ពេលកូនរបស់អ្នកបានលេបវត្ថុចម្លែកតើអ្នកគួរធ្វើដូចម្តេច?

ទារក​និង​កុមារ​តូច​អាច​នឹង​លេប​អ្វី​ដែល​វា​បៀម​ចូល​ទៅ​ក្នុង​ពោះ​។​គ្រោះថ្នាក់​កើត​មាន​ឡើង​កាលណា​វត្ថុ​នោះ​វា​នៅ​ជាប់​គាំងក្នុង​បំពង់​ដកដង្ហើម​។​ របស់​ដែល​កុមារ​អាច​ហឺត​ចូល​ក្នុង​បំពង់​ដកដង្ហើម​ញឹកញាប់​រួម​មាន​ចំណីអាហារ​ដូច​ជា​ផ្លែ​ទំពាំងបាយជូរ​ គ្រាប់​ផ្លែ​ឈើ​ សាច់​ច្រក​ ពោត​លីង​ និង​គ្រាប់​ធញ្ញជាតិ​។​ វត្ថុ​ឯទៀត​ដែល​មិនសូវ​ញឹកញាប់​ទេ​ ប៉ុន្តែ​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​មាន​ឆ្អឹង​ សំបក​សណ្តែកដី​ ល្បែង​តូចៗ​ ចុង​ថ្មពិល​ និង​ផ្នែក​ផ្សេងៗ​នៃ​តុក្កតា​និង​របស់​លេង​។​

របស់របរ​ដែល​នៅ​ជាប់​ក្នុង​បំពង់​ដកដង្ហើម​អាច​រារាំង​មិន​ឲ្យ​មាន​អុក​ស៊ី​សែន​គ្រប់គ្រាន់​ចូល​ទៅ​ដល់​ក្នុង​សួត​។​ ការ​ដែល​ស្រាប់តែ​មានការ​លំបាក​ក្នុង​ការ​ដកដង្ហើម​ភ្លាមៗ​ ក្អក​ សំលេង​ស្អក​ ឬ​ការ​លំបាក​ក្នុង​ការ​និយាយ​ស្តី​ អាច​ជា​សញ្ញា​បញ្ជាក់​ថា​មានអ្វី​ប្លែក​ដែល​ត្រូវ​បាន​ស្រូប​បឺត​ចូល​ទៅ​ហើយ​ ហើយ​ដែល​ត្រូវការ​ឲ្យ​មានការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ ។​ គេ​អាច​មិន​មាន​ពេល​ដើម្បីហៅរក​គ្រូពេទ្យ​នោះ​ទេ​។​​វត្ថុ​ចំឡែក​នោះ​អាច​រាំង​ខ្ទប់​បំពង់​ដកដង្ហើម​ទាំងស្រុង​ គម្រាមកំហែង​ដល់​អាយុជីវិត​បាន​។​ នេះ​មាន​ន័យ​ថា​វត្ថុ​នោះ​វា​នៅ​ជាប់​ជិត​ខ្សែ​បំពង​សម្លេង​ ហើយ​គេ​ត្រូវការ​ប្រើ​វិធី​Heimlich​ maneuver​ ជាដើម​ ដើម្បី​ដកហូត​យក​វា​ចេញ​។​ ជួនកាល​កុមារ​ម្នាក់​ដែល​មាន​សុខភាព​ល្អ​ទេ​ ស្រាប់តែ​ធ្លាក់​បាត់បង់​ស្មារតី​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ អាច​មក​ពី​កុមារនោះ​បាន​ឈ្លក់​របស់​អ្វីមួយ​ប្លែក​ចូល​ទៅ​ក្នុង​ផ្លូវដង្ហើម​។​ ដូច្នេះ​មាតាបិតា​ត្រូវ​តែ​ចេះ​ដឹង​អំពី​ការ​ព្យាបាល​ការ​ឈ្លក់​របស់​កុមារ​។​ដំណាក់កាល​ភាគច្រើន​នៃ​ការ​ឈ្លក់​វត្ថុ​សុទ្ធតែ​អាច​បង្ការ​បាន​។​

