តើអ្នកដឹងទេថា ផ្លែប៉ោម មិនត្រឹមតែមានពណ៌ស្រស់ស្អាតនោះទេ ប៉ុន្តែ វាមានសារៈប្រយោជន៍ជាច្រើន ចំពោះសុខភាពទៀតផង? បន្លែ និងផ្លែឈើពណ៌ក្រហមភាគច្រើន អាចការពារអ្នក ពីជំងឺកាចសាហាវនានា ហើយអ្នកមិនចាំបាច់ ជួបគ្រូពេទ្យញឹកញាប់ពេកទេ ពេលទទួលទានវា រៀងរាល់ថ្ងៃនោះ។
ផ្លែប៉ោមក្រហម
ការទទួលទានផ្លែប៉ោមក្រហម មួយផ្លែក្នុងមួយថ្ងៃ អាចជួយការពារអ្នក ពីជំងឺផ្សេងៗ ដោយសារតែ សារធាតុមានជាតិសរសៃ អង់ទីអុកស៊ីដង់ និង flavonoids។ ផ្លែប៉ោម អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម និងការពារជំងឺមហារីកសួត ក្រពះពោះវៀន និងថ្លើមទៀតផង។ វាក៏អាចជួយបញ្ចុះ កូឡេសស្តេរ៉ុលអាក្រក់ សម្រកទម្ងន់ និងសម្អាតធ្មេញឲ្យសស្អាតល្អ។
ប៉េងប៉ោះ
ប៉េងប៉ោះ ជាប្រភពដ៏អស្ចារ្យនៃវីតាមីន C, E, K ប៊ីយ៉ោទីន molybdenum ប៉ូតាស្យូម ជាតិដែក និងម៉ង់កាណែស។ អង់ទីអុកស៊ីដង់ ដែលមានឈ្មោះថា lycopene អាចជួយប្រឆាំងនឹងជំងឺមហារីក និងភាពចាស់ជរាទៀតផង។
ផ្លែទទឹម
ផ្លែឈើប្រភេទនេះ មានសារធាតុ flavonoids, polyphenols និងអង់ទីអុកស៊ីដង់ច្រើន ដើម្បីប្រឆាំង និងការពារជំងឺបេះដូង ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ជំងឺមហារីក និងបញ្ហាសុខភាពផ្លូវភេទបុរស។
ទំពាំងបាយជូរក្រហម
ក្រៅពីស្រស់ស្អាត ទំពាំងបាយជូរក្រហម មានផ្ទុកនូវសារធាតុ flavonoids ហ្វូឡាត កាល់ស្យូម ជាតិដែក និងផូស្វ័រ។ ទំពាំងបាយជូរក្រហម ក៏មានអង់ទីអុកស៊ីដង់ដែរ (resveratrol) ដែលវាអាចការពារ និងទប់ស្កាត់ការចាស់ជរា និងជំនួយសុខភាពស្បែកផងដែរ។
ឈើរី
ឈើរី ជាប្រភពដ៏អស្ចារ្យនៃអង់ទីអុកស៊ីដង់ (anthocyanin)។ វាអាចការពារប្រឆាំងនឹង ជំងឺរលាកសន្លាក់ហ្កោត ជំងឺសរសៃឈាមអាកទែ ជំងឺមហារីក និងជំងឺទឹកនោមផ្អែម៕