ប្រសិនបើកម្រិតខ្លាញ់កូឡេស្តេរ៉ុល(cholesterol) និងសម្ពាធឈាមខ្ពស់ អ្នកត្រូវពិចារណាពីការទទួលទានជាតិស្ករ, លំហាត់ប្រាណ, ជីវិតរួមភេទ, និងការទទួលទានដំណេក។
ជីវិតដែលរស់នៅបានយូរដោយមិនមានជំងឺបេះដូង មិនមែនបានមកដោយសារតែការគ្រប់គ្រងកម្រិតស្តង់ដារនៃសម្ពាធឈាមនិងជាតិកូលេស្តេរ៉ុលតែមួយមុខនោះទេ។
ជាការពិតណាស់ដែលការគ្រប់គ្រងលើកម្រិតរបស់វា អាចឱ្យអ្នកដឹងពីសុខភាពបេះដូងរបស់អ្នក ប៉ុន្តែមានវិធីផ្សេងទៀតដែលអាចប្រើបាន។សមាគមជំងឺបេះដូងអាមេរិក( The American Heart Association) បានកត់សម្គាល់ក្នុងកំណត់ហេតុប្រចាំឆ្នាំ សំរាប់ឆ្នាំ ២០១០ ថា ក្នុងខណៈដែលអត្រាអ្នកស្លាប់ដោយសារជំងឺបេះដូង-សរសៃឈាម (cardiovascular disease) នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅចន្លោះឆ្នាំ 1996 និង 2006 ប៉ុន្តែជំងឺនេះនៅតែមានអត្រាខ្ពស់។ នៅឆ្នាំ 2006 អ្នកស្លាប់ច្រើនជាង ១ នាក់ ក្នុងចំណោម ៣ នាក់ ដែលមានទាក់ទងទៅនឹងជំងឺបេះដូង។ នៅកម្ពុជាយើងក៏មានអ្នកកើតជំងឺបេះដូងនិងស្លាប់ដោយសារជំងឺច្រើនផងដែរទោះបីជាមិនមានតួលេខជាក់លាក់ក្តី។
ខាងក្រោមនេះគឺជាការណែនាំមួយចំនួនរបស់អ្នកជំនាញវេជ្ជសាស្ត្រអំពីមធ្យោបាយដើម្បីសុខភាពបេះដូង
របស់អ្នក។អ្នកត្រូវតែស្វែងយល់អំពីតួលេខទាំងអស់នេះ។
គ្រឿងស្រវឹង(ជាតិអាល់កុល)
អ្នកដែលចូលចិត្តទទួលទានសុរាប្រហែលជាមិនសប្បាយចិត្ត ប៉ុន្តែការសិក្សាលើជាតិអាល់កុលបានបង្ហាញថាវាមិនអាចជួយដល់សុខភាពបេះដូងបានទេ។ លោកវេជ្ជបណ្ឌិត Jonathan Whiteson និយាយថា “ប្រសិនបើអ្នកមានជំងឺបេះដូង ជាតិអាល់កុលមិនប៉ះពាល់លើជាតិថ្នាំដែលអ្នកទទួលទានទេ ប៉ុន្តែប្រសិនបើអ្នកមិនមានជំងឺបេះដូងទេ ជាតិអាល់កុលមិនមែនជាជម្រើសត្រឹមត្រូវដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់នោះទេ”។ ការស្រាវជ្រាវខ្លះបានណែនាំការទទួលទានស្រាក្រហមដែលអាចបង្កើន HDL ឬ ជាតិ cholesterol ល្អ ប៉ុន្តែលោក Whiteson បានសម្គាល់ថាការបង្កើននេះមានលក្ខណៈតិចបំផុត។
លោក Whiteson បានបន្តទៀតថា គាត់មិនជំទាស់នឹងការទទួលទានសុរាក្នុងពេលចូលរួមកម្មវិធីអ្វីនោះទេ ប៉ុន្តែវាមិនមែនជាអ្វីដែលយើងគួរទទួលទានក្នុងគំនិតដែលថាវាមានប្រយោជន៍ចំពោះសុខភាពបេះដូង ជាពិសេសចំពោះអ្នកមានជំងឺបេះដូង។ ការពិតទៅ ប្រសិទ្ធភាពរបស់ថ្នាំអាចនឹងបង្អាក់ឬបង្កើនដំណើរការ ដោយសារជាតិអាល់កុល ដែលពេលខ្លះអាចឈានទៅដល់ការមានគ្រោះថ្នាក់។ ថ្នាំផ្សំពីរុក្ខជាតិមួយចំនួនក៏អាចប៉ះពាល់ដល់ថ្នាំព្យាបាលជំងឺបេះដូងដែរ។ ការទទួលទានជាតិអាល់កុលច្រើនពេកអាចនាំឱ្យមានសម្ពាធឈាមខ្ពស់ឬបង្កើនកម្រិតឈាមនៃ triglyceride ដែលជាប្រភេទខ្លាញ់ម្យ៉ាង។
សម្គាល់:សមាគមជំងឺបេះដូងអាមេរិក( The American Heart Association (AHA) )ណែនាំអ្នកដែលមានសុខភាពល្អដែលចូលចិត្តពិសារសុរាគួរតែពិសារក្នុងកម្រិតល្មម ដែលមានន័យថា បុរសគួរពិសារត្រឹម ១ ឬ ២ កែវ និង ស្ត្រី គួរពិសារត្រឹម ១ កែវ ក្នុង ១ ថ្ងៃ។ AHA កំណត់ ១ កែវ ស្មើនឹង ស្រាបៀរ ១២ ounce(មួយកំប៉ុង), ស្រាទំពាំងបាយជូរ ១០០ml, ស្រា ដែលមានជាតិអាល់កុល ៨០% ៤២ml , ឬ មានជាតិអាល់កុល ១០០% 28 ml។
ជាតិអំបិល
អ្នកជំនាញនិយាយថាការនិយមប្រើប្រាស់សូដ្យូមក្នុងអាហារនៃប្រទេសអាមេរិក បានបំផ្លាញប្រព័ន្ធសរសៃឈាម។ លោក Clyde Yancy និយាយថា “សូដ្យូមបង្ករឱ្យមានការរាំងស្ទះនៃដំណើរឈាម ប្រសិនបើអ្នកមានប្រតិកម្មជាមួយនឹងសូដ្យូម វានឹងធ្វើឱ្យឈាមកើនឡើងដែលបង្ករឱ្យសម្ពាធឈាមឡើងខ្ពស់, គាំងបេះដូង និងជំងឺបេះដូងផ្សេងទៀត”។
របាយការណ៍ពី New England Journal of Medicine បានណែនាំថា ប្រសិនបើប្រជាជនអាមេរិកបន្ថយជាតិអំបិល ៣ ក្រាម ពីអាហារប្រចាំថ្ងៃ នោះចំនួនប្រចាំឆ្នាំនៃករណីថ្មីអាចបន្ថយ ដូចជា ជំងឺបេះដូង (ពី ៦០០០០ ទៅ ១២០០០), stroke (ពី ៣២០០០ ទៅ ៦៦០០០), គាំងបេះដូង (ពី ៥៤០០០ ទៅ ៩៩០០០) និងបន្ថយអត្រាការស្លាប់ពីករណីនានា (ពី ៤៤០០០ ទៅ ៩២០០០)។ អ្នកសរសេររបាយកាណ៍នេះបានសម្គាល់ការសិក្សាពីមុនដែលបង្ហាញថា បុរសជនជាតិអាមេរិកពិសារអំបិលជាមធ្យម ១០.៤ ក្រាម ក្នុងមួយថ្ងៃ និង ស្ត្រីជនជាតិអាមេរិកពិសារ ៧.៣ ក្រាម ក្នុងមួយថ្ងៃ។
សម្គាល់៖ The AHA ណែនាំឱ្យជនជាតិអាមេរិកកំណត់ការពិសារអំបិលត្រឹម ១.៥ ក្រាម ក្នុងមួយថ្ងៃ។ សូមប្រយ័ត្ន៖ សូដ្យូមមកពីប្រភពមួយចំនួន ហើយយើងមិនអាចបន្ទោសក្រឡអំបិលដែលមានលើតុរបស់យើងឡើយ។ ការស្រាវជ្រាវណែនាំឱ្យពិសារអាហារចម្អិន (processed foods) ឱ្យបានយ៉ាងតិច ៨០ ភាគរយ។
ជាតិស្ករ
The AHA និយាយថា ជាតិស្ករក៏អាចជាកង្វល់ដូចជាតិអំបិលដែរ។ ជាតិស្ករច្រើនមានក្នុងអាហារចម្អិននៃជនជាតិអាមេរិក និងភេសជ្ជៈ ដូចជា ទឹកសូដា, ទឹកផ្លែឈើ, និងទឹកសំរាប់អ្នកកីឡា។ ជាតិស្ករក្នុងទឹកក្រូច ១ កំប៉ុង មានប្រហែល ៨ ស្លាបព្រាកាហ្វេ ឬ ៣៣ ក្រាម ដែលប្រហែលនឹង ១៣០ កាឡូរី។ (ស្ករ ១ ក្រាម ស្មើនឹង ៤ កាឡូរី)។
ការពិសារទឹកក្រូច ១ កំប៉ុង អាចធ្វើឱ្យអ្នកទទួលជាតិស្ករលើសពីកម្រិតណែនាំរបស់ AHA ដែលជនជាតិអាមេរិកគួរពិសារ។ កង្វល់ធំបំផុតនោះគឺចំនួនកាឡូរីដែលលើស អាចធ្វើឱ្យ metabolic ប្រែប្រួលដែលធ្វើឱ្យឱកាសនៃការរីកលូតលាស់នៃជំងឺកើនឡើង។
សម្គាល់៖ តាមការណែនាំរបស់ AHA ស្ត្រីមិនគួរពិសារស្ករច្រើនជាង ១០០ កាឡូរី ទេក្នុងមួយថ្ងៃ និង ១៥០ ក្រាម ចំពោះបុរស។
ចង្វាក់បេះដូង (Resting heart rate)
តើបេះដូងរបស់អ្នកត្រូវធ្វើការហត់កម្រិតណានិងលោតលឿនកម្រិតណា ដើម្បីស្រូបយកអុកស៊ីហ្សែនផ្តល់ទៅឈាមក្នុងរាងកាយ? មានការណែនាំថាប្រព័ន្ធសរសៃឈាមមានសមត្ថភាពក្នុងការស្រូបយកនេះ។
ក្នុងខណៈដែលការស្រាវជ្រាវកំពុងតែបង្រួមលើអ្វីដែលអត្រាចង្វាក់បេះដូងមានឥទ្ធិពលលើគ្រោះថ្នាក់នៃជំងឺបេះដូង មានរូបភាពមួយបាននឹងកំពុងតែកើតឡើង។ លោក Whiteson និយាយថា “វាជាភស្តុតាងជាក់លាក់មួយដើម្បីគាំទ្រគំនិតថាអត្រាចង្វាក់បេះដូងមានទាក់ទងទៅនឹងជំងឺបេះដូង ជាពិសេសជំងឺកង្វះឈាមចិញ្ចឹមបេះដូង( ischemic (ischemic heart disease) ដែលទាក់ទងនឹងការបន្ថយនៃលំហូរឈាម (និងអុកស៊ីហ្សែន) ដែលចូលក្នុងសរសៃឈាមបេះដូងនិងសាច់ដុំបេះដូង។ ឥទ្ធិពលនេះហាក់មានប្រសិទ្ធភាពលើស្ត្រីជាងបុរស ប៉ុន្តែក្នុងពត៌មាន Journal of Epidemiology and Community Health បានណែនាំចំពោះស្ត្រីរហូតដល់អាយុ ៧០ ឆ្នាំថា កាកើនឡើងនៃចង្វាក់បេះដូង ១០ ដង ក្នុងមួយនាទី អាចបង្កើនគ្រោះថ្នាក់នៃការស្លាប់ដោយសារ ជំងឺកង្វះឈាមចិញ្ចឹមបេះដូង ១៨ ភាគរយ។ ចំពោះបុរស គ្រោះថ្នាក់នឹងកើនឡើង ១០ ភាគរយ ចំពោះការកើនឡើង ១០ ដង ក្នុងមួយនាទី ហើយអាយុមិនមានឥទ្ធិពលលើគ្រោះថ្នាក់នេះទេ។ ការសិក្សាក៏បានរកឃើញថា ស្ត្រីដែលធ្វើលំហាត់ប្រាណច្រើន អាចបន្ថយគ្រោះថ្នាក់នៃការស្លាប់បាន បើប្រៀបធៀបជាមួយនឹងស្ត្រីដែលធ្វើលំហាត់ប្រាណតិចឬមិនធ្វើសោះ។ ប្រសិទ្ធភាពនេះមិនមានចំពោះបុរសទេ ប៉ុន្តែអ្នកស្រាវជ្រាវបានណែនាំថាលទ្ធផលអាចមានការលំអៀងដោយសារបុរសបានឱ្យតម្លៃខ្ពស់ពេកសំរាប់ការធ្វើលំហាត់ប្រាណដែលពួកគាត់ធ្វើ។
សម្គាល់៖ ចង្វាក់បេះដូងធម្មតាគឺចន្លោះពី ៦០ ទៅ ១០០ ដង ក្នុងមួយនាទី។ ពិនិត្យចង្វាក់បេះដូងរបស់អ្នកដោយរកជីពចរនៅកដៃ ហើយរាប់ចង្វាក់ ក្នុងរយៈពេល ១៥ វិនាទី បន្ទាប់មកគុណនឹង ៤។
ចំនួនម៉ោងគេងក្នុងមួយយប់
ភស្តុតាងកំពុងតែបង្កើតឡើងដើម្បីបង្ហាញថា ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែមានឥទ្ធិពលលើថ្ងៃបន្ទាប់នោះទេ ប៉ុន្តែវាមានជាប់ទាក់ទងទៅនឹងបេះដូងក្នុងរយៈពេលយូរ។ ការគេងដោយអត់ដង្ហើម (sleep apnea) ដែលជាការរំខានជាច្រើនក្នុងការដកដង្ហើមពេលកំពុងគេង មានទាក់ទងទៅនឹងជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល( stroke) និង ជំងឺបេះដូង-សរសៃឈាម។
ការសិក្សាពី Journal of the American Medical Association បានបង្ហាញថា មនុស្សវ័យកណ្តាលដែលគេងបានតែ ៥ ម៉ោង ឬតិចជាងនេះ មានគ្រោះថ្នាក់ខ្លាំងនៃការរីកលូតលាស់នៃជំងឺសរសៃឈាមបេះដូង ច្រើនជាងអ្នកដែលគេងបាន ៨ ម៉ោង។
សម្គាល់៖ គេងឱ្យបាន ៨ ម៉ោងក្នុងមួយយប់។
ការធ្វើលំហាត់ប្រាណ
អ្នកធ្លាប់លឺជាច្រើនពាន់ដងមកហើយ ហើយវានៅតែដដែល។ ការហាត់ប្រាណទៀងទាត់ផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក ជាពិសេសសំរាប់សុខភាពសរសៃឈាម។
សម្គាល់៖ សំរាប់សុខភាពល្អ សមាគមសុខភាព (រួមទាំង AHA និង American College of Sports Medicine) បានណែនាំថា ការហាត់ប្រាណ ១៥០ នាទីក្នុងមួយសប្តាហ៍ អាចជួយអត្រាចង្វាក់បេះដូង។ វាស្មើនឹងការហាត់ប្រាណ ៣០ នាទី រយៈពេល ៥ ថ្ងៃ ក្នុងមួយសប្តាហ៍។
ការរួមភេទ
ករណីមួយនេះអាចធ្វើឱ្យអ្នកចាប់អារម្មណ៍។ វាមានការសិក្សាដែលគាំទ្រវា, ឧទាហរណ៍៖ អ្នកមានបញ្ហាជាមួយបញ្ហាលិង្គមិនរឹង គឺជាកត្តាគ្រោះថ្នាក់នៃជំងឺបេះដូង។ វាមានទាក់ទងនឹងលំហូរឈាម មិនមែនត្រឹមតែក្នុងសរសៃឈាមដែលផ្គត់ផ្គង់ទៅបេះដូងនោះទេ គឺទាំងសរសៃឈាមដែលផ្គត់ផ្គង់លិង្គផងដែរ។ ពេលខ្លះបញ្ហានេះគឺជាសញ្ញានៃជំងឺបេះដូង។
លោក Whiteson ក៏បានលើកឡើងពីការសិក្សាមួយដែលផ្សាយក្នុង American Journal of Cardiology ដែលរកឃើញថាបុរសដែលរួមភេទតិចក៏អាចស្ថិតក្នុងគ្រោះថ្នាក់នៃជំងឺនៃសរសៃឈាមបេះដូងដែរ។ តាមការពិតទៅ បុរសដែលរួមភេទម្តងឬតិចជាងម្តងក្នុងមួយខែ មាន ៤៥ ភាគរយ ដែលអាចកើតជំងឺបេះដូងច្រើនជាងអ្នកដែលរួមភេទយ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍។
សម្គាល់៖ តើវាអាចមានន័យថាការរួមភេទអាចជួយសុខភាពបេះដូងឬទេ? វាមិនមែនយ៉ាងដូច្នោះទេ។ លោក Whiteson និយាយថា វាមានការពិបាកក្នុងការបកស្រាយការរកឃើញនេះណាស់។ អ្នកដែលមានសុខភាពមិនល្អមិនត្រូវបានលើកទឹកចិត្តឱ្យរួមភេទនោះទេ ព្រោះពួកគាត់មានអារម្មណ៍មិនល្អ, មានតម្រេកទាប, ឬមានភាពក្រៀមក្រំផ្លូវចិត្ត។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ដោយសារការដល់ទីបំផុតនៃតម្រេកជួយបន្ថយអរម៉ូននៃភាពតានតឹង ដូច្នេះសកម្មភាពរួមភេទអាចជាផលល្អចំពោះប្រព័ន្ធសរសៃប្រសាទដែលគ្រប់គ្រងអត្រាដង្ហើមនិងសម្ពាធឈាម។
បារី
ការសិក្សាឆ្នាំ ២០០៩ នៃ Norwegians បានរកឃើញថាអ្នកញៀនបារី (អ្នកជក់បារីយ៉ាងតិច ២០ ដើម ក្នុងមួយថ្ងៃ) មានអត្រាស្លាប់ ច្រើនជាងអ្នកមិនជក់បារី ២.៥ ដង។ ប៉ុន្តែគ្រោះថ្នាក់នៃសរសៃឈាមបេះដូងទាក់ទងនឹងការជក់បារីមិនបានរកឃើញនោះទេ។
ពត៌មានខុសគ្នាបន្តិចបន្តួចដែលមិនច្បាស់លាស់គឺគ្រោះថ្នាក់នៃអ្នកជក់បារីមិនទៀងទាត់។ ទោះជាការប៉ះនឹងផ្សែងបារី ១០ នាទី ក៏អាចប៉ះពាល់នឹងតួនាទីនៃសរសៃឈាមបេះដូងដែរ។ គ្រាន់តែអ្នកមិនជក់បារី ១ កញ្ចប់ ក្នុងមួយថ្ងៃឬក្នុងមួយសប្តាហ៍ ក៏មិនប្រាកដថាអ្នកអាចជៀសពីវាបានដែរ។ លោក Yancy និយាយថា “មិនមានកម្រិតនៃការប៉ះពាល់ណាដែលមានសុវត្ថិភាពនោះទេ”។
សម្គាល់៖ ដើម្បីប្រឆាំងនឹងជំងឺបេះដូង ( មហារីក, ជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល, និងបញ្ហាបង្ករកំណើត) អ្នកមិនត្រូវជក់បារីនោះទេ។
