​វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែល​ថា​ការ​គេង​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​លក្ខណៈ​ខុសៗ​គ្នា​ច្រើន​ពី​ទម្លាប់​នៃ​ការ​គេង​ធម្មតា​ដោយ​គ្មាន​ផ្ទៃពោះ​។ រឿង​មួយ​ដែល​ត្រូវ​ចាំ​នោះ​គឺថា អ្នក​ប្រហែលជា​អាច​ភ្ញាក់​ពី​គេង​នៅ​កណ្តាល​យប់​ច្រើនដង​ដោយសារ​តែ​ត្រូវការ​នោម រមួលក្រពើ​នៅ​ជើង ឈឺ​ខ្នង ឬ​ក្រហាយ​ដើមទ្រូង​។ ដោយសារ​តែ​ពោះ​កាន់តែ​ធំ ដូច្នេះ​វា​ពិបាក​នឹង​ធ្វើឲ្យ​គេ​ង​បាន​ស្រួល​ណាស់​។ ប៉ុន្តែ​ក៏​មាន​ជំហរ​គេង​ច្រើន​ដែរ ដែល​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ជាក់ស្តែង ការ​គេង​ផ្កាប់​គឺ​មិន​អាច​គេ​ង​បាន​ទាល់តែ​សោះ​តែ​ម្តង ជាពិសេស​ក្នុង​ត្រីមាស​ទី​ពីរ និង​ទី​បី​។ មួយវិញទៀត ការ​គេង​ផ្ងាក៏​ជា​រឿង​ដែល​មិន​ត្រូវ​បាន​ណែនាំ​ឲ្យធ្វើ​តែម្តង​ដោយសារ​តែ​អ្វី​ទៅ​?

​ការ​គេង​ផ្ងា​មិនមែន​មិនឲ្យ​គេង​ឡើយ គ្រាន់​តែ​វា​បង្ក​ជា​បញ្ហា​ច្រើន ជាពិសេស​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​តែម្តង​។ នៅពេល​គេង​ផ្ងា ទម្ងន់​របស់​ស្បូន និង​កូន​នឹង​សង្កត់​ទៅលើ​សរសៃឈាម​វ៉ែន​ធំៗ​ក្នុង​ពោះ​សម្រាប់​បញ្ជូន​ឈាម​ពី​អវៈយវៈ​ខាង​ក្រោម​ចូល​បេះដូង​វិញ ដូច្នេះ​វា​នឹង​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ទារក ហើយក៏​មិន​អាច​ផ្តល់​ជីវជាតិ និង​អុកស៊ីសែន​ទៅ​គេ​បាន​គ្រប់គ្រាន់​ដែរ​។ យ៉ាងណាមិញ​បើសិនជា​អ្នក​សង្កេត​ឃើញ​ខ្លួន​ឯង​គេង​ផ្ងា​ម្តងម្កាល​នៅ​ត្រីមាស​ដំបូង ឬ​ទី​ពីរ​នោះ​ក៏​មិន​អី​ដែរ ប៉ុន្តែ​មិនគួរណា​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​ឡើយ​។

ការ​គេង​ចំហៀង​គឺជា​ជម្រើស​តែមួយគត់​ដែល​ស្ត្រី​គួរតែ​ធ្វើ ហើយ​អ្នកជំនាញ​ជាច្រើន​បាន​និយាយថា ការ​គេង​មក​ចំហៀង​ខាងឆ្វេង​គឺជា​រឿង​ល្អ​បំផុត ព្រោះ​វា​នឹង​ផ្តល់​នូវ​លំហូរ​ឈាម​បាន​ច្រើន​បំផុត និង​កាត់បន្ថយ​ការ​ហើមជើង ប៉ុន្តែ​បើសិនជា​គេង​មក​ចំហៀង​ខាងស្តាំ​ក៏​មិន​អី​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង