​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម អាច​បាត់បង់​ចំណង់​អាហារ​ដោយ​ហេតុផល​មួយចំនួន តែ​មិនមែន​អ្នកជំងឺ​នេះ​ទាំងអស់​សុទ្ធតែ​កើតមាន​អា​ការៈបាត់បង់​ចំណង់​អាហារ​នោះទេ​។ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​បាត់បង់​ចំណង់​អាហារ អាច​បណ្តាលមកពី​បញ្ហា​ដូចខាងក្រោម​៖

.​ជំងឺ​ក្រពះ​៖ ជំងឺ​នេះ​កើតឡើង​នៅពេល​អាហារ​នៅក្នុង​ក្រពះ​យូរ ដោយសារតែ​ប្រព័ន្ធ​ប្រសាទ​ដែល​តែងតែ​ជួយ​កន្ត្រាក់​សាច់ដុំ​ដើម្បី​រុញ​អាហារ​ឲ្យ​ទៅ​ពោះវៀន​ខូចខាត​។ អ្នកជំងឺ​ទឹកនោមផ្អែម ច្រើនតែ​ប្រឈម​នឹង​បញ្ហា​ក្រពះ​នេះ​។

.​ជំងឺ​បាក់​ទឹកចិត្ត​៖ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម មាន​ហានិភ័យ​ខ្ពស់​កើតមាន​ជំងឺ​បាក់​ទឹកចិត្ត ដោយសារ​អ្នកជំងឺ​ច្រើន​កើតមាន​អារម្មណ៍​ស្ត្រេ​ស ដែល​បង្ក​ឲ​អ្នកជំងឺ​បាត់បង់​ចំណង់​អាហារ​។

.​ការប្រើ​ថ្នាំ​៖ ថ្នាំ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ជួយ​អ្នកជំងឺ​ឲ្យ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​ក៏​អាចធ្វើ​ឲ្យ​អ្នកជំងឺ​បាត់បង់​ចំណង់​អាហារ​ដែរ​។ ថ្នាំ​ផ្សេងទៀត ក៏​អាច​ឲ​ជំងឺ​ទឹកនោមផ្អែម​បាត់បង់​ចំណីអាហារ​ដែរ​។​

.​ឈឺ​ឫ​គ្រុន​៖ អ្នកជំងឺ​ទឹកនោមផ្អែម​ក៏​អាច​កើត​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយធំ​ដែរ ដែល​អាច​រំខាន​ដល់​ចំណង់​អាហារ​។

.​ការគ្រប់គ្រង​ជំងឺ​មិនបាន​ល្អ​៖ ការគ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បានល្អ បង្ក​ឲ្យ​ជាតិ​ស្ករ​ឡើង​ជាប់​ជាប្រចាំ ក៏​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ទឹកនោមផ្អែម​បាត់បង់​ចំណង់​អាហារ​ដែរ​៕​