ធ្លាប់ឆ្ងល់ទេថាតើយើងគួរកក់សក់ប៉ុន្មានដងក្នងមួយសប្តាហ៍ទើបជារឿងប្រសើរ? តើអ្នកមានទម្លាប់កក់សក់ជារៀងរាល់ថ្ងៃមែនទេ? ពេលខ្លះ ២ដងក្នុងមួយថ្ងៃ? មិនអាចទ្រាំជាមួយបញ្ហាសក់ឡើងប្រេងខ្លាំងនៅថ្ងៃបន្ទាប់ឬ? ធ្លាប់ដឹងទេថាការកក់សម្អាតសក់រាល់ថ្ងៃ គឺផ្ដល់នូវផលអាក្រក់ច្រើនជាងល្អ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីរក្សាបាននូវសុខភាពសក់ល្អប្រសើរ អ្នកគួរកក់សម្អាតសក់ត្រឹមតែ ៣ ដងក្នុងមួយសប្តាហ៍បានហើយ។ ក៏ព្រោះប្រសិនបើអ្នកកក់វាញឹកពេកគឺវាអាចនឹងបំផ្លាញជាតិប្រេងធម្មជាតិពីសក់អ្នក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងថាតើអ្នកគួរសក់ប៉ុន្មានដងក្នុងមួយសប្តាហ៍ទើបប្រសើរ ៖
- ថាតើអ្នកគួរសក់ប៉ុន្មានដងក្នុងមួយសប្តាហ៍ទើបប្រសើរ?
ការជ្រើសរើសសាប៊ូដែលត្រឹមត្រូវក៏ជារឿងសំខាន់ផងដែរ ប្រសិនបើអ្នកមានសក់ស្ងួតគួរជ្រើសរើស សាប៊ូដែលអាចផ្តល់សំណើមដល់សក់។ ការប្រកាន់ខ្ជាប់នូវទម្លាប់កក់សក់ត្រឹមពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ គឺប្រសើរបំផុត។ ទម្លាប់នេះជួយរក្សាសុខភាពសក់ រួមទាំងស្បែកក្បាលដោយមិនធ្វើអោយសក់ស្ងួត ហើយងាយនឹងទទួលរងការបំផ្លាញ។ ប្រសិនបើសក់របស់អ្នកឡើងប្រេងខ្លាំង ចូរប្រើប្រាស់រូបមន្តបែបធម្មជាតិ ឬសាកល្បងផលិតផលសាប៊ូស្ងួត។
- ថាតើការកក់សក់រាល់ថ្ងៃបង្កផលវិបាកអ្វីខ្លះ?
១. បាត់បង់ជាតិប្រេងធម្មជាតិនៃសក់ និងស្បែកក្បាល
ការកក់សក់រាល់ថ្ងៃនឹងកម្ចាត់ជាតិប្រេងធម្មជាតិនៃសក់ និងស្បែកក្បាល។ ជាតិប្រេងទាំងនេះ គឺត្រូវបានផលិតឡើងដោយរាងកាយដើម្បីការពារ ក៏ដូចជាធ្វើឱ្យសុខភាពស្បែកក្បាល និងសក់កាន់តែប្រសើរឡើង។ កង្វះនៃជាតិប្រេងធម្មជាតិនេះនឹងធ្វើឱ្យស្បែកក្បាលប្រែជាស្ងួត ហើយខូចសក់។
២. បាត់បង់ពណ៌ធម្មជាតិនៃសក់
ធ្លាប់ដឹងទេថា ការកក់សក់រាល់ថ្ងៃនឹងបណ្ដាលឱ្យបាត់បង់ពណ៌នៃសក់? ប្រសិនបើអ្នកចូលចិត្តពណ៌សក់របស់ខ្លួន ចូរជៀសវាងការកក់សម្អាតវារាល់ថ្ងៃ។
៣. សក់ប្រែជាស្ងួត និងរួញក្រញាញ់
ជាតិប្រេងធម្មជាតិផ្ដល់ឱ្យសក់នូវពន្លឺ, ភាពរលោង ហើយមិនស្ងួតក្រញាញ់ជាប់គ្នា។ ការកក់សក់រាល់ថ្ងៃនឹងកម្ចាត់ជាតិប្រេងធម្មជាតិនៃសក់គួរឱ្យកត់សម្គាល់។
៤. ខ្ជះខ្ជាយ
ការកក់សក់រាល់ថ្ងៃ គឺមិនមែនជារឿងចាំបាច់សោះឡើយ។ ការកក់រាល់ថ្ងៃនឹងធ្វើឱ្យអ្នកខ្ជះខ្ជាយទឹក, សាប៊ូ និងក្រែមបន្ទន់ដោយគ្មានបានផលប្រសើរអ្វីមកវិញ ក្រៅពីបញ្ហាមិនល្អ។ អ្នកអាចសន្សំសំចៃថវិការរបស់អ្នកបានមួយចំនួន តាមរយៈការកម្រិត ឬកំណត់ចំនួននៃការកក់សក់ដោយមិនលើសពី ៣ ដងក្នុងមួយសប្តាហ៍។
៥. សក់ទទួលរងការខូចខាតដោយកម្ដៅ
ការកក់សម្អាតសក់រៀងរាល់ថ្ងៃក៏មានន័យថា អ្នកប្រើប្រាស់ម៉ាស៊ីនផ្លុំ, មូររួញ ឬកៀបសក់ឱ្យត្រង់រាល់ថ្ងៃដូចគ្នាដែរ។ ទប់ស្កាត់បញ្ហាសក់ខូចដោយកម្ដៅ ឬម៉ាស៊ីនលេងស្ទាយសក់ តាមរយៈការកាត់បន្ថយពេលនៃការកក់សក់របស់អ្នក៕