ខាងក្រោមវេបសាយសុខភាព health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យចាប់អារម្មណ៍នៃការមិនងូតទឹកញឹកញាប់ចំពោះរាងកាយ ៖

១. ការមិនងូតទឹកធ្វើឲ្យសក់អ្នកឡើងជាតិប្រេង ហើយសក់ប្រេង គឺល្អសម្រាប់ស្បែកក្បាល

ពិតណាស់! ការបំផ្លាញនឹងត្រូវបានកាត់បន្ថយ ហើយសក់ក៏រក្សាបាននូវភាពរឹងមាំ ប្រសិនបើអ្នកមិនប្រើប្រាស់ផលិតផល និងឧបករណ៍ធ្វើស្ទាយសក់ផ្សេងៗប៉ះពាល់សក់ញឹកញាប់។ គួរចាំទុកក្នុងចិត្តផងដែរថា ការកក់សក់ញឹកញាប់នឹងធ្វើឲ្យសក់បាត់បង់នូវជាតិប្រេងធម្មជាតិដែលត្រូវការចាំបាច់ដើម្បីការពារសុខភាពសក់ ដោយរក្សានូវជាតិសំណើម និងភាពរឹងមាំរបស់វា។

២. អ្នកងូតទឹកកាន់តែតិចដង ពណ៌នៃសក់ គឺរក្សាបាននូវសភាពដើមយូរប៉ុននោះ

សារធាតុរ៉ែដែលមានផ្ទុកក្នុងទឹក គឺអាចធ្វើឲ្យពណ៌នៃសក់ប្រែជាស្រអាប់ ហើយថែមទាំងកាត់បន្ថយភាពរលោងរលាស់ និងមានពន្លឺនៃសក់ទៀតផង។ ការរំលងមិនងូតទឹកដាក់សក់ ឬកក់សក់ប៉ុន្មានដង អាចជួយក្នុងរក្សាពណ៌សក់ឲ្យនៅដដែលបានយូរ។

៣. ងូតទឹកច្រើនពេក ឬយូរពេកអាចធ្វើឲ្យស្បែកស្ងួត

មូលហេតុសំខាន់មួយនៃការងូតទឹក គឺដើម្បីសម្អាតស្បែក ប៉ុន្តែប្រសិនបើអ្នកធ្វើវាជ្រុលពេក នោះផលប៉ះពាល់នឹងកើតឡើងជាក់ជាមិនខាន។ សាប៊ូ និងទឹកមានឥទ្ធិពលជម្រះចោលជាតិសំណើមធម្មជាតិដ៏ល្អនៃស្បែកដែលធ្វើឲ្យស្បែកប្រែជាស្ងួតខ្លាំង ហើយរបក។ ការដុសស្បែកជាប្រចាំ ក៏ធ្វើឲ្យស្រទាប់លើបំផុតនៃស្បែកទទួលរងការខូចខាត ហើយការងូតទឹកញឹកញាប់មិនអាចផ្ដល់ពេលគ្រប់គ្រាន់ឲ្យស្បែកព្យាបាលខ្លួនឯងតាមរយៈការផលិតជាតិប្រេងធម្មជាតិបានឡើយ។

៤. ជឿ ឬអត់ អ្នកអាចរស់នៅបានធម្មតា ដោយគ្រាន់តែងូតទឹកត្រឹមម្ដង ឬ ពីរដង ក្នុងមួយសប្តាហ៍

ការងូតទឹកតិចដងជួយក្នុងការរក្សាបាននូវចំនួនបាក់តេរីល្អៗដែលមានលើស្បែក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។

៥. ការងូតទឹកច្រើនដង ឬងូតទឹកយូរ អាចជាប្រភពដ៏ធំមួយនៃការខ្ជះខ្ជាយ

សាកស្រមៃទៅមើលថាតើអ្នកអាចប្រើប្រាស់ធ្វើអ្វីបានច្រើនទៀតជំនួសឲ្យការងូតទឹកយូរដល់ទៅជាងមួយម៉ោង? ការងូតទឹកតិចមិនត្រឹមតែជួយកាត់បន្ថយថ្លៃទឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសន្សំពេលវេលាឲ្យអ្នកបានធ្វើអ្វីផ្សេងដូចជាអានសៀវភៅ ឬគេងសម្រាក់យកកម្លាំងបានខ្លះបន្ថែម, បោកសម្លៀកបំពាក់, ដើរផ្សារទិញអីវ៉ាន់ និងអាចធ្វើអ្វីច្រើនផ្សេងទៀត!

ដូច្នេះហើយដើម្បីជាការប្រសើរជៀសផុតពីបញ្ហាស្បែក និងសក់ផ្សេងៗ health.com.kh សូមណែនាំឲ្យអ្នកឈប់ងូតទឹកញឹកញាប់ពេក ប្រសិនបើអ្នកមិនបានធ្វើសកម្មភាពរាងកាយអ្វីខ្លាំងក្លាបែកញើសច្រើន ឬប្រឡាក់កខ្វក់អ្វីទេ ហើយការងូតទឹកយូរៗក៏ផ្ដល់ផលប៉ះពាល់ដូចគ្នា។ គ្រូពេទ្យជំនាញខាងសើស្បែកណែនាំឲ្យអ្នកកំណត់ពេលវេលាងូតទឹក គឺ ១០ នាទី រៀងរាល់ ២ ទៅ ៣ ថ្ងៃ ម្ដង និងងូតទឹកដែលក្ដៅឧណ្ហៗ៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង