រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន៥៥នាក់ និងបានព្យាបាលជាសះស្បើយចំនួន២៣នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកដែលជំងឺកូវីដ១៩ ដែលរកឃើញនេះ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈទាំងអស់ ។ អ្នកទាំងនោះភាគច្រើនជាជនជាតិខ្មែរ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
ចំណែកអ្នកព្យាបាលជាសះស្បើយចំនួន២៣នាក់ មានចំនួន១នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និង២២នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ អ្នកជាះស្បើយពីជំងឺកូវីដ១៩នេះភាគច្រើនជនជាតិខ្មែរនៅរាជធានីភ្នំពេញ ខេត្តកោះកុង ។
ក្រសួងបានឲ្យដឹងថារកឃើញករណីឆ្លងថ្មីចំនួន ៥៥នាក់ សហគមន៍៥៥នាក់ ភាគច្រើនស្ថិតក្នុងភ្នំពេញ នឹងខេត្តកណ្តាលធ្វើឲ្យអ្នកឆ្លងពីព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ សរុបកើនដល់ ១៣៤៨នាក់ ។
សូមជម្រាបថា គិតមកត្រឹមថ្ងៃទី២៥ មីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេសមានចំនួន១៨៧២នាក់ អ្នកឆ្លងហើយព្យាបាលជាសះស្បើយមានចំនួន១០៥៦នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៨០៩នាក់ និងស្លាប់ដោយសារជំងឺកូវីដ១៩មានចំនួន៥នាក់ ៕