តើ​វា​ពិត​ជា​ជំងឺ​ផ្តាសាយ​មែនឬ​?

​ ​តើ​អ្នកបែងចែក​ជំងឺ​ផ្តាសាយ​ធម្មតា​និង​ជំងឺ​ផ្តាសាយធំ​ដោយ​របៀប​ណា​? បើទោះជា​រោគសញ្ញា​និង​ការព្យាបាល​របស់​ជំងឺ​ទាំងពីរ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ក៏ដោយ ប៉ុន្តែ​វា​បង្ករ​ឡើង​ដោយ​មេរោគ​ខុសគ្នា​ទាំងស្រុង​។ ជំងឺ​ផ្តាសាយ​ធម្មតា​ច្រើន​តែ​មាន​រយៈពេល​យូរ ប៉ុន្តែ​ជំងឺ​ផ្តាសាយធំ​ច្រើនតែ​បង្ករ​ឱ្យ​អា​ការៈមិន​ស្រួល​ច្រើន​។ នេះ​គឺជា​ការប្រៀបធៀប​រវាង​រោគសញ្ញា​ដូចគ្នា​និង​ប្រហាក់ប្រហែលគ្នា​នៃ​ជំងឺ​ទាំងពីរ​នេះ​។​

ក្តៅខ្លួន​៖ កើត​មាន​ភ្លាមៗ​និង​ដោយសារ​ជំងឺ​ផ្តាសាយធំ ប៉ុន្តែ​កម្រ​កើត​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា​។​

ឈឺក្បាល​៖ កើត​ដោយ​សារ​ជំងឺ​ផ្តាសាយធំ ប៉ុន្តែ​កម្រ​កើត​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា​។​

​ឈឺចាប់​ទូទៅ​៖ កើត​និង​ច្រើន​តែ​ឈឺចាប់​ខ្លាំង​ដោយសារ​ជំងឺ​ផ្តាសាយធំ ប៉ុន្តែ​ឈឺ​តិចតួច​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា​។​

​អស់កម្លាំង​៖ កើត​មាន​ខ្លាំង​ចំពោះ​ជំងឺ​ផ្តាសាយ​ធំ (២ ទៅ ៣ សប្តាហ៍​) ប៉ុន្តែ​កើតមាន​តិចតួច​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា​។​

ហៀរ​សំបោរ​៖ មិនសូវ​កើត​ចំពោះ​ជំងឺ​ផ្តាសាយ​ធំ ប៉ុន្តែ​កើត​ច្រើន​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា​។​

​ឈឺ​ក​៖ មិនសូវ​កើត​ចំពោះ​ជំងឺ​ផ្តាសាយ​ធំ ប៉ុន្តែ​កើត​ច្រើន​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា​។​

​ក្អក​៖ កើតឡើង​ច្រើន​និង​អាច​ក្អក​ខ្លាំង​ចំពោះ​ជំងឺ​ផ្តាសាយ​ធំ និង​កើត​តិច​ចំពោះ​ជំងឺ​ផ្តាសាយ​ធម្មតា​។​

ការ​មាន​ជំងឺ​ផ្តាសាយ​គឺ​ដូចជា​ការប្រលង​ជ្រើសរើស​ចម្លើយ​យ៉ាង​ដូច្នោះ​ដែរ ព្រោះ​ជំងឺ​ផ្តាសាយ​មាន​បី​ប្រភេទ​ធំៗ​គឺ A B និង C​។ ប៉ុន្តែ​ក្នុង​ប្រភេទ​ទាំង​បី​នេះ មេរោគ​ទាំងនេះ​មាន​សមត្ថភាព​ដែល​មិន​អាច​កំណត់​បាន​ក្នុង​ការប្រែប្រួល​ទៅ​ជា​ទម្រង់​ផ្សេងៗ​ជាច្រើន​។​

​ ​ដោយសារ​តែ​ជំងឺ​ផ្តាសាយ​គឺជា​ការឆ្លង​មេរោគ ដូច្នេះ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​មិន​មាន​ឥទ្ធិពល​ក្នុង​ការបំបាត់​វា​នោះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទៅ​រក​គ្រូពេទ្យ​ក្នុង​រយៈពេល ៤៨​ម៉ោង​ដំបូង​ពេល​មាន​រោគសញ្ញា​ផ្តាសាយ ថ្នាំ​ដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ដូចជា zanamivir (Relenza) ឬ oseltamivir (Tamiflu) អាច​ជួយ​អ្នក​ឱ្យ​ជាសះស្បើយ​លឿន​។ ប៉ុន្តែ​ការ​គេច​ចេញ​នៅ​តែ​ជា​ជម្រើស​ការពារ​ខ្លួន​ដ៏​ល្អ​បំផុត​។​

​ ​ប្រសិនបើ​អ្នក​ព្យាយាម​គេច​ហើយ ប៉ុន្តែ​នៅតែ​មាន​ជំងឺ​ផ្តាសាយ ការណែនាំ​ខាងក្រោម​នេះ​អាច​ជួយ​សម្រាល​រោគសញ្ញា​អ្នក​បាន​៖

​នៅផ្ទះ​៖ វេជ្ជបណ្ឌិត ថូ​ម៉ាស ហ្គូ​សេល (Thomas Gossel) និយាយថា ជំងឺ​ផ្តាសាយ​គឺជា​ជំងឺឆ្លង​ខ្លាំង​បំផុត​។ ដូច្នេះ​អ្នក​គួរតែ​នៅផ្ទះ​រហូត​ទាល់តែ​កម្តៅ​ខ្លួន​ធ្លាក់​មក​នៅ​ធម្មតា​វិញ​បាន​មួយ​ថ្ងៃ ដើម្បី​ជៀសវាង​ការឆ្លង​ទៅ​អ្នកដទៃ​។​

សម្រាក​៖ វេជ្ជបណ្ឌិត ហ្គូ​សេល ការ​គេង​សម្រាក​នៅ​លើ​គ្រែ​គឺជា​ជម្រើស​ល្អ​បំផុត ព្រោះ​វា​ទុក​ឱ្យ​កម្លាំង​របស់​អ្នក​ទប់ទល់​ប្រឆាំងនឹង​ការឆ្លង​មេរោគ​ផ្តាសាយ​។ ការ​មាន​សកម្មភាព​ច្រើន​ក្នុង​ពេល​ដែល​អ្នក​នៅ​ឈឺ​នៅឡើយ កាត់បន្ថយ​សមត្ថភាព​ការពារ​រាង្គ​កាយរ​បស់​អ្នក និង​ធ្វើឱ្យ​អ្នក​ងាយស្រួល​ប្រឈមមុខ​នឹង​ផលវិបាក​។​

​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​៖ ជាតិ​ទឹក​មាន​សារសំខាន់​យ៉ាង​ពិសេស​ក្នុង​ការបង្ការ​ការខ្វះ​ជាតិ​ទឹក ប្រសិនបើ​អ្នក​កំពុង​មាន​ជំងឺ​ផ្តាសាយ​។ បន្ថែម​ពីលើ​នេះ​ទៀត ជាតិ​ទឹក​អាច​ផ្តល់​សារធាតុចិញ្ចឹម​ដែល​អ្នកត្រូវការ​នៅពេល​ដែល​អ្នក​ឈឺ​ខ្លាំង​មិន​អាច​បរិភោគ​អ្វី​បាន​។ ទឹក​ស៊ុប ទឹក​ផ្លែឈើ ឬ​បន្លែ​កិន សុទ្ធតែ​មាន​ប្រយោជន៍​។ វេជ្ជបណ្ឌិត អេ​ឡេ​ណ័​រ ប្ល័រ​រ៉ក់​ប៊ុស​(Eleonore Blaurock-Busch) ណែនាំ​ឱ្យ​ញ៉ាំ​ទឹក​ផ្លែឈើ​ណា​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារជាតិ​ខនិជ​។​

​ ​វេជ្ជបណ្ឌិត ជេ​យ ស្វីត​ប៊ឺគ (Jay Swedberg) ណែនាំ​ឱ្យ​ពង្រា​វ​ទឹក​ផ្លែឈើ​ជា​មួយ​នឹង​ទឹក​ធម្មតា​។ គាត់​និយាយ​ថា “​ជាតិ​ស្ករ​បន្តិច​អាច​ផ្តល់​គ្លុយកូស​ដែល​ចាំបាច់​សម្រាប់​សុខភាព ប៉ុន្តែ​ជាតិ​ស្ករ​ច្រើនពេក​អាច​បណ្តាល​ឱ្យ​អ្នក​រាគ នៅពេល​ដែល​អ្នក​កំពុង​ឈឺ​។ អ្នក​ក៏គួរ​លាយ​ទឹ​កខ្ញី​និង​ភេសជ្ជៈ​ផ្សេងទៀត​ដែល​មាន​ជាតិ​ស្ករ​។ ហើយ​អ្នក​ត្រូវ​ទុក​ឱ្យ​វា​បាត់​ពពុះ​អស់ ព្រោះ​ពពុះ​ទាំងនោះ​អាច​បង្កើត​ជាតិ​ហ្គាស​ក្នុង​ក្រពះ​ដែល​អាច​ធ្វើឱ្យ​អ្នកមាន​អាការៈរកក​លចង់​ក្អួត​។​

ថ្នាំ​បំបាត់​ការឈឺចាប់​៖ ថ្នាំ​អាស្ពីរីន ថ្នាំ acetaminophen ឬ​ថ្នាំ ibuprofen អាច​កាត់បន្ថយ​អាការៈ​ក្តៅខ្លួន ឈឺក្បាល និង​ការឈឺ​ចុក​ចា​ប់រាង្គ​កាយ ដែល​ច្រើនតែ​កើតមាន​មក​ជាមួយនឹង​ជំងឺ​ផ្តាសាយ​។ មុន​នឹង​ប្រើ​ត្រូវ​អាន​ការណែនាំ​លើ​ថ្នាំ​។ វេជ្ជបណ្ឌិត ហ្គូ​សេល និយាយថា ដោយសារ​តែ​អាការៈ​ច្រើន​កើតឡើង​នៅ​ពេល​ថ្ងៃ​និង​ពេល​ល្ងាច ដូច្នេះ​អ្នក​ត្រូវ​លេបថ្នាំ​ឱ្យ​ទៀងពេល​ក្នុង​រយៈពេល​នេះ​។ ប៉ុន្តែ​គាត់​បាន​រំឭកថា កុមារ​និង​ក្មេង​ជំទង់​មិន​គួរប្រើ​ថ្នាំ​អាស្ពីរីន​ដោយ​មិន​មាន​ការណែនាំ​ពី​គ្រូពេទ្យ​នោះទេ​។​

ពិចារណា​ឱ្យ​ច្បាស់លាស់​មុននឹង​សម្រេចចិត្ត​ប្រើ​ថ្នាំ​អ្វី​មួយ​៖ វេជ្ជបណ្ឌិត ហ្គូ​សេល និយាយថា ថ្នាំ​ផ្តាសាយ​ដែល​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​អាច​ជួយ​បំបាត់​ការឈឺចាប់​បាន​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ​។ ថ្នាំ​ដែល​មាន​សារធាតុ​ប្រឆាំង​ការបញ្ចេញ​អ៊ី​ស្តា​មីន អាច​ជួយ​បំបាត់​ការ​ហៀរ​សំបោរ​។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​ថ្នាំ​នេះ​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ជា​សះស្បើយ​ហើយ​។ ការ​ត្រលប់​ទៅ​ធ្វើការ​ធម្មតា​វិញ​មុន​ពេល​អាច​ធ្វើឱ្យ​អ្នក​លាប់ ឬ​បង្ករ​ឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​។​

ញ៉ាំ​របស់​អ្វី​ដែល​មាន​រសជាតិ​ផ្អែម​៖ វេជ្ជបណ្ឌិត ម៉ា​រី អាន ផេន (Mary Ann Pane) និយាយថា ការ​ជញ្ជក់​ស្ករ​គ្រាប់​ផ្អែម​អាច​ជួយ​រក្សា​បំពង់​ក​អ្នក​ឱ្យ​មាន​សំណើម ដូច្នេះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។ ប្រសិនបើ​អ្នកព្រួយបារម្ភ​ពី​កាឡូរី​ដែល​ផ្ទុក​ក្នុង​ស្ករ​នោះ អ្នក​អាច​ស្វែងរក​ផលិតផល​ណា​ដែល​គ្មាន​ជាតិ​ស្ករ​។ វា​មាន​ប្រសិទ្ធភាព​ដូច​គ្នា​។​

ជាតិ​សំណើម​ក្នុង​ខ្យល់​៖ វេជ្ជបណ្ឌិត កាល់​វីន ត្រាស់ (Calvin Thrash) និយាយថា ការបង្កើន​ជាតិ​សំណើម​ក្នុង​ខ្យល់​អាច​កាត់បន្ថយ​ការ​ក្អក ឈឺ​បំពង់ក ឬ​អាការៈ​ស្ងួត​ផ្លូវ​ដង្ហើមបាន​។​

ថែរក្សា​ច្រមុះ​៖ ប្រសិនបើ​អ្នក​ញើសសំបោរ​ច្រើន ច្រមុះ​របស់​អ្នក​ប្រហែល​ជា​ឈឺ ដូច្នេះ​អ្នក​គួរ​លាប​ប្រេង​ក្នុង​រន្ធ​ច្រមុះ​ឱ្យបាន​ញឹកញាប់​ដើម្បី​កាត់បន្ថយ​ការ​រលាក​។​

ប្រើ​កម្តៅ​៖ អាការៈ​នៃ​ជំងឹ​ផ្តាសាយ​ទូទៅ​គឺ​សាច់ដុំ​ចុះខ្សោយ​និង​ឈឺ​។ អ្នក​អាច​ប្រើ​បន្ទះ​កម្តៅ​ឬ​មុជទឹក​ក្តៅ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។​

ត្រាំ​ជើង​ក្នុង​ទឹ​កក្តៅ​៖ វេជ្ជបណ្ឌិត ត្រាស់ និយាយថា ការ​ត្រាំ​ជើង​របស់​អ្នក​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​អាច​ជួយ​អ្នក​បាន​ប្រសិនបើ​អ្នក​ឈឺ​ក្បាល​ឬ​ការស្ទះ​ច្រមុះ​ដោយ​ការ​រលាក​។ ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​ពង្រីក​សរសៃឈាម​របស់​អ្នក ដែល​ជួយ​ឱ្យ​ឈាមរ​ត់​បាន​ស្រួល​ពី​ក្បាល​ដល់​ចុងជើង​របស់​អ្នក ដែល​អាច​ជួយ​បំបាត់​ការស្ទះ​។​

ខ្យល់​បរិសុទ្ធ​៖ វេជ្ជបណ្ឌិត ត្រាស់ និយាយថា អ្នក​ត្រូវ​ប្រាកដថា បន្ទប់​របស់​អ្នកជំងឺ​មាន​ខ្យល់​បរិសុទ្ធ​គ្រប់គ្រាន់​។​

ត្រដុស​ឱ្យបាន​ត្រឹមត្រូវ​៖ ការ​ត្រដុស​ខ្នង​អាចជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ប្រឆាំង​នឹង​មេរោគ​ជំងឺ​ផ្តាសាយ​។​

​បរិភោគ​បន្តិច​ម្តងៗ​៖ ក្នុងពេល​ដែល​អ្នក​កំពុង​ឈឺ​ខ្លាំង​អ្នក​ប្រហែលជា​មិន​អាច​បរិភោគ​អ្វី​បាន​នោះ​ទេ​។ ប៉ុន្តែ​នៅ​ពេល​អ្នក​អាច​ផ្លាស់ប្តូរ​ពី​ការបរិភោគ​ទឹក​ទៅ​បរិភោគ​អាហារ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការ​បរិភោគ​អាហារ​ទន់ៗ​ដែល​ងាយស្រួល​កិន​។​

​ទឹកអំបិល​៖ វេជ្ជបណ្ឌិត ផេន ណែនាំ​ឱ្យ​លាយ​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ ហើយ​ខ្ពុរមាត់​របស់​អ្នក ដើម្បី​ជួយ​លាង​សម្អាត​បំពង់​ក​របស់​អ្នក​។ ប៉ុន្តែ​ហាម​ដាច់ខាត​មិន​ត្រូវ​លេប​វា​នោះ​ទេ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ច្រើន​។​

ករណី​ត្រូវ​រក​គ្រូពេទ្យ​៖ ជំងឺ​ផ្តាសាយ​បច្ចុប្បន្ន​អាច​បង្ករ​ឱ្យមាន​ការស្លាប់​ដូច​កាល​ពី​ឆ្នាំ ១៩១៨ នៅពេល​ដែល​មេរោគ​ផ្តាសាយអេ​ស្ប៉ាញ​បាន​សម្លាប់​មនុស្ស​ទូទាំ​ង​ពិភពលោក​ជាង ២០​លាន នាក់​។ ដូច្នេះ វេជ្ជបណ្ឌិត ហ្គូ​សេល ណែនាំ​ឱ្យ​ទៅ​រក​គ្រូពេទ្យ ប្រសិនបើ​៖

– សម្លេង​របស់​អ្នក​ប្រែ​ទៅជា​ស្អក​

– អ្នក​មាន​ការឈឺចាប់​នៅ​ដើមទ្រូង​

– អ្នកមាន​អា​ការៈពិបាក​ដកដង្ហើម​

– អ្នក​ចាប់ផ្តើម​មាន​ស្លេស​ពណ៌​លឿង​ឬ​បៃតង​។​

​ ​អ្នក​ក៏ត្រូវ​ដឹង​ដែរ​ថា ការ​ក្អួតចង្អោរ​យូរ​អាច​បង្ករ​ឱ្យ​មាន​ការខ្វះ​ជាតិ​ទឹក ដែល​ជា​ករណី​ធ្ងន់ធ្ងរ​ជាពិសេស​ចំពោះ​កូន​ក្មេង​និង​មនុស្ស​ចាស់​។ ការឈឺចាប់​ត្រង់​ពោះ អាច​ជា​សញ្ញា​នៃ​បញ្ហា​មួយ​ផ្សេងទៀត ដូចជា​រោគ​រលាក​ខ្នែង​ពោះវៀន (​ពោះវៀន​ដុះ​ខ្នែង​)​។ ប្រសិនបើ​ការឈឺចាប់​ឬ​ការ​ក្អួតចង្អោរ​មិន​អន់ថយ​ក្នុង​រយៈពេល​មួយថ្ងៃ អ្នក​គួរ​ទៅ​រក​គ្រូពេទ្យ​។​

​ ​ប្រព័ន្ធ​ភាពស៊ាំ​និង​ប្រភេទ​នៃ​មេរោគ​ក្នុង​មួយ​ឆ្នាំៗ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការកំណត់​ថា​តើ​អ្នកណា​ដែល​ត្រូវ​រងគ្រោះ​ដោយសារ​ជំងឺ​ផ្តាសាយ​។ ប៉ុន្តែ​ការការពារ​ខ្លួន​ដែល​ល្អ​បំផុត​នៅតែ​ជា​ការបង្ការ​។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​កាត់បន្ថយ​ទៅ​នឹង​ការឆ្លង​មេរោគ​ជំងឺ​ផ្តាសាយ​៖

ចាក់​ថ្នាំ​បង្ការ​៖ អ្នកវិទ្យាសាស្ត្រ​បង្កើត​វ៉ាក់ស៊ាំង​ប្រឆាំង​ទៅ​នឹង​ប្រភេទ​មេរោគ​ជំងឺ​ផ្តាសាយ​ថ្មីៗ​ជា​រៀងរាល់ឆ្នាំ​។ ដូច្នេះ​ហើយ​អ្វី​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ខ្លួនឯងបាន​ដើម្បី​ការពារ​ពី​ជំងឺ​ផ្តាសាយ​គឺ​ត្រូវ​ចាក់​វ៉ាក់ស៊ាំង​នៅ​ខែ​តុលាឬ​មុន​ខែតុលា ប្រសិនបើ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ផ្តាសាយ​។ វេជ្ជបណ្ឌិត ស៊ូ​សាន​នី ហ្គា​វេ​នតា (Suzanne Gaventa) ណែនាំ​ជាពិសេស​ចំពោះ​អ្នក​ធ្វើការ​នៅ​កន្លែង​ថែទាំ​កុមារ​ឬ​មនុស្ស​ចាស់​ឱ្យ​ចាក់​ថ្នាំ​វ៉ាក់សាំង និង​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​បេះដូង ឬ​ក្រលៀន ជំងឺ​ហឺត ឬ​បញ្ហា​សួត ឬ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ អ្នក​ដែល​មាន​អាយុ​យ៉ាងតិច ៦៥​ឆ្នាំ និង​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ​ភាគច្រើន​។ អ្នក​ដែល​នៅក្នុង​ក្រុម​ផ្សេងទៀត ដូចជា ស្ត្រី​មេផ្ទះ អ្នក​មាន​សុខភាព​ល្អ​ដែល​មាន​អាយុ​ពី ៥០ ទៅ ៦៤​ឆ្នាំ និង​អ្នក​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការឆ្លង​ជំងឺ​ផ្តាសាយ គួរតែ​ចាប់ផ្តើម​ចាក់​វ៉ាក់ស៊ាំង​នៅ​ខែវិចិ្ឆកា​។​

​ ​ក្នុងករណី​ដែល​វ៉ាក់ស៊ាំង​មិន​អាចបង្ការ​ជំងឺ​នេះ​ទាំងស្រុង វា​ក៏​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ជំងឺ​បានដែរ​។ អ្នក​មិន​ត្រូវ​រងចាំ​ឱ្យ​មាន​ការឆ្លង​ជំងឺ​ផ្តាសាយ​សាយភាយ​ច្រើន​ហើយ​ទើប​រក​ចាក់​ស៊ាំ​ង​នោះទេ ព្រោះ​វ៉ាក់ស៊ាំង​នេះ​ត្រូវការពេល ២​សប្តាហ៍ ដើម្បី​បញ្ចេញ​ឥទ្ធិពល​របស់​វា​។ ជាពិសេស អ្នក​ដាច់ខាត​ហាម​ចាក់​វ៉ាក់ស៊ាំង​នេះ​ប្រសិនបើ​អ្នក​មាន​ប្រតិកម្ម​ជាមួយនឹង​ស៊ុត ព្រោះ​វា​ផលិត​ឡើង​ពី​ស៊ុត​។​

គេចចេញ​ពី​កន្លែង​មាន​មនុស្ស​ច្រើន​៖ វេជ្ជបណ្ឌិត ហ្គូ​សែល និយាយថា ដោយសារ​តែ​មេរោគ​ជំងឺ​ផ្តាសាយ​ស្រួល​នឹង​សាយភាយ ដូច្នេះ​អ្នក​ត្រូវ​គេចចេញ​ពី​រោងកុន ផ្សារ និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​មាន​មនុស្ស​ច្រើន ក្នុងពេល​ដែល​ជំងឺ​ផ្តាសាយ​កំពុង​រាតត្បាត​។ ហើយ​អ្នក​ត្រូវ​ព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​ក្អក​ឬ​កណ្តា​ស់​។​

ផ្តាសាយ​បណ្តាលមកពី​ភាព​ត្រជាក់​៖ ការ​ត្រូវ​នឹង​អាកាសធាតុ​ត្រជាក់​និង​សើ​មយូរ បង្កើន​ឱកាស​នៃ​ការឆ្លង​មេរោគ​។​

បោះបង់​ចោល​ទម្លាប់​មិន​ល្អ​៖ ការជក់បារី​និង​ទទួលទាន​គ្រឿង​ស្រវឹង​ក៏​អាច​កាត់បន្ថយ​សមត្ថភាព​របស់​អ្នក​ក្នុង​ការប្រឆាំង​នឹង​ជំងឺ​ផងដែរ​។ វេជ្ជបណ្ឌិត ហ្គូ​សែល និយាយថា ជាពិសេស​គឺ​ការជក់បារី ព្រោះ​វា​អាច​ធ្វើឱ្យ​បំពង់ខ្យល់​មាន​របួស ដែល​ធ្វើឱ្យ​អ្នក​កាន់តែ​ងាយ​ឆ្លង​មេរោគ​ជំងឺ​ផ្តាសាយ​។​

គ្រោះថ្នាក់​នៃ​ការ​ថើប​៖ ការ​ថើប​គឺជា​វិធី​ចម្លង​មេរោគ​ផ្តាសាយ​បានល្អ​បំផុត​។ គ្រាន់តែ​ការ​គេង​ក្នុង​បន្ទប់​ជាមួយ​គ្នា​ក៏​អាច​បង្ករ​ជា​បញ្ហា​បានដែរ ដូច្នេះ​ប្រសិនបើ​អាច អ្នក​គួរ​ប្តូរ​ទៅ​គេង​បន្ទប់​ផ្សេង​មួយ​រយៈ​។​

រក្សា​កម្លាំង​៖ អ្នក​មិន​ត្រូវ​ធ្វើ​អ្វី​ឱ្យ​អស់កម្លាំង​ឬ​ថមថយ​កម្លាំង​នោះ​ទេ​។​