Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងគិតថាការទទួលទានទឹកកំឡុងពេលនិងភ្លាមៗក្រោយធ្វើលំហាត់ប្រាណ គឺមិនល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកជំនាញជាច្រើនបានឱ្យដឹងថា អ្នកមិនគួរបង្អត់ជាតិទឹកដល់រាងកាយខ្លួនឯងឡើយ ខណៈដែលវាសំខាន់ណាស់ក្នុងការរក្សាឱ្យបាននូវជាតិទឹកគ្រប់គ្រាន់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាដែលអាចកើតឡើងប្រសិនបើអ្នកមិនទទួលទានទឹកឱ្យគ្រប់គ្រាន់ហើយធ្វើលំហាត់ប្រាណ ៖

១. ស្បែកឆាប់ចាស់ជាងវ័យ

ការធ្វើលំហាត់ប្រាណអាចផ្ដល់ផលល្អៗជាច្រើនដល់ស្បែកដោយជួយសម្រួលចរន្តឈាមហូរផ្ដល់ឱ្យស្បែកនូវអុកស៊ីសែន បង្កើនការផលិតកូឡាជែន និងកម្ចាត់ស្នាមជ្រីវជ្រួញ។ ទោះជាយ៉ាងណារាងកាយត្រូវការបរិមាណនៃសារធាតុរាវគ្រប់គ្រប់ដើម្បីជួយឱ្យចរន្តឈាមរត់បានកាន់តែប្រសើរ។

២. អ្នកបាត់បង់ជាតិទឹកមិនមែនខ្លាញ់ទេ

ភាគច្រើននៃពួកយើងគិតថា ប្រសិនបើមិនទទួលទានទឹកកំឡុងពេលធ្វើលំហាត់ប្រាណទេ នោះពួកគេអាចនឹងស្រកទម្ងន់បានកាន់តែឆាប់រហ័ស។ ពិតណាស់អ្នកអាចនឹងឃើញថា គីឡូថយចុះជាងមុននៅពេលថ្លឹងក្រោយធ្វើលំហាត់ប្រាណ ប៉ុន្តែអ្វីដែលបាត់បង់នោះមិនមែនខ្លាញ់ឡើយ គឺទឹក។ ភ្លាមៗក្រោយពេលអ្នកទទួលទានទឹក អ្នកនឹងសម្គាល់ឃើញភាពប្រែប្រួលនៃទម្ងន់លើជញ្ជីងវិញ។ ប​ន្ថែមពីនេះកង្វះជាតិទឹកមិនអនុញ្ញាតឱ្យរាងកាយអាចដុតបំផ្លាញកោសិកាខ្លាញ់បានយ៉ាងប្រសិទ្ធភាពឡើយ។

៣. ជាតិពុលមិនត្រូវបានកម្ចាត់ចេញពីរាងកាយ

កំឡុងពេលធ្វើលំហាត់ប្រាណ រាងកាយកម្ចាត់ជាតិពុលតាមរយៈពេលស្បែកដោយការបែកញើស។ ប៉ុន្តែប្រសិនបើអ្នកមិនផ្ដល់ឱ្យរាងកាយនូវជាតិទឹកគ្រប់គ្រាន់ទេ នោះការបែកញើសនឹងមិនខ្លាំងក្លាឡើយដែលធ្វើឱ្យជាតិពុលភាគច្រើនស្ថិតក្នុងរាងកាយដដែល។

៤. ប្រសិទ្ធភាពនៃការធ្វើលំហាត់ប្រាណថយចុះ

ការខ្សោះជាតិទឹកក្នុងរាងកាយអាចជះផលប៉ះពាល់អវិជ្ជមានគួរឱ្យកត់សម្គាល់លើប្រសិទ្ធភាពនៃការធ្វើលំហាត់ប្រាណ។ ប្រសិនបើអ្នកបាក់បង់ជាតិទឹក ឬសារធាតុរាវ ៥ភាគរយ ប្រសិទ្ធភាពនៃការធ្វើលំហាត់ប្រាណរបស់អ្នកនឹងត្រូវបានថយចុះដល់ទៅ ៣០ភាគរយ។ ប្រសិនបើអ្នកបាត់បង់ជាតិទឹក ឬសារធាតុរាវ ២ភាគរយ នោះមានន័យថាអ្នកមិនអនុញ្ញាតឱ្យរាងកាយដុតបំផ្លាញខ្លាញ ឬលូតលាស់សាច់ដុំបានប្រសើរឡើយ។

៥. អ្នកចាប់ផ្ដើមជួបប្រទះអាការៈឈឺសាច់ដុំ

ការឈឺចាប់សាច់ដុំនឹងកើតឡើងក្រោយពេលធ្វើលំហាត់ប្រាណ។ ប៉ុន្តែប្រសិនបើអ្នកមិនទទួលទឹកឱ្យបានច្រើនគ្រប់គ្រាន់ទេ នោះការឈឺចាប់សាច់ដុំនឹងយូរបាត់ទៅវិញ។ ការឈឺចាប់បែប Microtraumas ដែលកើតឡើងកំឡុងពេលធ្វើលំហាត់ប្រាណអាចត្រូវបានជាសះស្បើយ លុះត្រាតែសសៃសាច់ដុំទទួលបានប្រូតេអ៊ីននិងកាបូអ៊ីដ្រាត។ ហើយវាអាចទៅរួចលុះត្រាតែរាងកាយមានផ្ទុកជាតិទឹកគ្រប់គ្រាន់។

៦. ចង្វាក់បេះដូងលោតញាប់

ប្រសិនបើអ្នកមិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ទេនោះ ឈាមរបស់អ្នកនឹងប្រែជាខាប់ ហើយសសៃឈាមរួមតូចដើម្បីសន្សំបរិមាណទឹកដែលមានកម្រិត។ ជាលទ្ធផលបេះដូងនឹងធ្វើការខ្លាំងជាងមុនដោយសារបេះដូងព្យាយាមច្របាច់រុញច្រានលំហូរឈាមដែលក្រាស់តាមរយៈសសៃឈាមដែលរួមតូច។ នេះជាមូលហេតុដែលនាំឱ្យបេះដូងលោតញាប់ខ្លាំង, ដកដង្ហើមបានខ្លីៗ និងសម្ពាធឈាមឡើងខ្ពស់។

៧. ការហើមកើតឡើង

វាពិបាកនឹងជឿ ប៉ុន្តែប្រសិនបើអ្នកមិនទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់កំឡុងពេលធ្វើលំហាត់ប្រាណទេ នោះការហើមនឹងអាចលេចឡើង។ រាងកាយមានអារម្មណ៍ថាបាត់បង់ជាតិទឹក ឬសារធាតុរាវនិងព្យាយាមសន្សំវា។ ជាលទ្ធផលការហើមនិងដកខ្មៅក្រោមភ្នែកប្រាកដជាលេចឡើង៕