​ការប្រែប្រួល​ទៅ​ជា​រឹង​នៃ​សុដន់​អាច​ធ្វើឱ្យ​មាន​ការឈឺចាប់​ខ្លាំង ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​មិន​ប្រក្រតី​នោះទេ​។ តាម​ការប៉ាន់ស្មាន ស្ត្រី​អាមេរិក​ខាងជើង ប្រហែលជា ៧០​ភាគរយ ដែល​ជួបប្រទះ​នឹង​បញ្ហា​ការឈឺចាប់​សុដន់​នេះ ក្នុងពេល​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ ដែល​ច្រើនតែ​ក្នុងកំឡុងពេល​មានគភ៌ និង​មុនពេល​មក​រដូវ​។​

​ ​ភាព​ឡើងរឹង​នៃ​សុដន់​នេះ​កើតឡើង​ដោយសារតែ​វដ្ត​ធម្មជាតិ​នៃ​អរ​ម៉ូ​ន​បង្ក​កំណើត​គឺ estrogen និង progesterone​។ អរ​ម៉ូ​ន​ទាំងនេះ​នឹង​បង្ក​ឱ្យ​មាន​ការលូតលាស់​នៃ​កោសិកា​បំពង់​ផលិត​ទឹក​ដោះ ដែល​ទាមទារ​សារធាតុចិញ្ចឹម​ពី​ឈាម និង​សារធាតុ​រាវ​ផ្សេងទៀត ដែល​បំពេញ​នៅ​តំបន់​ជិតៗ​នោះ​។ ជាលិកា​ដែល​ត្រូវបាន​រាំងស្ទះ​ដោយ​សារធាតុ​រាវ​នេះ​អាច​បត់បែន​សរសៃ​ប្រព័ន្ធ​ប្រសាទ ដែល​បង្ក​ឱ្យ​មាន​ការឈឺ​ចាប់ និង​ភាព​រឹង​។​

​ ​មូលហេតុ​មួយទៀត​ដែល​បង្ក​ឱ្យ​មាន​ការឈឺចាប់​សុដន់​គឺ​ការប្រែប្រួល fibrocystic ដែល​រួមមាន ដុំ​ពក និង​ប្លោក​។ ការប្រែប្រួល​ទាំងនេះ​ច្រើន​តែ​ប៉ះពាល់​ទៅលើ​តំបន់​សុដន់​ដែល​មិន​ធ្វើការ ដូចជា កោសិកា​ខ្លាញ់ ជាលិកា​សរសៃ​ឆ្មារៗ និង​ផ្នែក​ផ្សេង​ទៀត​ដែល​មិន​ទាក់ទង​ទៅ​នឹង​ការផលិត​ឬ​បញ្ជូន​ទឹក​ដោះ​។​

​ ​ទោះ​ក្នុង​ករណី​ណាក៏ដោយ អ្នកជំនាញ​និយាយថា យុទ្ធសាស្ត្រ​ណែនាំ​ខាងក្រោម​អាចជួយ​បំបាត់​ការឈឺចាប់ និង​ជួយ​បង្កើន​ការ​ជាសះស្បើយ​។​

​ផ្លាស់ប្តូរ​របប​អាហារ​៖ ចូរ​ផ្លាស់ប្តូរ​ទៅ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង​មាន​ជាតិ​សរសៃ​ខ្ពស់​ដោយ​ការបរិភោគ​គ្រាប់​ធញ្ញជាតិ បន្លែ និង​សណ្តែក​ឱ្យបាន​ច្រើន​។ ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​សាលា​មហាវិទ្យាល័យ Tufts ផ្នែក​វេជ្ជសាស្ត្រ នៅ Boston បាន​រកឃើញថា ស្ត្រី​ដែល​បរិភោគ​អាហារ​ប្រភេទ​នេះ បាន​បំលែង estrogen ខុស​ពី​អ្នក​ដទៃ​។ វេជ្ជបណ្ឌិត Christiane Northrup និយាយថា អរ​ម៉ូ​ន estrogen ត្រូវ​បាន​បញ្ចេញ​ចោល​តាម​លាមក​ច្រើនជាង​ធម្មតា  ដែល​បន្សល់​អរ​ម៉ូ​ន​នេះ​តិច​ក្នុង​ឈាម​។​

​រក្សា​រូបរាង​ឱ្យបាន​ល្អ​៖ វេជ្ជបណ្ឌិត Kerry McGinn និយាយថា ចូរ​រក្សា​ទម្ងន់​របស់​អ្នក​ក្នុង​កម្រិត​មួយ​ដែល​សាក​សម​នឹង​កម្ពស់​របស់​អ្នក​។ ចំពោះ​ស្ត្រី​ដែល​ធាត់​ខ្លាំងពេក ការ​សម្រក​ទម្ងន់​អាចជួយ​បំបាត់​ការឈឺចាប់​សុដន់​។​

​ ​ចំពោះ​ស្ត្រី ជាតិ​ខ្លាញ់​ដើរតួ​ជា​បំពង់​ដែល​លើស ដែល​ផលិត​និង​រក្សា​ទុក​អរ​ម៉ូ​ន estrogen​។ ប្រសិនបើ​អ្នក​មាន​ខ្លាញ់​រាង្គ​កាយ​ច្រើនពេក អ្នក​ប្រហែលជា​មាន​អរ​ម៉ូ​ន estrogen ច្រើន​ជាង​ធម្មតា​រត់​នៅក្នុង​ឈាម​។ វេជ្ជបណ្ឌិត Gregory Radio និយាយថា ជាលិកា​សុដន់ ងាយ​នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​អរ​ម៉ូ​ន​ណាស់​។​

​វីតាមីន​៖ វេ​ជ្ជ​. Northrup និយាយថា ចូរ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន C, កាល់ស្យូម​, ម៉ាញេស្យូម​, និង​ពពួក​វីតាមីន B​។ វីតាមីន និង​សារធាតុ​ខនិជ​ទាំងនេះ ជួយ​គ្រប់គ្រង​ការផលិត​នៃ​អរ​ម៉ូ​ន prostaglandin E ដែល​នឹង​ជម្រុញ​អរ​ម៉ូ​ន prolactin ដែល​ជា​អរ​ម៉ូ​ន​បើក​ជាលិកា​សុដន់​។​

​បញ្ឈប់​ការប្រើ​ជាតិ​ខ្លាញ់​ពី​ប្រេង​រុក្ខជាតិ​និង​ប្រេង​លាយ​អ៊ីដ្រូហ្សែន​ផ្សេងៗ​៖ វេ​ជ្ជ​. Northrup និយាយថា ខ្លាញ់​លាយ​អ៊ីដ្រូហ្សែន​ប៉ះពាល់​សមត្ថភា​ពរាង្គ​កាយរ​បស់​អ្នកក្នុង​ការបំលែង​ជា​តិខ្លាញ់​សំខាន់ៗ​ពី​អាហារ​ទៅ​ជា​អាស៊ីត gamma linoleic​។ អាស៊ីត​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​នាំឱ្យ​មាន​ការផលិត​នៃ prostaglandin E​។ ហើយ prostaglandin E ប្រហែលជា​អាច​ជួយ​រក្សា prolactin​។​

​រក្សា​ភាព​ស្ងៀមស្ងាត់​៖ វេ​ជ្ជ​. Northrup និយាយថា Epinephrine ដែល​ជា​សមាសធាតុ​ដែល​ផលិត​ឡើង​ដោយ​បំពង់ adrenal ក្នុង​កំឡុង​ពេល​មាន​អារម្មណ៍​តានតឹង (​ស្ត្រេ​ស​) ក៏​អាច​ប៉ះពាល់​ទៅលើ​ការបំលែង​អាស៊ីត gamma linoleic បានដែរ​។​

​បញ្ឈប់​រាល់​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​៖ តួនាទី​របស់​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​ការបង្ក​ឱ្យ​មាន​ការ​ឈឺចាប់​សុដន់​គឺ​មិន​មាន​ភស្តុតាង​បញ្ជាក់​នោះទេ​។ ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​និយាយ​ថា​វា​បង្ក​ឱ្យ​មាន​ការឈឺចាប់ ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត​មិន​អាច​ធ្វើ​សេចក្តី​បញ្ចប់​បាន​។ ប៉ុន្តែ​វេជ្ជបណ្ឌិត Thomas J. Smith នៅតែ​ណែនាំ​យ៉ាងខ្លាំង​ថា​គួរតែបញ្ឈប់​រាល់​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​។​

​ ​គាត់​និយាយ​ថា “​ខ្ញុំ​បាន​ឃើញ​ស្ត្រី​ដែល​មាន​ការឈឺចាប់​និង​រោគសញ្ញា​ផ្សេងៗ​នៃ​អាការៈ​សុដន់​ឡើង​រឹង ដែល​គាត់​មាន​ភាពប្រសើរ​ឡើង​យ៉ាង​ច្រើន​ក្រោយពី​គាត់​ឈប់​ទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​”​។ ប៉ុន្តែ​ការបញ្ឈប់​ទទួលទាន​កាហ្វេ​តែ​មួយ​មុខ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​។ គាត់​និយាយ​បន្តថា “​អ្នក​ត្រូវ​តែ​បញ្ឈប់​រាល់​ជាតិ​កាហ្វេ​អ៊ី​ន​ទាំងអស់​”​។ នេះ​មានន័យ​ថា ឈប់​ទទួល​ទាន​ភេសជ្ជៈ សូកូឡា ផលិតផល​ការ៉េម តែ និង​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ដូចជា ថ្នាំ Excedrin​។​

​ជៀសវាង​អាហារ​ប្រៃ​៖ វេជ្ជបណ្ឌិត Yvonne Thornton និយាយថា អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ខ្លាំង​អាច​ធ្វើឱ្យ​អ្នក​ឡើង​ប៉ោង​។ ការដាក់កំហិត​ទៅលើ​ការបរិភោគ​ជាតិ​ប្រៃ​មាន​សារសំខាន់​ណាស់​ជា​ពិសេស​នៅ​មុនពេល​មក​រដូវ​ពី ៧ ទៅ ១០​ថ្ងៃ ដែល​ត្រូវ​នឹង​មុនពេល​ដែល​ការប្រែប្រួល​អរ​ម៉ូ​ន​ប្រចាំខែ​កើតឡើង​។​

​ជៀសវាង​សារធាតុ​ដែល​ធ្វើឱ្យ​មាន​ទឹកនោម​ច្រើន​៖ វា​គឺជា​ការពិត​ដែល diuretic (​សារធាតុ​ដែល​ធ្វើឱ្យ​មាន​ទឹកនោម​ច្រើន​) អាច​លាង​សម្អាត​សារធាតុ​រាវ​ចេញពី​រាង្គ​កាយរ​បស់​អ្នក​។ ហើយ​វា​អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់​នៃ​ការ​ហើម​ក្នុង​សុដន់​របស់​អ្នក​។ ប៉ុន្តែ វេ​ជ្ជ​. Thornton និយាយថា ការបំបាត់​ការឈឺចាប់​ភ្លាមៗ​នឹង​មាន​ផលវិបាក​។ ការប្រើ diuretic ច្រើនពេក អាច​បង្ក​ឱ្យ​មិន​មាន​លំនឹង​នៃ​ប្រព័ន្ធ​អេឡិចត្រូលីត និង​នាំឱ្យ​មាន​បញ្ហា​កង្វះ​ជាតិ​ទឹក​និង​ការចុះ​ខ្សោយ​នៃ​សាច់ដុំ​។​

​រក​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​៖ វេជ្ជបណ្ឌិត Sandra Swain ណែនាំ​ឱ្យ​ប្រើ​ថ្នាំ ibuprofen ដើម្បី​បំបាត់​ការឈឺចាប់​សុដន់​។ គាត់​បញ្ជាក់​ថា “​ជៀសវាង​ការប្រើ​ថ្នាំលាប​ប្រឆាំង​ការ​រលាក​”​។ ជា​ការពិត​ណាស់ ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរប្រើ​ថ្នាំ​ណាមួយ​ដោយ​មិន​មាន​ការអនុញ្ញាតិ​ពី​គ្រូពេទ្យ​នោះទេ​។​

​ប្រើ evening primrose៖ ប្រេង evening primrose គឺជា​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​អាច​ជួយ​ព្យាបាល​ការ ឈឺចាប់ និង​ធ្វើឱ្យ​ដុំ​ពក​រួម​តូច​។ អ្នកជំនាញ​ណែនាំ​ឱ្យ​លេប​ប្រេង evening primrose មួយ ឬ ពីរ​គ្រាប់ (៥០០ ឬ ១.០០០ មី​លី​ក្រាម​, មនុស្ស​ជាច្រើន​ចូលចិត្ត​ប្រើ ១.០០០​មី​លី​ក្រាម​) បី​ដង​ក្នុង​មួយ​ថ្ងៃ ឱ្យ​បាន​ពីរ​ឬ​បី​ខែ​។​

​ទឹក​ត្រជាក់​៖ វេ​ជ្ជ​. McGrinn និយាយថា ស្ត្រី​មួយ​ចំនួន​រកឃើញថា​អាច​បំបាត់​ការឈឺចាប់​បាន​ដោយ​ការ​ជ្រលក់​ដៃ​របស់​ពួកគេ​នៅក្នុង​ទឹក​ត្រជាក់ និង​ដាក់​វា​ស្អំ​សុដន់​។​

​សាកល្បង​ប្រើ​កម្តៅ​៖ វេ​ជ្ជ​. McGrinn និយាយ​បន្តថា ស្ត្រី​មួយ​ចំនួន​ទៀត​អាច​កាត់បន្ថយ​ការឈឺចាប់​បាន​ដោយ​ប្រើ​បន្ទះ​កម្តៅ ឬ​ដប​ទឹ​កក្តៅ ឬ​ការ​មុជទឹក​ក្តៅ​ឧណ្ហៗ​។ ហើយ​ក៏​នៅ​មាន​ស្ត្រី​មួយ​ចំនួន​ទៀត​ឃើញ​ថា​ការប្រើ​ឆ្លាស់គ្នា​រវាង​ទឹក​ក្តៅ​និង​ទឹក​ត្រជាក់​មាន​ប្រសិទ្ធភាព​បំផុត​។​

​ប្រើ​អាវ​ក្នុង​ដែល​ទ្រ​សុដន់​បានល្អ​៖ អាវ​ក្នុង​រឹង​ម៉ាំ ដូច​អាវ​ដែល​ផលិត​ឡើង​សម្រាប់​អ្នក​រត់ អាច​ជួយ​បង្ការ​សរសៃរ​ប្រព័ន្ធ​ប្រសាទ​ដែល​យឺត​ស្រាប់​ដោយសារ​ជាលិកា​រាំងស្ទះ​សារធាតុ​រាវ​ហើយ​នោះ ពី​ការ​យឺត​កាន់តែខ្លាំង​ជាង​មុន​។ វេ​ជ្ជ​. Radio និយាយថា ស្ត្រី​មួយ​ចំនួន​និយាយថា​ការ​ពាក់អាវ​ក្នុង​គេង​នៅពេល​យប់​អាចជួយ​កាត់បន្ថយ​ការឈឺចាប់​បាន​។​

​ពិចារណា​ជា​ថ្មី​ពី​ការប្រើប្រាស់​ថ្នាំ​៖ វេ​ជ្ជ​. Radio និយាយថា កម្រិត​នៃ​អរ​ម៉ូ​ន estrogen ក្នុង​ថ្នាំលេប​ពន្យារកំណើត​អាច​ជួយ​ឬ​បំផ្លាញ​ការគ្រប់គ្រង​លើ​ការប្រែប្រួល​សុដន់ អាស្រ័យទៅលើ​ស្ថានភាព​ជាក់ស្តែង​របស់​អ្នក​។ ជាទូទៅ ថ្នាំ​ដែល​មាន​កម្រិត​អរ​ម៉ូ​ន estrogen ទាប អាច​ជួយ​ព្យាបាល​ជំងឺ​ថង់​ទឹក​ជាលិកា​សរសៃ​បាន ប៉ុន្តែ​វា​នឹង​បង្កើន​គ្រោះថ្នាក់​នៃ​ជំងឺ​ដុំ​ពក​ដែល​បង្កឡើង​ដោយ​ជាលិកា​សរសៃ​និង​ក្រពេញ​។​

​សាកល្បង​ម៉ាស្សា​ដើម្បី​សម្រួលការ​កើន​ឡើយនៃ​សារធាតុ​រាវ​៖ វេ​ជ្ជ​. McGinn និយាយថា មនុស្ស​ស្រី​មួយចំនួន​អាច​កាត់បន្ថយ​ការឈឺចាប់​បាន​ដោយ​ការ​ម៉ាស្សា​សុដន់​ថ្នមៗ​ដោយ​ខ្លួនឯង ដែល​អាច​ជួយ​សារធាតុ​រាវ​ដែល​លើស​ក្នុង​សុដន់​វិល​ទៅ​កន្លែង​វា​វិញ​។​

​បំបាត់​ការឈឺចាប់​ដោយ​ប្រើ​ផ្លែ​ស្រល់​៖ ជនជាតិដើម​អាមេរិក​បាន​ប្រើ​ផ្លែ​ស្រល់​មក​ស្អំ​ដើម្បី​បំបាត់​ការឈឺចាប់​និង​ការ​រលាក​។ វេជ្ជបណ្ឌិត Ellen Kamhi ណែនាំ​ថា ដើម្បី​សាកល្បង​ប្រើ​វា​តាម​វិធីសាស្ត្រ​បច្ចុប្បន្ន អ្នក​អាច​ប្រើ​សាប៊ូ​ដែល​ផលិត​ពី​ជ័រ​ស្រល់​ដុស​លើ​សុដន់​របស់​អ្នក​។​

​ប្រេង​ល្ហុង​៖ វេ​ជ្ជ​. Northrup និយាយថា ដើម្បី​កាត់បន្ថយ​ការឈឺចាប់​ដែល​បង្កឡើង​ដោយ​ការ​រលាក អ្នក​អាច​សាកល្បង​ប្រើ​ប្រេង​ល្ហុង​។ វា​ក៏​ជួយ​ព្យាបាល​ការឆ្លង​មេរោគ​តិចតួច​របស់​សុ​ដន់​បាន​ផងដែរ​។​

​ ​អ្នកត្រូវការ​ប្រេង​ល្ហុង​, ក្រណាត់​, បន្ទះ​ផ្លា​ស្ទិក​, និង​បន្ទះ​កម្តៅ​។​

​ ​បត់​ក្រណាត់​ជា​បួន​ស្រទាប់ ហើយ​ចាក់​ប្រេង​ល្ហុង​ឱ្យ​សើម​ក្រណាត់ ប៉ុន្តែ​មិន​ត្រូវ​ជោគ​ពេក​រហូត​មាន​ប្រេង​ស្រក់​ចុះមក​នោះទេ​។ ដាក់​ក្រណាត់​នៅលើ​សុដន់ ហើយ​ដាក់​បន្ទះ​ផ្លា​ស្ទីក​ពីលើ បន្ទាប់មក​ដាក់​បន្ទះ​កម្តៅ​។ ដាក់​វា​ស្អំ​រយៈពេល​មួយ​ម៉ោង​។​

​ ​វេ​ជ្ជ​. Northrup និយាយថា ប្រេង​ល្ហុង​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ដែល​អាច​បង្កើន​ដំណើរការ T11 lymphocyte​។ វា​ជួយ​បង្កើនល្បឿន​ជាសះស្បើយ​នៃ​ការឆ្លង​គ្រប់​ប្រភេទ​។​

​ ​អ្នក​អាច​នឹង​ត្រូវ​អនុវត្ត​ការ​ស្អំ​នេះ​ពី ៣ ទៅ ៧​ថ្ងៃ ដើម្បី​ឃើញ​លទ្ធផល​របស់​វា​។ គាត់​និយាយ​បន្តថា “​វា​ក៏​ប្រហែលជា​មាន​សារសំខាន់​ក្នុង​ការបំបាត់​ការឈឺចាប់​ផងដែរ​”​។​

ពេល​ដែល​ត្រូវ​រក​គ្រូពេទ្យ​៖ នៅពេល​ដែល​អ្នក​ឃើញ​មាន​ដុំ​ពក​ក្នុងកំឡុងពេល​ដែល​អ្នក​ពិនិត្យ​ដោយ​ខ្លួនឯង​ប្រចាំខែ ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ មិន​ថា​ដុំ​ពក​ដែល​មាន​ពី​មុន​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​ជា​ដុំ​ពក​មិន​មាន​គ្រោះថ្នាក់​ឬ​យ៉ាងណា​នោះទេ​។ គ្រូពេទ្យ​អាច​នឹង​កាត់​សាច់​យក​ទៅ​ពិសោធន៍ ឬ​ប្រើ​ម្ជុល​ដើម្បី​ចាក់​សារធាតុ​រាវ​ឱ្យ​ចេញពី​ដុំ​គីស​។​

​ ​វេ​ជ្ជ​. McGinn និយាយថា ដុំ​ពក​ក្នុង​សុដន់​ប្រហែលជា ៩០​ភាគរយ មិនមែន​ត្រូវ​បាន​រកឃើញ​ដោយ​គ្រូពេទ្យ ឬ​ការថត​មើល​នោះ​ទេ ប៉ុន្តែ​វា​ត្រូវបាន​រកឃើញ​ដោយ​ការពិនិត្យ​មើល​ដោយ​ខ្លួនឯង​របស់​ស្ត្រី​។​

​ ​ពេលវេលា​ល្អ​បំផុត​សម្រាប់​ការពិនិត្យ​មើល​ដោយ​ខ្លួនឯង​គឺ ១​សប្តាហ៍​ក្រោយពេល​ចាប់ផ្តើម​មក​រដូវ​។ នេះ​ដោយសារ​តែ​ដុំ​ពក​មួយចំនួន​ដែល​ពេល​ខ្លះ​កើតមាន​ឡើង​មុន​ពេល​មក​រដូវ​នឹង​បាត់​ទៅ​វិញ​ភ្លាមៗ​ក្រោយ​ពេល​អស់​រដូវ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង