Join with Health.com.kh on Telegram

​ឪពុក​ម្តាយ​គ្រប់រូប​នឹង​ប្រាប់​អ្នក​ថា កន្សែង​សើម​សម្រាប់​ជូត​ទារក​គឺជា​របស់​ដ៏​សំខាន់​បំផុត​សម្រាប់​ពួកគេ​។ វា​មិន​ត្រឹមតែ​ជា​របស់​ដ៏​មាន​ប្រយោជន៍​ក្នុង​ការប្តូរ​ខោ​ទឹកនោម​គេ​ទេ តែ​ម្តាយ​ភាគច្រើន​តែងតែ​យក​វា​ដើម្បី​សម្អាត​អ្វី​ផ្សេងៗ​ទៀត ដូចជា​ជូត ម្រាមដៃ ឬ​មុខ​ដែល​ស្អិត​ផ្សេងៗ​ទៀត​។

​យ៉ាងណាមិញ អ្នក​ប្រហែលជា​គួរ​គិត​ឡើងវិញ​អំពី​សុវត្ថិភាព​នៃ​ផលិតផល​មួយ​នេះ​។ ខណៈពេល​ដែល​អ្នក​គិតថា មិន​អាច​ខ្វះ​របស់​នេះ​បាន យក​ល្អ​គួរតែ​យល់ថា ការប្រើ​កន្សែង​សើម​ជូត​ទារក​ញឹកញាប់​ពេក​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដល់​ពួកគេ​បាន​។

សាស្ត្រាចារ្យ​រង​ផ្នែក​រោគ​សើ​ស្បែក និង​រោគ​កុមារ Mary Wu Chang មកពី​សាកលវិទ្យាល័យ Connecticut School of Medicine បាន​រកឃើញ​នូវ​គ្រោះថ្នាក់​យ៉ាង​អាថ៌កំបាំង​នៃ​ការប្រើ​កន្សែង​សើម​ជូត​ទារក​ជា​ប្រចាំ​ថ្ងៃ​។ ក្នុង​ការស្រាវជ្រាវ​របស់គាត់ រកឃើញថា មាន​បញ្ហា​កន្ទួល​រមាស់​ច្រើន​ប្រភេទ (​និង​ប្រតិកម្ម​ផ្សេងៗ​) លើ​កុមារ​ដែល​កំពុងតែ​ប្រើប្រាស់​កន្សែង​សើម​ជូត​ស្បែក ដែល​រឿង​នេះ​មិន​បង្ក​ឡើង​ដោយ​អាកា​រៈអាឡែ​ហ្ស៊ី​ទេ​។

គាត់​បាន​រកឃើញថា ដើមហេតុ​ដែល​នាំឲ្យមាន​បញ្ហា​នេះ ដោយសារ​តែ​សារធាតុ​ក្នុង​កន្សែង​សើម​នោះ​ឈ្មោះ​ថា Methylisothiazolinone (MI) ដែល​វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក និង​ផលិតផល​ថែរក្សា​ក្នុងផ្ទះ​ជាដើម​ដូចជា សាប៊ូកកសក់ សាប៊ូដុំ និង​ថ្នាំលាប​ផ្ទះ​តែ​ម្តង​។
​ក្រៅពីនេះ ផលិតផល​កន្សែង​សើម​ជូត​ទារក​ភាគច្រើន​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ Methylchloroisothiazolinone ឬ MCI ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញថា កាលណា MI និង MCI នេះ​ប្រើ​រួមគ្នា វា​គឺជា​មូលហេតុ​ច្បាស់លាស់​មួយ​នាំឲ្យ​មាន​ប្រតិកម្ម​ស្បែក​។

បើសិន​ជា​អ្នក​មិនអាច​ចៀ​សបាន​ពី​ការប្រើ​កន្សែង​សើម​ទេ ចូរ​យកចិត្តទុកដាក់​ទៅលើ​គ្រឿងផ្សំ​នៃ​ផលិតផល​នេះ​ផង​ទៅ​។ ចូរ​ជ្រើសរើស​ផលិតផល​ដែល​មាន​សារធាតុ ខាងលើ​តិច​បំផុត និង​សង្កេតមើល​ប្រតិកម្ម​របស់​ស្បែក​ចំពោះ​កន្សែង​សើម​នេះ​ផង​។ បើសិនជា​អាច គួរតែ​ឧស្សាហ៍​ផ្លាស់ប្តូរ​ផលិតផល​នេះ​ឲ្យបាន​ច្រើន​បើសិនជា​ជួប​បញ្ហា​ប្រតិកម្ម​ស្បែក​៕