រោគវិនិច្ឆ័យជំងឺគ្រុនឈាមច្រើនតែធ្វើឡើងនៅពេលអ្នកជំងឺបង្ហាញនូវរោគសញ្ញាធម្មតាៗដូចជា ឈឺក្បាល, ក្តៅខ្លួន, ឈឺភ្នែក, ឈឺសាច់ដុំធ្ងន់ធ្ងរ, និងឡើងកន្ទួលលើស្បែក ព្រមទាំងមានប្រវត្តិរស់នៅក្នុងតំបន់កើតជំងឺគ្រុនឈាមទៀត។ ជំងឺគ្រុនឈាមអាចមានការពិបាកក្នុងការកំណត់រោគវិនិច្ឆ័យដោយសារតែរោគសញ្ញាកើតមានផ្ទួនៗគ្នាជាមួយនឹងជំងឺបង្កដោយវីរុសផ្សេងៗទៀតដូចជា West Nile Virus និង Chikungunya Fever។
នៅឆ្នាំ ២០១១ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័ត្រអោយធ្វើតេស្តឈាមមួយប្រភេទដែលមានឈ្មោះថា DENV Detect IgM Capture ELISA ដើម្បីកំណត់រោគវិនិច្ឆ័យជំងឺគ្រុនឈាម។ FDA បានសម្គាល់ថា តេស្តថ្មីនេះក៏ប្រហែលជាផ្តល់នូវលទ្ធផលវិជ្ជមាននៅពេលមនុស្សម្នាក់មានទំនាក់ទំនងនឹងវីរុសបង្កជំងឺដូចជា West Nile Disease ដែរ។
ដោយសារតែជំងឺគ្រុនឈាមបង្កឡើងដោយវីរុស ដូច្នេះគ្មានថ្នាំ ឬអង់ទីប៊ីយ៉ូទិចពិសេសណាមួយសម្រាប់ព្យាបាលវាឡើយ។ ចំពោះជំងឺគ្រុនឈាមធម្មតា ការព្យាបាលត្រូវបានធ្វើឡើងដើម្បីបំបាត់រោគសញ្ញាតែប៉ុណ្ណោះ។ ការសម្រាក និងការបង្គ្រប់ជាតិទឹកគឺជារឿងសំខាន់ ថ្នាំអាស្ពីរីន និងពពួកថ្នាំ Nonsteroidal Anti-inflammatory Drugs គួរតែប្រើដោយមានការតាមដានពីគ្រូពេទ្យព្រោះវាអាចនឹងធ្វើអោយមានផលវិបាកជាការហូឈាមធ្ងន់ធ្ងរបាន។ ថ្នាំ Acetaminophen (Tylenol) និង Codeine ប្រហែលជាត្រូវប្រើចំពោះអ្នកជំងឺដែលឈឺក្បាលខ្លាំង និងឈឺសន្លាក់សាច់ដុំ៕