ជាតិស្ករក្នុងឈាម
កម្រិតជាតិស្ករក្នុងឈាមមានទាក់ទងនឹងជំងឺទឹកនោមផ្អែម ដែលអាចបំផ្លាញសរសៃប្រសាទនិងសរសៃឈាម។ វាអាចធ្វើឱ្យមានខ្លាញ់ក្នុងតាមជញ្ជាំងសរសៃឈាម (blood vessel walls) ដែលអាចរារាំងឈាមហូរនិងធ្វើឱ្យមានជំងឺនៃសរសៃឈាម។ ការមានជំងឺទឹកនោមផ្អែមធ្វើឱ្យកើនឡើងនៃគ្រោះថ្នាក់ជំងឺបេះដូង-srsSQam។ ៧៥ ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមបានស្លាប់ដោយជំងឺបេះដូង-សរសៃឈាម។
សមត្ថភារាងកាយប្រើប្រាស់គ្លុយកូស (ជាតិស្ករក្នុងឈាម) ប្រក្រតីឬអត់នោះ អាចពិនិត្យដោយការពិនិត្យឈាម ដែលជាការបូមយកឈាមមកពិនិត្យជាតិគ្លុយកូស ឬដោយការពិនិត្យ hemoglobin A1C ដែលជាការវាស់ជាតិគ្លុយកូសរួមក្នុងរយៈពេល ៣ ខែមុន។ លោក Whiteson និយាយថា “មានទិន្នន័យដែលណែនាំថា ការថយចុះនៃ hemoglobin A1C មួយភាគរយ នឹងធ្វើឱ្យមានការថយចុះនៃគ្រោះថ្នាក់ជំងឺបេះដូងនិងសរសៃបេះដូង”។
សម្គាល់៖ អ្នកកាន់តែគ្រប់គ្រងកម្រិតជាតិស្ករ កាន់តែល្អ។ កម្រិតទូទៅសំរាប់ការពិនិត្យគ្លុយកូសក្នុងឈាម គឺទាបជាង ១០០ មីលីក្រាម ក្នុង មួយ ដេស៊ីលីត្រ។ កម្រិតចន្លោះពី ១០០ ទៅ ១២៥ mg/dL នឹងចាត់ទុកថាជា prediabetes (ត្រៀមទឹកនោមផ្អែម), ចំណែកកម្រិតចាប់ពី ១២៦ mg/dL ឡើងទៅ នឹងចាត់ទុកជាជំងឺទឹកនោមផ្អែម។ កម្រិតនៃ hemoglobin A1C ទូទៅគឺនៅក្រោម ៦ ភាគរយ ហើយអ្នកដែលមានជំងឺទឹកនោមផ្អែកត្រូវរក្សាឱ្យនៅក្រោម ៧ ភាគរយ។
ទំហំចង្កេះ (Waist circumference)
ខណៈដែលមិនមែនជាការកំណត់ផ្ទាល់នៃជំងឺបេះដូង ប៉ុន្តែទំហំចង្កេះកើនឡើតរួមផ្សំនឹងការកើនឡើងនៃសម្ពាធឈាមខ្ពស់, cholesterol ខ្ពស់, និងទឹកនោមផ្អែម អាចប៉ះពាល់ដល់សុខភាពបេះដូង។ ក្បាលពោះកាន់តែធំ កម្រិតប៉ះពាល់កាន់តែខ្លាំង។ ការធាត់លើសទម្ងន់ គឺជាកត្តាគ្រោះថ្នាក់សំរាប់ជំងឺជាច្រើនរូមទាំងជំងឺបេះដូង។
ទំហំចង្កេះបង្ហាញពីជាតិខ្លាញ់ដែលនៅជុំវិញពោះនិងសរីរាង្គសំខាន់ផ្សេងទៀត ដែលការស្រាវជ្រាវបានបង្ហាញថាវាមានគ្រោះថ្នាក់ជាងការដែលមានភ្លៅឬគូថទៅទៀត។ ត្រូវប្រាកដថាអ្នកមានទម្ងន់ដែលត្រឹមត្រូវ។ កម្រិតទំហំចង្កេះដែលត្រឹមត្រូវគឺវាស់ជុំវិញពោះចាប់ពីរន្ធផ្ចិត មិនមែនវាស់ត្រកៀកនោះទេ។
សម្គាល់៖ បុរសគួរមានទំហំចង្កេះតូចជាង ៤០ អ៊ីញ និង ៣៥ អ៊ីញ ចំពោះស្ត្រី។
សន្ទស្សន៍ទម្ងន់សធៀបនឹងកម្ពស់ (Body mass index)
អ្នកមានបញ្ហានឹងទម្ងន់របស់អ្នក ប៉ុន្តែអ្នកត្រូវពិចារណាថាតើអ្នកមានកម្ពស់ប៉ុណ្ណា។ BMI យកតួលេខ ២ មុខ មកគិត។ BMI ដូចនឹងទំហំចង្កេះដែរ វាជាការកំណត់ពីគ្រោះថ្នាក់ដោយប្រយោល ប៉ុន្តែទម្ងន់កាន់តែច្រើនទាក់ទងទៅនឹងគ្រោះថ្នាក់កាន់តែធំ។ ប៉ុន្តែ វាមិនមែនតែងតែត្រឹមត្រូវរហូតនោះទេ។ អ្នកដែលមានស្ថានភាពល្អបំផុតមានសាច់ដុំធំៗក៏អាចមាន BMI ខ្ពស់ដែរ។
ការលើសទម្ងន់ច្រើនទាក់ទងទៅនឹងទឹកនោមផ្អែម, ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល, មហារីកមួយចំនួន, ការគេងមិនដង្ហើម, រោគឈឺគន្លាក់ឆ្អឹង, ជំងឺខ្លាញ់ក្នុងថ្លើម (fatty liver disease), និងបញ្ហាពេលមានគភ៌។
សម្គាល់៖ អ្នកដែលមាន BMI តិចជាង ១៨.៥ គឺស្គមពេក។ BMI ទូទៅគឺចន្លោះពី ១៨.៥ ទៅ ២៤.៩។ អ្នកលើសទម្ងន់គឺគិតពីចន្លោះ ២៥ ទៅ ៣០ ហើយអ្នកដែលមាន BMI លើសពី ៣០ នឹងចាត់ទុកថាធាត់ពេក។
សម្ពាធឈាម
សម្ពាធឈាមមានសារសំខាន់ណាស់ចំពោះសុខភាពបេះដូង។ តាមសម្តីរបស់វិទ្យាស្ថានជាតិនៃបេះដូង, សួត និងឈាម ថា ម្នាក់ក្នុងចំណោម ៣ នាក់នៃជនជាតិអាមេរិក មានសម្ពាធឈាមខ្ពស់។ ពេលដែលពេទ្យរុំក្រណាត់ជុំវិញដៃរបស់អ្នក គាត់កំពុងសិក្សាពីការប្រែប្រួលសម្ពាធតាមចង្វាក់បេះដូងដែលរុញឈាមឱ្យហូរក្នុងរាងកាយ។ បញ្ហាគឺ សម្ពាធឈាមខ្ពស់មិនមានរោគសញ្ញាឱ្យដឹងនោះទេ ដូច្នេះមនុស្សម្នាក់អាចរស់នៅជាមួយនឹងការឡើងឈាមដោយមិនដឹងខ្លួន។ ក្នុងរយៈពេលយូរទៅ សម្ពាធឈាមនោះនឹងបំផ្លាញសរីរាង្គ និងបង្កើនបញ្ហាជាច្រើន។
សកម្មភាពដើម្បីបន្ថយសម្ពាធឈាមមានដូចជា ការប្រើប្រាស់ថ្នាំ ប៉ុន្តែ អាហារនិងលំហាត់ប្រាណ ក៏អាចបន្ថយសម្ពាធឈាមបានដែរ។ របបអាហារ DASH (Dietary Approaches to Stop Hypertension) រួមមាន បន្លែ, ផ្លែឈើ, ត្រី, និងគ្រាប់ធញ្ញជាតិ ប៉ុន្តែមានសាច់និងស្ករតិច, វាបានបង្ហាញថាអាចបន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។ ការស្រាវជ្រាវបានណែនាំថា របបអាហារ DASH នឹងបញ្ចេញភាពប្រឆាំងយ៉ាងខ្លាំងក្លាពេលដែលមនុស្សបន្តការបន្ថយជាតិអំបិល ដែលគេដឹងថាជាភាពកើនឡើងនៃសម្ពាធឈាម។
សម្គាល់៖ លោក Yancy និយាយថា “ចំនួនដែលត្រូវខ្វាយខ្វល់គឺ ១២០ លើ ៨០ ដែលជាការកំណត់នៃសម្ពាធឈាមធម្មតា”។ កម្រិតសម្ពាធឈាមកាន់តែខ្ពស់ជាងកម្រិតនេះ កម្រិតបំផ្លាញកាន់តែខ្លាំងចំពោះប្រព័ន្ធសរសៃឈាម, បេះដូង, និងក្រលៀន។ កម្រិតលើ ១២០/៨០ ប៉ុន្តែក្រោម ១៤០/៩០ ចាត់ទុកថាជា ដំណាក់កាលត្រៀមលើសឈាម(prehypertension), កម្រិតលើសពីនេះ គឺមានន័យថាលើសឈាម។ ស្ថានភាពទាំងពីរនេះត្រូវការការប្រុងប្រយ័ត្ននិងវិធានការដើម្បីធ្វើឱ្យសម្ពាធឈាមវិលមកភាពគ្រប់គ្រងបានវិញ។
កូឡេស្តេរ៉ុល(cholesterol)
កម្រិតនៃ cholesterol គឺជាការវាស់នៃជាតិខ្លាញ់នៅក្នុងសរសៃឈាម។ ការគ្រប់គ្រងកម្រិត cholesterol មិនបាន នឹងធ្វើឱ្យកាន់តែមានគ្រោះថ្នាក់នៃជំងឺបេះដូង-សរសៃឈាម និងដាច់សរសៃឈាមក្នុងខួរក្បាល។ ការកាត់បន្ថយ saturated fat, trans fat, cholesterol និង ជាតិខ្លាញ់សរុប អាចបន្ថយកម្រិតនៃ cholesterol។ លោក Whiteson និយាយថា “ការធ្វើលំហាត់ប្រាណ គឺជាថ្នាំមួយដែលអាចអាចព្យាបាលជំងឺគ្រប់ប្រភេទ។ វាអាចព្យាបាលកត្តាគ្រោះថ្នាក់គ្រប់ប្រភេទនៃជំងឺបេះដូង រួមទាំង សម្រកទម្ងន់, បំបាត់ភាពតានតឹង, បន្ថយសម្ពាធឈាម, និងបន្ថយ cholesterol សរុប, បន្ថយ LDL (cholesterol មិនល្អ), បង្កើន HDL (cholesterol ល្អ), និងបន្ថយ tricglycerides ”។
សម្គាល់៖ កម្រិត cholesterol សរុប របស់អ្នកឱ្យនៅក្រោម ២០០ mg/DL, កម្រិតលើ ២៤០ mg/DL អាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់កើនឡើងពីរដងនៃជំងឺបេះដូង-សរសៃឈាមចំពោះអ្នកធម្មតា។ HDL គួរតែមានកម្រិតលើ ៤០ mg/DL សំរាប់បុរស និង លើ ៥០ mg/DL សម្រាប់ស្ត្រី (ស្ត្រីមាន HDL ខ្ពស់មុននឹងឈប់មានរដូវ), លើ ៦០ mg/DL អាចចាត់ទុកថាល្អសំរាប់បេះដូង។ LDL គួរនៅក្រោម ១០០ mg/DL ទោះបីជា ១២៩ mg/DL គឺកម្រិតដែលគួរឱ្យចង់បានក៏ដោយ។ LDL ខ្ពស់ គឺចាប់ពី ១៦០ mg/DL ឬលើសពីនេះ។ Triglycerides គួរស្ថិតក្រោម ១៥០ mg/D, កម្រិតលើសពី ២០០ mg/DL ចាត់ទុកថាខ្ពស់ពេក។