទទួលទាន ហើយពេលខ្លះក៏អាចបណ្ដាលមកពីប្រភេទនៃអាហារដែលអ្នកទទួលទានដែរ។ ការហើមតឹងណែនក្នុងពោះក្រោយអាហារ គឺធ្វើឲ្យយើងពិបាកក្នុងខ្លួនមានអារម្មណ៍មិនស្រួលសោះ។ ប៉ុន្តែកុំបារម្ភ!ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបបអាហារដែលអ្នកគួរប្រកាន់ខ្ជាប់នៅពេលមានបញ្ហាឧស្សាហ៍ហើមពោះ៖

១. ផ្លែបឺរ

ផ្លែជាប្រភពដ៏ល្អបំផុតមួយនៃជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយអាការៈហើមពោះ។

២. យ៉ាអួរ

ដើម្បីជៀសវាងបញ្ហាជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះនោះ វាពិតជាសំខាន់ណាស់ក្នុងការទទួលទាននូវអាហារដែលមានប្រសិទ្ធិភាពជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ចូរបន្ថែមអាហារដែលមានផ្ទុកជាតិប្រូបាយអូទិកដូចជា យ៉ាអួរ ជាដើមចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក វិធីនេះនឹងជួយសម្រួលដល់ដំណើរការមុខងារនៃក្រពះនៅពេលអ្នកទទួលទានអាហារផ្សេងៗ ក៏ដូចជារក្សានូវតុល្យភាពនៃបាក់តេរីល្អៗក្នុងពោះវៀន។

៣. ខ្ញី 

នោះក៏ព្រោះតែបន្លែមើមនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលជួយកាត់បន្ថយការរលាកក្នុងពោះវៀនធំ។ លើសពីនេះទៅទៀត ខ្ញីក៏មានផ្ទុកនូវសារធាតុ zingibain ដែលជាអង់ស៊ីមមួយជួយសម្រួលដល់ការរំលាយអាហារ ហើយទទួលខុសត្រូវចំពោះការបំបែកប្រូតេអ៊ីននៅក្នុងរាងកាយនិងថែមទាំងសម្រួលដំណើរការមុខងារនៃពោះវៀនផងដែរ។

៤. ជីអង្កាម

មានប្រសិទ្ធិភាពព្យាបាលអាការៈហើមពោះនិងបញ្ហាពិបាករំលាយអាហារបានយ៉ាងប្រសើរ នោះក៏ព្រោះតែជីអង្កាមបង្កើនការផលិតទឹកប្រម៉ាត់ដែលជួយរាងកាយឱ្យកម្ចាត់ជាតិខ្លាញ់កាន់តែល្អជាងមុន។

៥. ផ្លែចេក

សារធាតុប៉ូតាស្យូមដែលមានផ្ទុកនៅក្នុងផ្លែចេក គឺជួយក្នុងការដោះស្រាយបញ្ហាហើមពោះប្រកបដោយប្រសិទ្ធិភាព។ នេះក៏ព្រោះតែមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឲ្យហើមពោះនោះ គឺដោយសារអ្នកបានទទួលទានអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់ច្រើនពេក។ ការទទួលទានផ្លែចេកដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមអាចជួយកម្ចាត់ជាតិសូដ្យូមនិងជាតិទឹក ឬសារធាតុរាវដែលលើសចេញពីក្នុងប្រព័ន្ធ។

៦. គ្រាប់ជី

មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម ​និងជាតិសសៃ រួមទាំងវីតាមីន B6 ដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាហើមពោះបានយ៉ាងប្រសើរ។

៧. ត្រសក់

ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងជាតិទឹកខ្ពស់ដែលជួយធ្វើឱ្យនោមញឹក ហើយអ្នកនឹងមានអារម្មណ៍ថាមិនសូវតឹងពោះ។

៨. ផ្លែល្ហុងទុំ

ជាប្រភពដ៏ប្រសើរនៃសារធាតុ Papain រួមទាំងជាតិសសៃខ្ពស់ដែលជួយបន្ទន់លាមកនិងសម្រួលចលនាពោះវៀន។ ដូច្នេះចូរព្យាយាមទទួលទានផ្លែល្ហុងទុំ ឬទឹកល្ហុងស្រស់។

  • ទម្លាប់ចាំបាច់គួរចៀសវាង

១​​. ទទួលទានអាហារកញ្ចប់ច្រើនពេក

អាហារកញ្ចប់ ឬអាហារកែច្នៃមានផ្ទុកជាតិសូដ្យូមខ្ពស់ដែលអាចនាំឱ្យហើមពោះ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានអាហារស្រស់ៗជំនួសវិញ ឬកម្រិតការទទួលទានអាហារកញ្ចប់និងជ្រើសរើសប្រភេទដែលមានផ្ទុកជាតិសូដ្យូមត្រឹម ៥០០ មីលីក្រាម ឬតិចជាងនេះ។

២. ទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ច្រើន

អ្នកក៏ចាំបាច់គួរកម្រិតការទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ សូម្បីតែខ្លាញ់ល្អមួយក៏អាចបង្កអាការៈហើមពោះបានផងដែរ។ ប្រសិនបើអ្នកឧស្សាហ៍ហើមពោះ ចូរជ្រើសរើសរបបអាហារមានជាតិខ្លាញ់ទាបបំផុត។

៣. មិនកម្រិតការទទួលទានភេសជ្ជៈកាបូណាត

ជាតិហ្គាសក្នុងភេសជ្ជៈកាបូណាតអាចបណ្ដាលឱ្យអ្នកហើមពោះបានយ៉ាងងាយ។ ដូច្នេះអ្នកមិនគួររួមបញ្ចូលភេសជ្ជៈមានជាតិហ្គាសក្នុងរបបអាហារឡើយ។

៤. ទំពារអាហារលឿនពេក

មានមូលហេតុពីរដែលបញ្ជាក់ថា ការទទួលទានអាហារលឿនៗ គឺមិនល្អសោះឡើយ។ ទី ១ ការបរិភោគលឿនធ្វើឱ្យអ្នកទំពារអាហារមិនបានល្អ ឬច្រើនគ្រប់គ្រាន់ដែលបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។ ទី ២ នោះ គឺវាធ្វើឱ្យអ្នកលេបខ្យល់ចូលពោះដោយចៃដន្យច្រើនជាងធម្មតាជាហេតុបណ្ដាលឱ្យងាយនឹងហើមពោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង