​ការឈឺចាប់​ឆ្អឹងខ្នង​ប្រហែល​ជា​អាការៈ​មួយ​ក្នុងចំណោម​ជំងឺដ៏​គួរឱ្យ​កត់សម្គាល់​មួយ​នៅក្នុង​សហរដ្ឋអាមេរិក​។ មនុស្ស​ជំទង់​អាមេរិក​ពីរភាគបី​នឹង​កើតមាន​ជំងឺ​នេះ​នៅក្នុង​ពេល​ណាមួយ​ក្នុង​ជីវិត​របស់​ពួកគេ​។ ជា​លទ្ធផល ជំងឺ​ឈឺ​ឆ្អឹងខ្នង​នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​បង្ករ​ឱ្យមាន​ពិការភាព​ក្នុងចំណោម​ប្រជាជន​អាមេរិក​ដែល​មាន​អាយុ​ក្រោម ៤៥​ឆ្នាំ​។​

​ ​អា​ការៈឈឺ​ឆ្អឹងខ្នង​ត្រូវបាន​បែងចែក​ចេញ​ជា​ពីរ​ក្រុម​គឺ​៖ ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​។​

អា​ការៈឈឺ​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ​

​ ​ការឈឺ​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ​កើតឡើង​ភ្លាមៗ​និង​ឈឺ​ខ្លាំង​។ វា​គឺជា​ប្រភេទ​ដែល​កើតឡើង​ដោយសារតែ​អ្នក​ធ្វើ​អ្វី​ម្យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ ឬ​ធ្វើ​វា​ខុស​របៀប​។ ការឈឺចាប់​អាច​កើត​មាន​ដោយសារ​ការ​គ្រេច សង្កត់ ឬ​ការ​ទាញ​នៃ​សាច់ដុំ​នៅ​ខ្នង​របស់​អ្នក​។ វា​ប្រហែលជា​មាន​ការឈឺចាប់​យ៉ាងខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​គ្រូពេទ្យ​និយាយថា អ្នក​អាច​បាត់​ការឈឺចាប់​ដោយ​មិន​មាន​ផលប៉ះពាល់​អ្វី​ដែល​នៅសល់​តាមរយៈ​ការអនុវត្ត​តាម​ការណែនាំ​ជួយ​ខ្លួនឯង​ដូចខាងក្រោម​៖

​រក្សា​ភាព​សកម្ម​៖ ចូរ​បំភ្លេច​ពាក្យចាស់​បុរាណ​ដែល​ឱ្យ​អ្នក​សម្រាក​នៅ​លើ​គ្រែ​ឱ្យបាន​ច្រើន​។ ក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Texas ផ្នែក​វេជ្ជសាស្ត្រ នៅ Lubbock ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នកជំងឺ​ដែល​ហាត់ប្រាណ​អាច​វិល​ត្រលប់​ទៅ​ធ្វើការ​វិញ​បាន​លឿន​ជាង​អ្នក​ដែល​មិន​ហាត់ប្រាណ​។​

​ប្រសិនបើ​អ្នក​ត្រូវតែ​សម្រាក​លើ​គ្រែ ចូរ​ចំណាយពេល​ខ្លី​បាន​ហើយ​៖ វេជ្ជបណ្ឌិត David Lehrman ជា​អ្នកជំនាញ​ផ្នែក​ឆ្អឹងខ្នង និយាយថា “​មនុស្ស​ជាច្រើន​គិតថា ការ​សម្រាក​លើ​គ្រែ​មួយ​សប្តាហ៍​អាច​បំបាត់​ការឈឺចាប់​របស់​ពួកគេ​បាន ប៉ុន្តែ​វា​មិន​ដូចជា​អ្វី​ដែល​ពួកគេ​បាន​គិត​នោះ​ទេ​។ ចំពោះ​រៀង​រាល់​សប្តាហ៍​នៃ​ការ​សម្រាក​លើ​គ្រែ វា​ត្រូវការ​ពេល​ពីរ​សប្តាហ៍​ក្នុង​ធ្វើឱ្យ​ដំណើរការ​បាន​ដូចដើម​វិញ​”​។​

​ ​ការស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Texas ផ្នែក​វេជ្ជសាស្ត្រ​បាន​អះអាង​ថា​ដូច្នេះ​។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​ទីនោះ​បាន​សិក្សា​ស្រាវជ្រាវ​លើ​អ្នកជំងឺ ២០៣​នាក់ ដែល​បាន​ទៅ​គ្លីនីក​ហើយ​ត្អូញត្អែរ​ពីអា​ការៈឈឺ​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ​របស់​ពួកគេ​។ អ្នកជំងឺ​ខ្លះ​ត្រូវ​បាន​ប្រាប់​ឱ្យ​សម្រាក​រយៈពេល​ពីរ​ថ្ងៃ និង​អ្នកខ្លះ​សម្រាក​រយៈពេល ៧​ថ្ងៃ​។ វេជ្ជបណ្ឌិត Richard A. Deyo រាយការណ៍​ថា មិន​មាន​ភាពខុសគ្នារ​វាង​រយៈពេល​ដែល​ត្រូវ​ចំណាយ​ដើម្បីឱ្យ​ភាពឈឺចាប់​បាត់​ទៅ​នោះ​ទេ​ក្នុង​ក្រុម​ទាំងពីរ​។ ប៉ុន្តែ​អ្នក​ដែល​ងើប​ពី​ការ​សម្រាក​លើ​គ្រែ​ក្រោយពេល​ពីរ​ថ្ងៃ​អាច​វិល​ត្រលប់​ទៅ​ធ្វើការ​វិញ​បាន​លឿន​ជាង​។​

​ប្រើ​ទឹកកក​ដើម្បី​បំបាត់​ការឈឺចាប់​៖ អ្នក​ស្រាវជ្រាវ​ពី​ការឈឺចាប់ វេជ្ជបណ្ឌិត Ronald Melzack និយាយថា វិធីសាស្ត្រ​ដែល​ល្អ​បំផុត​ក្នុង​ការបន្ថយ​ការឈឺចាប់​គឺ​ការប្រើ​ទឹក​ក​។ វា​ជួយ​កាត់បន្ថយ​ការ​ហើម និង​សម្ពាធ​លើ​សាច់ដុំ​ខ្នង​របស់​អ្នក​។ គាត់​និយាយ​ថា ដើម្បី​ឱ្យ​ទទួលបាន​លទ្ធ​ផល​ល្អ​បំផុត អ្នក​គួរ​សាកល្បង​ការ​ម៉ាស្សា​ដោយ​ប្រើ​ទឹកកក​។ “​ដាក់​កញ្ចប់​ទឹកកក​លើ​កន្លែង​ដែល​ឈឺ ហើយ​ម៉ាស្សា​កន្លែង​នោះ​រយៈពេល ៧ ទៅ ៨​នាទី​”​។ ធ្វើបែបនេះ​រៀង​រាល់​ពីរ​ទៅ​បី​ម៉ោង​ម្តង​រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​។​

​សាកល្បង​បំបាត់​ការឈឺចាប់​ដោយ​ប្រើ​កម្តៅ​៖ វេជ្ជបណ្ឌិត Milton Fried និយាយថា ក្រោយ​ពី​ប្រើ​ទឹកកក​មួយ​ឬ​ពីរ​ថ្ងៃ​ហើយ គ្រូពេទ្យ​ណែនាំ​ឱ្យ​អ្នក​ប្តូរ​ទៅ​ប្រើ​ទឹក​ក្តៅ​វិញ​។ ចូរ​យក​កន្សែង​ទន់​មួយ​ជ្រលក់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ពូ​តវា​ឱ្យ​នៅ​សើម​ល្មម ហើយ​អូស​វា​ឱ្យ​ស្មើ​កុំឱ្យ​មាន​ស្នាម​ឆ្នូត​។ គេង​ផ្កាប់មុខ​ដោយ​ដាក់​ខ្នើយ​ពីក្រោម​ចង្កេះ​និង​កជើង ហើយ​ក្រាល​កន្សែង​លើ​កន្លែង​ដែល​ឈឺចាប់​។ ចូរ​ដាក់​ថង់ប្លាស្ទិក​រុំ​លើ​វា បន្ទាប់​មក​ប្រើ​បន្ទះ​កម្តៅ​ដែល​មាន​កម្តៅ​មធ្យម​ដាក់​លើ​ថង់ប្លាស្ទិក​នោះ​។ ប្រសិនបើ​អាច ចូរ​ដាក់​អ្វីមួយ​ពី​លើ​ដើម្បី​សង្កត់​។ គាត់​ពន្យល់ថា “​វា​ជួយ​បង្កើត​សំណើម​ដែល​មាន​កម្តៅ​និង​ជួយ​កាត់បន្ថយ​ភាព​តឹង​ណែន​នៃ​សាច់ដុំ​។ អ្នក​ប្រហែលជា​ត្រូវការ​នរណាម្នាក់​ឱ្យ​ជួយ​អ្នក​ដើម្បី​ដាក់​វា​ឱ្យបាន​ល្អ​លើ​ខ្នង​របស់​អ្នក​។​

​ប្រើ​ភាព​ក្តៅ​និង​ភាព​ត្រជាក់​៖ វេជ្ជបណ្ឌិត Edward Abraham និយាយថា សម្រាប់​អ្នក​ដែល​មិន​អាច​សម្រេច​ចិត្តបាន​ថា​មួយណា​អាច​ធ្វើឱ្យ​អ្នក​បាន​ប្រសើរ​ជាង​មុន អ្នក​អាច​ប្រើប្រាស់​ទាំង​ពីរ​មុខ​បាន​។ វា​ប្រហែលជា​រឹតតែ​ល្អ​សម្រាប់​អ្នក​។ គាត់​និយាយ​ថា “​ការផ្លាស់ប្តូរ​នៃ​ភាព​ក្តៅ​និង​ភាព​ត្រជាក់​ប្រហែលជា​អាច​ជួយ​អ្នក​បាន​កាន់តែ​ប្រសើរ​។ ដំបូង​ប្រើ​ទឹកកក ៣០​នាទី បន្ទាប់​មក​ដក​ចេញ​ដោយ​មិន​ប្រើ​អ្វី​ទាំងអស់​មួយសន្ទុះ​ធំ ក្រោយ​មក​ប្រើ​ទឹ​កក្តៅ ៣០​នាទី ហើយ​អនុវត្ត​ដដែល​របៀបនេះ​។​

​ពត់​ខ្លួន​ដើម្បី​សម្រួល​ភាព​តឹង​ណែន​៖ វេ​ជ្ជ​. Lehrman និយាយថា ការពត់ពែន​ខ្នង​ដែល​កំពុង​ឈឺ​នឹង​ជួយ​ពន្លឿន​ដំណើរ​នៃ​ការ​ជះសះស្បើយ​ដោយ​ការជួយ​សម្រួល​សាច់ដុំ​ឱ្យ​សម្រាក​លឿន​ជាង​ការរង់ចាំ​ឱ្យ​វា​សម្រាក​ដោយ​ខ្លួន​វា​។ គាត់​ណែនាំ​ការពត់​ខ្លួន​សម្រាប់​អ្នក​ឈឺ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម​ដូចតទៅ​៖ លើក​ជង្គង់​ថ្នមៗ​ឡើង​ឱ្យ​ផុត​ពី​គ្រែ​ឆ្ពោះទៅ​កាន់​ទ្រូង​។ ពេលទៅដល់​ទ្រូង​ហើយ ចូរ​សង្កត់​បន្តិច​លើ​ជង្គង់​របស់​អ្នក​។ ពត់​ខ្លួន​ហើយ​សម្រាក បន្ទាប់​មក​ពត់​សារជាថ្មី​។​

​រមៀល​ចុះ​ពីលើ​គ្រែ​៖ រាល់​ពេល​ព្រឹក​ដែល​អ្នក​ងើប​ចេញ​ពី​គ្រែ គ្រូពេទ្យ​ណែនាំ​ឱ្យ​អ្នក​រមៀល​យ៉ាង​ប្រយ័ត្នប្រយែង​និង​យឺតៗ​។​

​ ​វេ​ជ្ជ​. Lehrman និយាយថា “​អ្នក​អាច​កាត់បន្ថយ​ការឈឺចាប់​ដែល​បណ្តាល​មក​ពី​ការ​ងើប​ពី​លើ​គ្រែ​បាន​ដោយ​ការ​ប្រមៀល​ទៅ​ជ្រុង​គ្រែ​។ នៅពេល​ទៅ​ដល់​ជ្រុង​គ្រែ រក្សា​ខ្នង​របស់​អ្នក​ឱ្យ​នឹង ហើយ​ទម្លាក់​ជើង​របស់​អ្នក​ចុះ​ទៅ​មុន​។​

​ឈឺ​ឆ្អឹងខ្នង​រ៉ាំរ៉ៃ​

​ ​ចំពោះ​មនុស្ស​មួយចំនួន ការឈឺចាប់​ឆ្អឹងខ្នង​មាន​លក្ខណៈ​រ៉ាំរ៉ៃ ដែល​មានន័យ​ថា​វា​កើតឡើង​រៀងរាល់ថ្ងៃ​នៃ​ជីវិត​របស់​ពួកគេ​។ មិន​ថា​ដោយសារតែ​មូលហេតុ​អ្វី​ក៏ដោយ ការឈឺចាប់​ចេះតែ​បន្ត​រហូត​ដែល​ហាក់ដូចជា​គ្មាន​ថ្ងៃ​បញ្ចប់​។ មនុស្ស​មួយចំនួន​ទៀត​ជួបប្រទះ​នឹង​ការឈឺចាប់​ដែល​កើតឡើង​វិញ​ជា​ថ្មី គ្រាន់តែ​ចលនា​អ្វី​បន្តិច​ក៏​អាច​បង្ក​ឱ្យ​មាន​ការឈឺចាប់​បានដែរ​។ ការណែនាំ​ខាងក្រោម​មាន​ប្រយោជន៍​យ៉ាង​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ការឈឺចាប់​ឆ្អឹងខ្នង​រ៉ាំរ៉ៃ ហើយ​អ្នក​ដែល​មាន​ការឈឺចាប់​ធ្ងន់ធ្ងរ​ក៏​អាច​ស្វែងរក​អត្ថប្រយោជន៍​ពី​វា​បាន​ដែរ​។​

​ប្រើ​បន្ទះក្តារ​៖ ដាក់​បន្ទះក្តារ​នៅ​ពី​ក្រោម​កន្ទេល​ឬ​ពូក​របស់​អ្នក ដើម្បី​ជួយ​ឱ្យ​វា​មាន​ទម្រ​រឹង​។ វេ​ជ្ជ​. Fried និយាយថា “​វា​ជួយ​ធ្វើឱ្យ​គ្រែ​មិន​ខូង​ផ្នែក​កណ្តាល នៅពេល​ដែល​អ្នក​គេង​លើ​វា​”​។​

​គ្រែ​ទឹក​៖ វេ​ជ្ជ​. Fried និយាយថា “​គ្រែ​ទឹក​ដែល​មិន​មាន​រលក​ខ្លាំង​និង​អាច​ផ្លាស់​ទី​បានល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​អា​ការៈឈឺ​ឆ្អឹងខ្នង​។​

​ ​វេ​ជ្ជ​. Abraham យល់​ស្រប​ថា​៖ “​នៅលើ​គ្រែ​ទឹក អ្នក​អាច​ធ្វើ​ការប្រែប្រួល​ដែល​ប្រើ​សម្ពាធ​ស្មើគ្នា ដូច្នេះ​អ្នក​អាច​គេង​បាន​យ៉ាង​ស្រួល​”​។​

​គេង​គង​ខ្នើយ​៖ ខ្នង​ដែល​ឈឺ​មិន​អនុញាត​ឱ្យ​អ្នក​គេង​ផ្កាប់មុខ​នោះទេ​។ វេ​ជ្ជ​. Abraham ណែនាំ​ថា “​ដាក់​ខ្នើយ​ក្រោម​ក្បាល​និង​ក​ផ្នែក​ខាងលើ ហើយ​រក្សា​លំនឹង​ខ្នង​ឱ្យ​រាបស្មើ​ទៅលើ​គ្រែ បន្ទាប់មក​ដាក់​ខ្នើយ​ពីក្រោម​ជង្គង់​របស់​អ្នក​”​។​

​ ​នៅពេល​ដែល​អ្នក​ដាក់​ជើង​ត្រង់ សាច់ដុំ​សរសៃពួរ​គន្លាក់​នឹង​ទាញ ដែល​ដាក់​សម្ពាធ​ដល់​ខ្នង​ផ្នែក​ខាងក្រោម​។ ការដាក់​ជង្គង់​ឱ្យ​បត់​បែបនេះ ជួយ​ឱ្យ​សរសៃរ​ពួរ​គន្លាក់​សម្រាក ដែល​អាច​ដក​សម្ពាធ​ចេញពី​ខ្នង​ផ្នែក​ខាងក្រោម​។​

​គេង​ដូច​ទារក​ក្នុង​ផ្ទៃ​៖ ប្រសិនបើ​អ្នក​គេង​ផ្អៀង អ្នក​ត្រូវ​អនុវត្ត​ការ​គេង​ដូច​ទារក​ដែល​នៅក្នុង​គភ៌​។ វេ​ជ្ជ​. Fried និយាយថា “​អ្នក​គួរ​ដាក់​ខ្នើយ​មួយ​នៅ​ចន្លោះ​ជង្គង់​របស់​អ្នក ដើម្បី​ជៀសវាង​មិន​ឱ្យ​ជើង​រំកិល​ទៅមុខ និង​ផ្លាស់ប្តូរ​ទីតាំង​ត្រគៀក ដែល​ដាក់​ជា​សម្ពាធ​ដល់​ខ្នង​របស់​អ្នក​”​។​

​លេប​អាស្ពីរីន​មួយ​ថ្ងៃ​មួយ​គ្រាប់​៖ អ្នកជំនាញ​អះអាងថា វា​អាច​ជួយ​បំបាត់​អា​ការៈឈឺ​ខ្នង​របស់​អ្នក​។ ការឈឺចាប់​ឆ្អឹងខ្នង​ច្រើន​តែ​កើតមាន​ឡើង​ជាមួយ​នឹង​ការ​រលាក​នៅ​ជុំវិញ​កន្លែង​ដែល​ឈឺ ហើយ​ថ្នាំ​បំបាត់​ការ​រលាក​ធម្មតា​ដែល​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​អាច​ជួយ​បំបាត់​វា​បាន​។​

​បន្លប់​ខ្លួនឯង​ថា​គ្មាន​ការឈឺចាប់​៖ នៅពេល​កណ្តាល​អាធ្រា​ត្រអាច​ជា​ពេលដ៏​ឈឺចាប់​បំផុត​សម្រាប់​អ្ន​ក​។ ការឈឺចាប់​ធ្វើឱ្យ​អ្នក​ភ្ញាក់​ពី​ដំណេក ហើយ​វា​នៅ​បន្ត​ការឈឺចាប់​ដែល​អ្នក​មិន​អាច​គេង​លក់​វិញ​បាន​។ វេជ្ជបណ្ឌិត Dennis Turk និយាយថា “​ការ​បន្លប់​ខ្លួនឯង​គឺជា​វិធី​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​នៅពេលនោះ​”​។​

​ ​ចូរ​គិត​ពី​អ្វី​ម្យ៉ាងដែល​អាចទាក់ទាញ​អារម្មណ៍​របស់អ្នក​ឱ្យស្លុង​ទៅ​ក្នុង​គំនិត​មួយ​នោះ​។ អ្នក​កាន់តែ​ស្លុង​អារម្មណ៍ អ្នកនឹង​ឆាប់​ភ្លេច​ពី​ការឈឺចាប់​របស់​អ្នក​។​

​បញ្ច្រាស់​ទំនាញផែនដី​៖ វេ​ជ្ជ​. Fried និយាយថា “​ការ​បញ្ច្រាស់​ទំនាញផែនដី​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នកជំងឺ​ឈឺ​ឆ្អឹងខ្នង​។ ឆ្អឹងខ្នង​របស់​អ្នក​ត្រូវ​បាន​សង្កត់​នៅពេល​ដែល​អ្នក​ឈរ​។ ការ​បញ្ច្រាស់​ទំនាញផែនដី​នឹង​បំបែក​វា​ហើយ​បំបាត់​ការឈឺចាប់​”​។ វិធីសាស្ត្រ​នេះ​តម្រូវ​ឱ្យ​អ្នក​ទម្រេត​ខ្លួន​ទៅ​លើ​អ្វីមួយ ដែល​អាច​ឱ្យ​អ្នក​ដាក់​ក្បាល​ចុះក្រោម​និង​ជើង​បាញ់​ទៅលើ​។ ការធ្វើ​បែប​នេះ ៣០​នាទី​ក្នុង​មួយថ្ងៃ ពិតជា​អាច​បំបាត់​ការឈឺចាប់​ឆ្អឹងខ្នង​ផ្នែក​ខាង​ក្រោម​បាន​។ ប៉ុន្តែ​អ្នក​ត្រូវ​ទទួល​ការអនុញ្ញាត​ពី​គ្រូពេទ្យ​របស់​អ្នក​ជា​មុន​សិន​មុន​ប្រើ​យុទ្ធសាស្ត្រ​នេះ ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​បញ្ហា​ឌី​ស​ឆ្អឹងខ្នង​។ ហើយ​អ្នក​ដែល​មាន​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ឬ​មាន​គ្រោះថ្នាក់​នឹង​កើត​ជំងឺ​នេះ មិនគួរ​ប្រើ​វិធី​នេះឡើយ​។​

​ប្រើ​ក្បាច់គុណ​ថៃ​ជី​៖ ថៃ​ជី​គឺជា​ក្បាច់គុណ​បុរាណ​របស់​ប្រទេស​ចិន ដែល​មាន​ចលនា​យឺតៗ​។ វេ​ជ្ជ​. Abraham ដែល​ប្រើ​វិធីសាស្ត្រ​មួយ​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់​និយាយថា “​វា​គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​អាច​សម្រួល​សាច់ដុំ​បាន​យ៉ាង​ល្អ​។ វា​ក៏​មាន​ការ​ហាត់ប្រាណ​ដោយ​ប្រើ​ការដកដង្ហើម​និង​សកម្ម​ភាពពត់ពែន​ខ្លួន​ជាច្រើន​ទៀត​ដែល​អាច​ជួយ​ដល់​អ្នក​បាន​ដែរ​”​។​

​ផា​សុកភាព​នៃ​កៅអី​ឡាន​៖ តើ​ខ្នង​របស់​អ្នក​តែងតែ​ធ្វើទុក្ខ​ដល់​អ្នក​រាល់ពេល​ដែល​អ្នក​ជិះ​ឡាន​ដែរឬទេ​? កៅអី​ដែល​អ្នក​អង្គុយ​ពីលើ​នោះ​ប្រហែលជា​ប្រភព​នៃ​បញ្ហា​របស់​អ្នក​ហើយ​។ វេជ្ជបណ្ឌិត Roger Minkow ដែល​ជា​អ្នកជំនាញ​ផ្នែក​រចនា​កៅអី​ក្នុង​យាន្ត​យន្ត និយាយថា ខណៈ​ដែល​មាន​មូលហេតុ​ជាច្រើន​ដែល​បង្ករ​ឱ្យមាន​បញ្ហា​ឆ្អឹងខ្នង មនុស្ស​ភាគច្រើន​មាន​បញ្ហា​ជាមួយនឹង​បញ្ហា​ឆ្អឹងខ្នង​ដែល​គេ​ហៅថា អា​ការៈឈឺ​ខ្នង​មេកានិច ដែល​ទាក់ទង​ទៅ​នឹង​ការ​អង្គុយ ឈរ លើ​ក​របស់ ឬ​ឱន​។ គាត់​ផ្តល់​ការណែនាំ​ដូចខាងក្រោម​៖

  •   សាកល្បង​ធ្វើ​តេស្ត​កៅអី​រថយន្ត​ថ្មី​៖ លើក​ក្រោយ​នៅពេល​ដែល​អ្នកស្វែងរក​ទិញ​រថយន្ត អ្នក​ត្រូវ​ធ្វើ​តេស្ត​ពូក​របស់​កៅអី​និង​សមត្ថភាព​របស់​វា​។ កែតម្រូវ​ពូក​និង​ខ្នង​កៅអី​ដើម្បី​ធ្វើឱ្យ​ជើង​របស់​អ្នក​កោង​បន្តិច​នៅពេល​ដែល​អ្នក​ជាន់​ឈ្នាន់​បន្ថែម​ល្បឿន​។ ខ្នង​កៅអី​ត្រូវតែ​រុញ​ទប់​នឹង​ខ្នង​ផ្នែក​ខាងក្រោម​របស់​អ្នក​ដែល​នៅ​ជិត​ចង្កេះ​។ ជម្រើស​ដ៏​ឆ្លាត​វៃ​មួយ​គឺ​អ្នក​គួរ​ជួល​ឡាន​ដែល​មាន​ម៉ាក​និង​ស៊េរី​ដូច​គ្នា​នៅ​ចុង​សប្តាហ៍ ហើយ​ជិះ​សាកល្បង​ទៅកាន់​កន្លែង​ឆ្ងាយៗ​ដើម្បី​ឱ្យ​ដឹង​ថា​តើ​វា​មាន​ផា​សុកភាព​ដែរឬទេ​?
  •   បំប៉ោង​ពូក​កៅអី​៖ ប្រសិនបើ​អ្នក​មិន​ចង់​ទិញ​ឡាន​ថ្មី​ទេ​នោះ ពូក​ដែល​អាច​បំប៉ោង​បាន​គឺជា​ជម្រើស​ដ៏​ល្អ​ដល់​អ្នក​ដែល​មាន​អា​ការៈឈឺ​ឆ្អឹងខ្នង​មេកានិច​នេះ​។​

​ហាត់ប្រាណ​ដើម្បី​បំបាត់​ការឈឺចាប់​៖ ការ​ហាត់ប្រាណ​ប្រហែលជា​ជម្រើស​ចុងក្រោយ​បំផុត​ដែល​អ្នកនឹង​គិត​នៅពេល​ដែល​អ្នក​មាន​បញ្ហា​ឈឺ​ឆ្អឹងខ្នង ប៉ុន្តែ​អ្នកជំនាញ​និយាយថា ការ​ហាត់ប្រាណ​គឺជា​លំ​ហាត់​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ការឈឺ​ឆ្អឹងខ្នង​រ៉ាំរ៉ៃ​។​

​ ​វេ​ជ្ជ​. Minkow និយាយថា “​សម្រាប់​អ្នក​ដែល​ឈឺចាប់​រាល់ថ្ងៃ​ដោយសារ​តែ​ការឈឺ​ឆ្អឹងខ្នង​រ៉ាំរ៉ៃ ជា​ពិសេស​ប្រសិនបើ​ការឈឺចាប់​កើតឡើង​នៅពេល​ខុសៗ​គ្នា ការ​ហាត់ប្រាណ​អាចមាន​ប្រយោជន៍​ណាស់​”​។​

​ ​ប្រសិនបើ​អ្នក​ស្ថិតនៅក្រោម​ការ​មើលថែរ​បស់​គ្រូពេទ្យ​ចំពោះ​បញ្ហា​ការឈឺ​ឆ្អឹងខ្នង​នេះ អ្នក​ត្រូវ​ទទួល​ការអនុញ្ញាត​ពី​គ្រូពេទ្យ​សិន​មុន​នឹង​ធ្វើការ​ហាត់ប្រាណ​។ ខាងក្រោម​គឺជា​ការ​ហាត់ប្រាណ​ដែល​គ្រូពេទ្យ​បាន​ណែនាំ​៖

​អា​វ៉ង​ផ្នែក​ខាងលើ​៖ វេ​ជ្ជ​. Minkow និយាយថា “​ចូរ​គេង​ផ្កាប់​ទៅ​លើ​ឥដ្ឋ ហើយ​រក្សា​ត្រគាក​ឱ្យ​នៅ​រាបស្មើ​ជាប់​នឹង​ឥដ្ឋ ហើយ​អា​វ៉ង​ដោយ​ប្រើ​ដៃ​របស់​អ្នក ដែល​ធ្វើឱ្យ​ខ្នង​របស់​អ្នក​កោង​ឡើង​នៅពេល​ដែល​ស្មា​របស់​អ្នក​ឡើង​ផុតពី​ឥដ្ឋ​”​។​

​ ​ការធ្វើ​បែប​នេះ​នឹង​ជួយ​ពង្រឹង​ខ្នង​ផ្នែក​ខាងក្រោម​របស់​អ្នក​។ គាត់​ណែនាំ​ឱ្យ​ធ្វើ​ម្តង​នៅ​ពេល​ព្រឹក​និង​ម្តង​នៅ​ពេល​ថ្ងៃ​។​

​ហាត់​ងើប​ខ្លួន​កំណាត់​លើ​៖ ចូរ​គេង​ផ្ញារ ហើយ​ហាត់​ងើប​ខ្លួន​មួយ​កំណាត់​លើ (crunch situp)​។ គេង​ដោយ​ដាក់​បាតជើង​ឱ្យ​ត្រង់​លើ​ឥដ្ឋ ហើយ​បត់​ជង្គង់​។ ដាក់​ដៃ​របស់​អ្នក​ខ្វែង​គ្នា ហើយ​ដាក់​ប្រអប់ដៃ​លើ​ស្មា​។ បន្ទាប់​មក​ងើប​ក្បាល​និង​ស្មា​ឱ្យ​ផុតពី​ដី​ឱ្យបាន​ខ្ពស់​បំផុត​តាម​ដែល​អ្នក​អាចធ្វើ​បាន ប៉ុន្តែ​ត្រូវ​រក្សា​ខ្នង​ផ្នែក​ខាងក្រោម​ឱ្យនៅ​រាបស្មើ​លើ​ឥដ្ឋ​។ ទប់​វា ១ នាទី បន្ទាប់​មក​ធ្វើ​សាជាថ្មី​។​

​ហែល​ទឹក​លើ​គោក​៖ គេង​ផ្កាប់ ហើយ​លើកដៃ​ឆ្វេង​និង​ជើង​ស្តាំ​របស់​អ្នក​។ ទប់​វា​រយៈពេល ១​វិនាទី បន្ទាប់​មក​ប្តូរ​ទៅ​ដៃស្តាំ​និង​ជើង​ឆ្វេង​វិញ​ដូចជា​អ្នក​កំពុង​ហែល​ទឹក​។​

​ ​វា​នឹង​ជួយ​ពង្រឹង​ខ្នង​ផ្នែក​ខាងក្រោម​របស់​អ្នក​។​

​ហែល​ក្នុង​ទឹក​៖ វេ​ជ្ជ​. Fried និយាយថា “​ការ​ហែល​ទឹក​គឺជា​ការ​ហាត់ប្រាណ​ដ៏​ល្អ​សម្រាប់​អ្នក​មាន​បញ្ហា​ឆ្អឹងខ្នង​។ ការ​ហាត់ប្រាណ​ដែល​ល្អ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ឈឺ​ខ្នង​ធ្ងន់ធ្ងរ​គឺ​ការ​ហែល​ក្នុង​អាងទឹក​ក្តៅ​ឧណ្ហៗ​”​។​