របស់របរ​ទាំងអស់​នោះ​អាច​ដើរ​ផ្លូវ​ផ្សេង​ ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទៅ​វិញ​។​ តាម​ធម្មតា​ វា​អាច​ឆ្លងកាត់​ក្រពះ​និងពោះវៀន​ដោយ​មិន​មានការ​លំបាក​ទេ​។​ ក៏​ប៉ុន្តែ​វា​ក៏​អាច​គាំង​ជាប់​នៅ​ត្រង់​ណាមួយ​ក្នុង​បំពង់​រំលាយ​អាហារ​បាន​ដែរ​ ជា​ពិសេស​គឺ​នៅ​ត្រង់​ចន្លោះ​បំពង់ក​និង​ក្រពះ​។​ របស់​ដែល​អាច​ដូច្នេះ​រួម​មាន​ម្ជុល​ ប្រាក់​កាក់​ ចុង​ថ្មពិល​ ជាដើម​។​ វា​អាច​ធ្វើ​ឲ្យ​ក្អក​ ឈ្លក់​ មាន​អារម្មណ៍​ថា​មាន​អ្វី​នៅ​ក្នុង​បំពង់ក​ ឈឺចាប់​ឬ​ពិបាក​លេប​ មិន​ចង់​ហូប​អាហារ​ បែកពពុះមាត់​ ឬ​ក្អួត​ជាប់​។​

បើ​កូនលោក​អ្នក​បាន​លេប​អ្វី​ដែល​ទន់ៗ​ ដូច​ជា​គ្រាប់​ឈើ​ ឬ​ឡេវអាវ​ ដោយ​មិន​មានការ​ពិបាក​ទេ​ នោះ​វត្ថុ​ទាំង​អស់នោះ​អាច​នឹង​ឆ្លងកាត់​បំពង់​រំលាយ​អាហារ​បាន​ ប៉ុន្តែ​លោក​អ្នក​ក៏​ត្រូវ​តែ​រាយការណ៍​ប្រាប់​គ្រូពេទ្យ​ឬ​គិលានុប្បដ្ឋាយិកា​។​

ប៉ុន្តែ​បើសិនជា​កូនលោក​អ្នក​មានការ​ឈឺចាប់​ពេល​ក្អួតចង្អោរ​ ឬ​មាន​សញ្ញា​អ្វី​ដូចដែល​បាន​រៀបរាប់​ខាងលើ​ នោះ​លោក​អ្នក​ត្រូវ​តែ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម​។​​បើ​កូនលោក​អ្នក​លេប​ចុង​ថ្មពិល​ សូម​និយាយ​ប្រាប់​គ្រូពេទ្យ​ឲ្យ​បានដឹង​ ព្រោះ​ថ្មពិល​អាច​បណ្តាល​ឲ្យ​មានកា​រសិក​រិច​រិល​ស្បែកខាងក្នុង​ពោះវៀន​បាន​។​​

ជា​ធម្មតា​ បើ​កុមារ​បាន​លេប​អ្វីមួយ​ចូល​ទៅ​ក្នុង​ខ្លួន​ គេ​ចាំបាច់​ត្រូវ​ធ្វើការ​ឆ្លុះ​កាំរស្មីអ៊ិច​ ដើម្បី​កំណត់​ឲ្យ​បាន​ថា​របស់​នោះ​ស្ថិតនៅ​ត្រង់​ណា​។​ គ្រូពេទ្យ​អាច​ប្រាប់​អ្នក​ថា​វា​បាន​ឆ្លង​ចូល​ទៅ​ដល់​ពោះវៀន​ ឬ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​យក​វា​ចេញ​មក​វិញ​។​

ជាទី​បញ្ចប់​ សូមកុំ​ឲ្យ​ឱសថ​ ipecac​ ឬ​ថ្នាំ​បញ្ចុះ​ cathartic​ ឲ្យ​កុមារ​ដែល​បាន​លេប​អ្វី​ចូល​ទៅ​ក្នុង​ពោះ​ឲ្យ​សោះ​ វា​មិន​អាច​ជួយ​អ្វី​បាន​ទេ​ ហើយ​អាច​ធ្វើ​ឲ្យ​កាន់តែ​មាន​គ្រោះថ្នាក់​ទៅ​វិញ​ទេ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង