របបអាហារត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់សុខភាពស្បែកល្អប្រសើរនិងសម្រស់ស្រស់ស្អាត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះល្អចំពោះស្បែក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានប្រសិនបើចង់បានស្បែកស្រស់ស្អាត ៖
១. ញ៊ាំគ្រាប់ពូជនិងគ្រាប់ធញ្ញជាតិជាអាហារសម្រន់
រួមមានគ្រាប់ឱឡឹក គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់ជី គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុន និងគ្រាប់រីករាយជាដើម គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងប្រូតេអ៊ីនដែលជួយឱ្យឆ្អែតបានយូរ ខណៈពេលបញ្ជូនរាល់សារធាតុចិញ្ចឹមសំខាន់ៗក្នុងប្រព័ន្ធរាងកាយ។
២. កាត់បន្ថយការទទួលទានជាតិស្ករខ្ពស់
រួមបញ្ចូលទាំងអាហារនិងភេសជ្ជៈផ្អែមៗ! ការទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនពេកអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភមិនត្រឹមតែចំពោះសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែលើសុខភាពរាងកាយទាំងមូល។ ជាតិស្ករក្នុងអាហារនិងភេសជ្ជៈផ្អែមអាចបំបែកកូឡាជែនដ៏សំខាន់ក្នុងស្បែក។ ដូច្នេះដើម្បីចៀសផុតបញ្ហាស្បែកឆាប់ចាស់ជាងវ័យនិងជ្រីវជ្រួញស្រអាប់ចូរព្យាយាមកម្រិតការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗរបស់អ្នក។
៣. ចៀសវាងអាហារប្រៃ
ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែធ្វើឱ្យអ្នកប្រឈមមុខនឹងបញ្ហាសុខភាពគួរឱ្យបារម្ភរួមមានលើសសម្ពាធឈាមជាដើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសុខភាពស្បែកផងដែរ។ នេះក៏ព្រោះអំបិលអាចធ្វើឱ្យជាលិកាប្រែជាហើមនិងបង្កបញ្ហាមុន។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទាន
អំបិលក្នុងកម្រិតមធ្យម
៤. ទទួលទានតែបៃតង
តែបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលកាត់បន្ថយការរលាក ទប់ស្កាត់មុន និងពន្យឺតដំណើរការនៃភាពចាស់តាមវ័យបានយ៉ាងប្រសើរ។
៥. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ គឺសំខាន់ណាស់ដើម្បីរក្សាបានសុខភាពរឹងមាំប្រសើរ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ក៏ចាំបាច់សម្រាប់រក្សាបាននូវសុខភាពស្បែកល្អស្រស់ស្អាតដែរ? ការទទួលទានទឹកបានប្រមាណ ២លីត្រក្នុងមួយថ្ងៃជួយរក្សាសំណើមនៃស្បែកនិងកម្ចាត់រាល់ជាតិពុល ព្រមទាំងភាពកខ្វក់ចេញពីរាងកាយមុនពេលវាបង្កផលប៉ះពាល់ដល់ស្បែក ក៏ដូចជាជាលិកានិងសរីរាង្គផ្សេងៗផងដែរ។
៦. កុំរំលងត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ ក្រៅពីនេះត្រីសាលម៉ុនក៏មានផ្ទុក dimethylaminoethanol ខ្ពស់ដែលជួយការពារកោសិកាស្បែកឱ្យរក្សាបាននូវសុខភាពល្អជានិច្ច។ តាមរយៈការពង្រឹងភាពរឹងមាំនៃកោសិកានោះមានន័យថាអ្នកកំពុងតែទប់ស្កាត់ភាពចាស់មុនអាយុហើយ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចំពោះសុខភាពនិងសម្រស់ចូរព្យាយាមទទួលទានឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។
៧. បង្កើនការទទួលទានបន្លែបៃតង
បន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។ កង្វះជាតិដែកអាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមដែលជាកត្តាចម្បងបំផុតមួយនៃបញ្ហាជ្រុះសក់ ក៏ព្រោះឬសនៃសក់ទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្គត់ផ្គង់របស់ឈាម។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងបន្លៃបៃតងក៏ជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។ ជាតិសសៃក្នុងបន្លែបៃតងថែមទាំងជួយកម្ចាត់ជាតិពុលដែលបង្កបញ្ហាស្បែកស្រអាប់មិនស្រស់ស្អាតទៀតផង។
សម្គាល់! អ្វីដែលអ្នកទទួលទាន គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល ក៏ដូចជាស្បែក។ របបអាហារដែលសម្បូរជាតិខ្លាញ់មិនល្អ ជាតិស្ករខ្ពស់ និងអាហារកែច្នៃអាចបង្កការរលាកក្នុងរាងកាយនាំឱ្យស្បែកឆាប់ចាស់។ ម្យ៉ាងវិញទៀតសាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ សាច់ប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានសាច់កែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។ អ្នកក៏គួរកម្រិនការទទួលទានសាច់ក្រហមដូចគ្នា! នោះក៏ព្រោះតែសាច់ក្រហមមានផ្ទុកជាតិ carnitine ខ្ពស់ដែលអាចធ្វើឱ្យជញ្ជាំងសសៃឈាមឡើងរឹងបង្កបញ្ហានៃភាពចាស់ជាងវ័យ៕