​ជិះ​កង់​មួយកន្លែង​៖ វេ​ជ្ជ​. Minkow និយាយថា “​ចូរ​ជិះ​កង់​នៅ​មួយកន្លែង​ដោយ​មាន​កញ្ចក់​នៅ​ពីមុខ​អ្នក​។ អ្នក​ត្រូវ​មើល​ថា​អ្នក​អង្គុយ​ត្រង់​ខ្លួន ដោយ​មិន​មាន​កោង​ខ្នង​បន្តិច​។ ចូរ​លើកដៃ​កង់​ឡើង ប្រសិនបើ​អ្នក​ត្រូវ​អង្គុយ​ដោយ​ឱន​ទៅមុខ​”​។​

​មិន​ត្រូវ​បង្ខំ​ហាត់​ទាំង​ឈឺ​៖ ចូរ​ប្រយ័ត្នប្រយែង​និង​ដឹង​ពី​កំហិត​របស់​អ្នក​ជាមួយនឹង​លំ​ហាត់ប្រាណ​ទាំងនេះ​និង​លំ​ហាត់ប្រាណ​ដទៃទៀត​។ វេ​ជ្ជ​. Minkow ណែនាំ​ថា “​ប្រសិនបើ​លំ​ហាត់ប្រាណ​ដែល​អ្នក​កំពុង​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​កាន់តែ​ខ្លាំង​ឬ​ធ្វើឱ្យ​ស្ថានភាព​របស់​អ្នក​កាន់តែ​យ៉ាប់​ជាង​មុន អ្នក​មិន​ត្រូវ​បន្ត​ធ្វើ​វា​ទៀត​ទេ​។ អ្នក​មិន​អាច​នឹង​កាត់បន្ថយ​ការឈឺចាប់​បាន​ដោយ​ការ​ខាំមាត់​ទាំង​ឈឺចាប់​និង​ខំ​ធ្វើ​លំ​ហាត់ប្រាណ​ទាំងនោះ​ជា​ថ្មី​ឡើយ​។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ធម្មតា​វិញ​ក្រោយពេល​ផ្អាក​មួយ​ឬ​ពីរ​ថ្ងៃ នោះ​មានន័យ​ថា​វា​មាន​សុវត្ថិភាព​ក្នុង​ការបន្ត​ការ​ហាត់ប្រាណ​បែប​នោះ​”​។​

ពេល​ដែល​ត្រូវ​រក​គ្រូពេទ្យ​៖ តើ​ពេល​ណា​ដែល​ខ្នង​របស់​អ្នកត្រូវការ​ការត្រួតពិនិត្យ​ពី​គ្រូពេទ្យ​? គឺ​នៅ​ពេល​ដែល​អ្នក​ជួបប្រទះ​នូវ​អាការៈ​ដូចជា​ខាងក្រោម​៖

  •   ការឈឺចាប់​ឆ្អឹងខ្នង​ដែល​កើតមានឡើង​ភ្លាមៗ​និង​គ្មាន​មូលហេតុ​
  •   ការឈឺចាប់​ឆ្អឹងខ្នង​ដែល​កើត​ឡើង​ជាមួយ​នឹង​រោគ​សញ្ញា​ផ្សេងទៀត ដូចជា ក្តៅខ្លួន រមូល​ពោះ ឈឺ​ទ្រូង ឬ​ពិបាក​ដកដង្ហើម​។​
  •   ការឈឺ​ខ្លាំង​ដែល​កើតមាន​យូរ​ជាង​ពីរ​ឬ​បី​ថ្ងៃ​ដោយ​ការឈឺចាប់​មិន​ថយចុះ​
  •   ការឈឺចាប់​រ៉ាំរ៉ៃ​ដែល​កើតមាន​ច្រើន​ជាង​ពីរ​សប្តាហ៍​ដោយ​គ្មាន​ការ​អន់ថយ​
  •   ការឈឺចាប់​ឆ្អឹងខ្នង​ដែល​សាយ​ភាពចុះ​ពី​ជើង​ទៅ​ជង្គង់ ឬ​ជើង​ផ្នែក​ខាងក្រោម​។​

​ ​វេ​ជ្ជ​. Fried និយាយថា អ្នក​មិន​ត្រូវ​តែងតែ​សន្មត់​ថា​អាការៈ​ឈឺ​ឆ្អឹងខ្នង​គឺជា​សញ្ញា​បង្ហាញ​ថា​មាន​អ្វី​កើតឡើង​ចំពោះ​ខ្នង​របស់​អ្នក​នោះ​ទេ​។ វា​អាច​ជា​សញ្ញា​នៃ​វិបត្តិ​ផ្សេងៗ​ទៀត​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង