ធ្លាប់ឆ្ងល់ឬអត់ថាតើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកមិនងូតទឹកសម្អាតរាងកាយ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីស្រាយចម្ងល់នេះ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលអាចកើតឡើងនៅពេលអ្នកឈប់ងូតទឹក ៖

១. បញ្ហាស្បែកផ្សេងៗ

នៅពេលអ្នកឈប់ងូតទឹក នោះបញ្ហាស្បែកដែលកើតមានស្រាប់លើស្បែកនឹងប្រែជាមានសភាពកាន់តែអាក្រកឡើងពីមួយពេលទៅមួយពេល។ អ្នកនឹងចាប់ផ្ដើមអេះស្បែកឥតឈប់ ខណៈដែលបាក់តេរីនិងភាពកខ្វក់ដទៃទៀតគួបដៃគ្នាបង្កភាពរមាស់ខ្លាំងទ្រាំមិនបាន។ ជាលទ្ធផលពីការអេះខ្លាំងៗស្បែកនឹងរបួសហើយប្រែក្លាយជាឆ្លងមេរោគ។ ដូច្នេះដើម្បីជាការប្រសើរមិនចង់កើតបញ្ហាស្បែកផ្សេងៗទេនោះ ចូរកុំខ្ជិលនិងងូតទឹក!

២. ការឆ្លងមេរោគ

សាកស្រមៃទៅមើលថាតើបរិមាណនៃបាក់តេរីនិងមេរោគដែលអាចតោងជាប់ ឬជ្រៀតចូលរាងកាយមានចំនួនប៉ុន្មាននៅរាល់ពេលអ្នកកាន់ទូរសព្ទ, ដៃទ្វា និងចានបង្គន់ ព្រមទាំងវត្ថុផ្សេងៗក្នុងមួយថ្ងៃៗ? ប្រសិនបើអ្នកមិនងូតទឹកសម្អាតរាងកាយទេនោះ ពពួកបាក់តេរីនិងមេរោគប្រាកដជាងាយនឹងជ្រៀតចូលក្នុងប្រព័ន្ធរាងកាយតាមរយៈដៃ, ច្រមុះ និងមាត់ដែលបង្កជាបញ្ហាគួរឱ្យបារម្ភជាច្រើនប្រភេទ រួមបញ្ចូលទាំងជំងឺផ្ដាសាយ និងសូម្បីតែជំងឺថ្លើមប្រភេទ A។ នាពេលបច្ចុប្បន្នការលាងសម្អាតដៃ គឺចាំបាច់ណាស់ដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺកូវីដ ១៩។ ទោះជាយ៉ាងណាកុំភ្លេចដុសសាប៊ូសម្អាតពេញរាងកាយទាំងមូលផង។

៣. រោគផ្សិត

មួយក្នុងចំណោមរោគឆ្លងដែលអ្នកអាចជួបប្រទះនៅពេលខ្ជិលងូតទឹកនោះ គឺរោគផ្សិតលើស្បែក។ មេរោគនេះអាចរស់នៅលើស្បែក ក្នុងមាត់ និងសូម្បីតែប្រដាប់ភេទ។ កូនក្មេង ស្ត្រីមានផ្ទៃពោះ និងអ្នកដែលធាត់លើសទម្ងន់ គឺងាយនឹងឆ្លងរោគផ្សិតណាស់។ ទោះជាយ៉ាងណាកត្តាចម្បងបំផុតមួយនៃបញ្ហានេះ គឺកង្វះអនាម័យ។ ដូច្នេះការលាងសម្អាតគ្រប់ផ្នែកនៃរាងកាយ គឺជាគន្លឹះដ៏ប្រសើរបំផុតមួយដើម្បីទប់ស្កាត់បញ្ហា។

៤. កោសិកាស្បែកងាប់ៗមិនត្រូវបានកម្ចាត់ចេញ

នៅពេលអ្នកងូតទឹកនិងដុសសម្អាតរាងកាយ នោះកោសិកាស្បែកងាប់ៗនឹងត្រូវបានកម្ចាត់ចេញដើម្បីលូតលាស់ថ្មី។ ប្រសិនបើអ្នកឈប់ងូតទឹក ស្បែកងាប់ៗអាចមានទម្ងន់ដល់ទៅ ៤គីឡូក្រាមនឹងប្រមូលផ្ដុំពេញលើរាងកាយ។

៥. ក្លិនខ្លួនស្អុយខ្លាំង

ទោះបីជាការបែកញើស គឺគ្មានក្លិន ក៏ប៉ុន្តែពពួកបាក់តេរីនិងមេរោគដែលមានវត្តមានលើរាងកាយនឹងបង្កជាក្លិនមិនល្អយ៉ាងឆាប់រហ័ស។ ប្រសិនបើមនុស្សម្នាក់មានក្លិនខ្លួនមិនល្អហើយនោះ គេប្រាកដជាស៊ាំនឹងក្លិនខ្លួនឯងដោយមិនដឹងថាស្អុយឡើយ។

៦. កង្វះអនាម័យត្រង់តំបន់ប្រដាប់ភេទ

ក្រលៀនជាតំបន់ដែលងាយនឹងទទួលរងផលប៉ះពាល់បំផុតនៅពេលអ្នកឈប់ងូតទឹក។ មិនត្រឹមតែស្អុយប៉ុណ្ណោះទេ ប៉ុន្តែក៏ងាយនឹងកើតរោគផ្សិត ឬបណ្ដាលឱ្យស្ថានភាពនៃរោគផ្សិតត្រង់តំបន់ប្រដាប់ភេទប្រែជាអាក្រក់ឡើងផងដែរ។ អ្នកអាចនឹងមានអារម្មណ៍រមាស់ខ្លាំងសឹងទ្រាំមិនបានដោយសារភាពកង្វក់និងបាក់តេរីប្រមូលផ្ដុំគ្នា។

៧. រោគមុន

មុននឹងចាប់ផ្ដើមលេចឡើងគួរឱ្យកត់សម្គាល់ពេញលើស្បែក ជាពិសេសស្បែកមុខនៅពេលអ្នកឈប់ងូតទឹក។ នេះក៏ព្រោះតែការកើនឡើងនៃបាក់តេរីបង្កការរលាកនៃឬសរោមនិងបង្កើនការផលិតជាតិប្រេងលើស្បែកហួសកំណត់។

៨. បញ្ហាសក់និងស្បែកក្បាល

ស្បែកក្បាលនិងសក់ក៏ទទួលរងផលប៉ះពាល់ផងដែរនៅពេលអ្នកឈប់ងូតទឹក។ នេះក៏ព្រោះតែកោសិកាស្បែកងាប់ៗនិងជាតិប្រេងដែលលើសលើស្បែកក្បាលមិនត្រូវបានសម្អាតចេញ។ ជាលទ្ធផលសក់នឹងប្រែជាឡើងប្រេងខ្លាំង ធុំក្លិនមិនល្អ និងលែងស្អាត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង