នៅពេលចាប់ផ្តើម ជំងឺមហារីកក្រពេញប្រូស្តាតមិនមានបង្កអ្វីជារោគសញ្ញាឡើយ។ នៅពេលមហារីកលូតលាស់ហើយ អ្នកប្រហែលជាមានបញ្ហាក្នុងការនោម។ បុរសខ្លះប្រហែលជាត្រូវការនោមញឹក ជាពិសេសនៅពេលយប់តែម្តង។ អ្នកខ្លះទៀតបែរជាមានអាការៈឈឺចាប់ ឬក្រហាយពេលនោម, មានឈាមក្នុងទឹកនោម ឬទឹកកាម, ឈឺខ្នង, ត្រគៀក ឬអាងត្រគៀក និងឈឺចាប់ខ្លួនពេលបាញ់ទឹកកាម។
ដើម្បីរកអោយឃើញថារោគសញ្ញាទាំងនេះបណ្តាលមកពីជំងឺមហារីកក្រពេញប្រូស្តាតនោះ គ្រូពេទ្យនឹងសួរអំពីប្រវត្តិជំងឺ និងប្រវត្តិជំងឺក្នុងគ្រួសាររបស់អ្នក។ គាត់នឹងធ្វើការពិនិត្យលើរាងកាយបន្ថែមទៀត។ ក្នុងពេលពិនិត្យ គ្រូពេទ្យនឹងពាក់ស្រោមដៃដើម្បីលូកពិនិត្យក្នុងរុន្ធគូថ និងប៉ះក្រពេញប្រូស្តាតដើម្បីវាយតម្លៃ។
គ្រូពេទ្យក៏ប្រហែលជាធ្វើតេស្តឈាមដើម្បីពិនិត្យរកមើលកម្រិត PSA (Prostate-specific Antigen)។ កម្រិតនៃសារធាតុមួយនេះអាចនឹងឡើងខ្ពស់លើបុរសដែលមានបញ្ហារីកធំក្រពេញប្រូស្តាត ឬជំងឺមហារីកក្រពេញប្រូស្តាត។ អ្នកក៏ប្រហែឡជាត្រូវការថតអេកូដែរដើម្បីមើលពីរូបរាង្គក៏ដូចជាសភាពរបស់ក្រពេញប្រូស្តាត។
បើសិនជាការធ្វើតេស្តបង្ហាញឃើញថា អ្នកប្រហែលជាមានជំងឺមហារីក គ្រូពេទ្យនឹងបញ្ជាក់រោគវិនិច្ឆ័យអោយកាន់តែច្បាស់ជាមួយការច្រឹបសាច់ទៅពិនិត្យ។ គាត់នឹងច្រឹបសាច់ក្រពេញប្រូស្តាតដ៏តូចៗជាច្រើនដើម្បីរកមើលថាតើមានកោសិការមហារីក ឬក៏អត់។ គ្រូពេទ្យប្រហែលជាចង់ធ្វើតេស្តនេះម្តងហើយម្តងទៀតដើម្បីតាមដាននូវលទ្ធផលកាន់តែច្បាស់។